បញ្ឈប់ការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ទូទាំងប្រទេស
ភ្នំពេញ៖ លោកសន្តិបណ្ឌិត ចាន់ គឹមសេង អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ខែមីនា ឆ្នាំ២០១៩ បានចេញសេចក្តីណែនាំស្តីពី បញ្ឈប់ការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានីភ្នំពេញ។
លោក អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា ការបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ដោយអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី កម្ពុជា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីបើកការដ្ឋានសាងសង់ សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ។
ក្នុងលិខិតនេះ អគ្គនាយកដ្ឋានពន្ធនាគារ សូមធ្វើការណែនាំ ដល់ ប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ដូចខាងក្រោម៖
១- បញ្ឈប់ការប្រើប្រាស់ ប្រព័ន្ធទូរស័ព្ទ ដែលដាក់ឲ្យជនជាប់ឃុំប្រើប្រាស់ ចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ រហូតដល់មានបទបញ្ជាថ្មី។
២- បង្កើនការបង្កាទប់ស្កាត់ រាល់ការលួចលាក់ នាំទូរស័ព្ទចល័ត ចូលមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ និងពង្រឹងការត្រួតពិនិត្យ ឆែកឆេរ ដកហូតទូរស័ព្ទ ក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ។
៣- ករណីរកឃើញទូរស័ព្ទ ដែលបម្រុងនាំចូល ឬរកឃើញទូរស័ព្ទក្នុងពន្ធនាគារ ត្រូវធ្វើកំណត់ហេតុ ដកហូតរក្សាទុក។ ចំពោះជន ដែលប្រព្រឹត្តបទល្មើស ត្រូវមានវិធានការតាមផ្លូវច្បាប់ ដូចមានចែង ក្នុងមាត្រា៥៧១ និងមាត្រា៥៧២ នៃក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា និងដាក់វិន័យ តាមបទបញ្ជាផ្ទៃក្នុងពន្ធនាគារ។
៤- ត្រូវរាយការណ៍ អំពីសភាពការណ៍ និងលទ្ធផល នៃការចាត់តាំង អនុវត្តសេចក្តីណែនាំនេះ តាមរយៈរបាយការណ៍ ប្រចាំថ្ងៃមកអគ្គនាយកដ្ឋានពន្ធនាគារ ៕