ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បន្តសុពលភាព លិខិតឆ្លងដែន និងប្រឹក្សាច្បាប់ការងារជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ នៅពាក់កណ្តាលខែកក្កដានេះ
ប្រទេសកូរ៉េ៖ ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េ នឹងទទួលបាន ការបន្តសុពលភាព លិខិតឆ្លងដែន និងប្រឹក្សាច្បាប់ការងារ ដោយឥតគិតថ្លៃ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ។
នេះបើតាមការបញ្ជាក់ពីមន្ត្រីស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី២ ខែកក្កដា នេះ។
បើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េបានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ មានកិត្តិ យស សូមជម្រាបជូនដំណឹង ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងសិក្សា ធ្វើការ និងរស់នៅ សាធារណរដ្ឋកូរ៉េជ្រាបថា ក្នុងគោលបំណងចូលរួមកាត់បន្ថយចំណាយ និងពេលវេលា របស់ បង ប្អូន ព្រមទាំងដើម្បីអនុវត្តយន្ដការ បង្ខិតសេវាឱ្យជិតដល់ប្រជាពលរដ្ឋខ្មែរ ស្ថានឯកអគ្គរាជ ទូត កម្ពុ ជា បានសហការជាមួយ អង្គភាពអភិវឌ្ឍន៍ ធនធានមនុស្សកូរ៉េប្រចាំទីក្រុងថេហ្គូ នឹងចុះ ផ្ដល់ សេវាបន្ដសុពលភាព លិខិតឆ្លងដែនដោយឥតគិតថ្លៃ ប្រឹក្សាយោបល់ផ្នែកច្បាប់ការងារ និងផ្សព្វ ផ្សាយកម្មវិធីវិលត្រឡប់វិញ ក្រោយចប់អាណត្តិការងារ នៅថ្ងៃអាទិត្យទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅអង្គភាពអភិវឌ្ឍន៍ ធនធានមនុស្សកូរ៉េ ប្រចាំទីក្រុងថេហ្គូ ដោយចាប់ផ្តើមអនុវត្តការងារពីម៉ោង ១៣និង០០ ដល់ម៉ោង ១៦និង០០ រសៀល។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់អញ្ជើញទៅទទួលសេវា ឥតបង់ថ្លៃនេះឱ្យបានច្រើនកុះករ៕