ប្រតិភូអង្គការCambodian People Care and Learning មកពីសហរដ្ឋអាមេរិក មកសិក្សាស្វែងយល់ពីតួនាទីភារកិច្ចរបស់រដ្ឋសភាកម្ពុជា
ភ្នំពេញ៖ ប្រតិភូមកពីសហរដ្ឋអាមេរិក ចំនួនប្រមាណ៣០នាក់ ដឹកនាំដោយ លោក Travis Johnson នាយកប្រតិបត្តិ នៃអង្គការ Cambodian People Care and Learning បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។
លោក កែប ជុតិមា សមាជិគណៈកម្មការទី៩ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងលោក ប៉ែន ប្រាកដ អគ្គនាយករងនីតិកម្ម និងស្រាវជ្រាវ នៃអគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ បានទទួលស្វាគមន៍ និងធ្វើបទបង្ហាញសង្ខេប ស្តីពីប្រវត្តិរបស់រដ្ឋសភា រចនាសម្ព័ន្ធ និងតួនាទីភារកិច្ចរបស់រដ្ឋសភា ព្រមទាំងសេវាសំខាន់ ដែលអគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្ដល់ជូនដល់ថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភា ក្នុងការបំពេញការងារផងដែរ។
លោក Travis Johnson នាយកប្រតិបត្តិអង្គការ និងជាប្រធានប្រតិភូ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចមកកាន់ វិមានរដ្ឋសភានេះ ជាផ្នែកមួយក្នុងកម្មវិធីសិក្សារបស់អង្គការ Cambodian People Care and Learning ដើម្បីធ្វើយ៉ាងណាឲ្យសិក្ខាកាម បានជួបផ្ទាល់ជាមួយមន្រ្តី បម្រើការងារក្នុងរដ្ឋសភាកម្ពុជា បានស្វែងយល់ដោយផ្ទាល់ ពីសកម្មភាពរបស់រដ្ឋសភាកម្ពុជា។
លោកបានឲ្យដឹងទៀតថា នេះគឺជាលើកទី២ហើយ ដែលលោកបានដឹកនាំមន្ត្រីនៃអង្គការ Cambodian People Care and Learning មកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីតួនាទីភារកិច្ចរបស់រដ្ឋសភា កម្ពុជា។
ក្រោយពីបានស្តាប់បទបង្ហាញហើយ ប្រតិភូអង្គការទាំងអស់ ក៏បានធ្វើទស្សនកិច្ច នៅកន្លែងសំខាន់ៗមួយចំនួន របស់វិមានរដ្ឋសភាផងដែរ៕