បងប្អូនអ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្តរុឺម៉កសណ្តោងជាង៦០០នាក់ សម្រុកទៅចូលរួមវគ្គបណ្តុះបណ្តាលចរាចរផ្លូវគោកដោយឥតគិតថ្លៃ ដើម្បីត្រៀមប្រឡងយកប័ណ្ណបើកបរ
ភ្នំពេញ៖ បងប្អូនអ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្តរុឺម៉កសណ្តោង ចំនួន ៦៣១នាក់ នៅព្រឹកថ្ងៃសៅរ៍ទី៩ ខែមីនា ឆ្នាំ២០១៩នេះមាន បានសម្រុកទៅចូលរួមវគ្គបណ្តុះបណ្តាលចរាចរផ្លូវគោកដោយឥតគិតថ្លៃ ដើម្បីត្រៀមប្រឡងយកប័ណ្ណបើកបរ ខណៈ
ដែលថ្ងៃសៅរ៍សប្តាហ៍មុន មានចំនួនត្រឹមតែ២១៥នាក់ប៉ុណ្ណោះ។
លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ឲ្យដឹងកាលពីរសៀលថ្ងៃទី០៩ខែមិនានេះថា សម្រាប់នៅព្រឹកថ្ងៃសៅរ៍ទី៩ ខែមីនា ឆ្នាំ២០១៩នេះ មានបងប្អូនអ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្តរុឺម៉កសណ្តោង ចំនួន ៦៣១នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលចរាចរផ្លូវគោកដោយឥតគិតថ្លៃ ដើម្បីត្រៀមប្រឡងយកប័ណ្ណបើកបរ ស្របពេលដែល កាលពីថ្ងៃសៅរ៍សប្តាហ៍មុនមានចំនួន ២១៥នាក់ប៉ុណ្ណោះ។
លោកបន្តថា វគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោកនេះ នឹងប្រព្រឹត្តិទៅរៀងរាល់ថ្ងៃសៅរ៍ រយៈពេល ២ខែ ចាប់ពីថ្ងៃទី២ខែមិនា ដល់ថ្ងៃទី៤ខែឧសភាឆ្នាំ២០១៩ ចំនួន ២ទីតាំង ដូចជានៅអង្គភាពផ្តល់ប័ណ្ណបើកបរនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ និងមួយទីតាំងទៀតនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅផ្លូវជាតិលេខ ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
គួរបញ្ជាក់ថា ការសម្រុកចូលរួមវគ្គបណ្តុះបណ្តាលចរាចរផ្លូវគោកដោយឥតគិតថ្លៃ ពីសំណាក់បងប្អូនអ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្តរុឺម៉កសណ្តោងខាងលើនេះ គឺក្រោយរដ្ឋបាលរាជធានីភ្នំពេញសេចក្តីជូនដំណឹងមួយស្ដីពីការ បើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់អ្នកបើកបរ ត្រីចក្រយានយន្តទោចក្រយានយន្ត សណ្ដោងរម៉កដោយឥតគិតថ្លៃ កាលពីថ្ងៃទី០១មិនាកន្លងមកនេះ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យទាំងស្រុងថា រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដំណឹង ដល់អ្នកបើកបរត្រីចក្រយានយន្តនិងទោចក្រយានយន្ត ទាំងអស់អោយបានជ្រាបថា កន្លងមកនេះបងប្អូនប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរក្នុងរាជធានីភ្នំពេញភាគច្រើនបានបើកបរយានយន្តលើដងផ្លូវដោយពុំមានប័ណ្ណបើកបរយានយន្តត្រឹមត្រូវ។ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ធានាបាននូវសុវត្ថិភាពដល់អ្នកដំណើរនិងដើម្បី អោយការធ្វើចរាចរណ៍រាប់តាមច្បាប់ចរាចរផ្លូវគោក រដ្ឋបាលរាជធានីភ្នំពេញបានចាត់ឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញរៀបចំបើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូន ដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃសៅរ៍ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ១៧ល្ងាចនិងមានរយៈពេល ២ខែគិតចាប់ ពីថ្ងៃសៅរ៍ទី ២ ខែមិនាដល់ថ្ងៃទី ៤ខែឧសភាឆ្នាំ ២០១៩ស្ថិតនៅអង្គភាពផ្ដល់ប័ណ្ណបើកបរយានយន្តផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ ២ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ។ ក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលរួចបងប្អូនអាចដាក់ពាក្យប្រលង ទ្រឹស្តីនិងប្រឡងដៃចង្កូតដើម្បីទទួលបានបណ្ណបណ្ណបើកបរយានយន្តប្រភេទ ក ។
អាស្រ័យហេតុនេះសូមអញ្ជើញបងប្អូនអ្នកបើកបរយានយន្តគ្រប់ប្រភេទដូចបានរៀបរាប់ខាងលើត្រូវរួសរាន់សហការ និងចូលរួមវគ្គបណ្ដុះបណ្ដាលឲ្យបានគ្រប់គ្នា។ ផុតពីរយៈពេលពីរខែបន្ទាប់ពីការជូនដំណឹងនេះអាជ្ញាធរមានសមត្ថកិច្ចនិងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាពត៌មានដោយមិនមានការលើកលែងអភិសេកទៀតឡើយ៕