ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អប់រំនាយប៉ុស្តិ៍អន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ពីភាពអសកម្ម

275


រាជធានីភ្នំពេញ៖ពាក់ព័ន្ធ ភាពអសកម្ម របស់មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅពេលមានអ្នកដំណើរ ឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការណែនាំអប់រំលោកនាយប៉ុស្តិ៍ ឲ្យយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវ តាមតួនាទីភារកិច្ច និង ការប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយក្នុងនោះត្រូវយកចិត្តទុកដាក់ ត្រូវដាក់ស្លាកអក្សរសម្គាល់សម្រាប់សាធារណជនឲ្យបានជ្រាបថា ការបម្រើសេវានេះ មិនតម្រូវឲ្យមានការបង់ប្រាក់ទេ ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចេញ
សេចក្ដីជូនដំណឹងថា
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មាន បណ្ដាញសារព័ត៌មាន និង បណ្ដាញទំនាក់ទំនងសង្គម បានលើកឡើងអំពីបញ្ហាមិនប្រក្រតីរបស់មន្រ្តីនគរបាលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយមានការអះអាងថា មន្រ្តីមួយចំនួនបានទាមទារប្រាក់ក្រៅផ្លូវការ ជាថ្នូរនឹងការបំពេញឯកសារលើលិខិតឆ្លងដែនចេញចូលប្រទេសថៃ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាប​ជូនដល់សាធារណជនឲ្យបានជ្រាបថា ក្រោយពីបានទទួលព័ត៌មានទាំង​នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វេីការ​កោះហៅមន្រ្តីទទួលខុសត្រូវច្រកទ្វារព្រំដែនមកសាកសួរ និងកំពុងចាត់វិធានការស្រាវជ្រាវចំពោះករណីនេះ យ៉ាងយកចិត្តទុកដាក់​បំផុត។

អគ្គនាយដ្ឋានអន្តោប្រវេសន៍ សូមប្រកាសជម្រាបជូនសាធារណជន ឲ្យបានជ្រាបថា ក្នុងរយៈពេលកន្លងមកថ្មីៗនេះ មានការលើកឡើងចោទប្រកាន់ក្នុងបណ្តាញសង្គម និងសារព័ត៌មានមួយចំនួនស្តីពីភាពអសកម្ម របស់មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ ទោះបីការចោទប្រកាន់ទាំងនោះ មិនមានការបង្ហាញ ភស្តុតាងជាក់លាក់ក៏ដោយចុះ ប៉ុន្តែក្រុមប្រឹក្សាវិន័យ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានកោះអញ្ជើញថ្នាក់ដឹកនាំ និងមន្ត្រីមួយចំនួន នៃប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្រាយបំភ្លឺ និងបានចាត់វិធានការដើម្បីបំបាត់ភាពអសកម្មទាំងឡាយ ។

ដើម្បីចៀសវាងភាពអសកម្ម ប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ព្រំដែន ក៏ដូចជាការរក្សា សណ្តាប់ធ្នាប់ និងការសម្រួលដល់ប្រជាពលរដ្ឋខ្មែរ និងជនបរទេសទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការណែនាំអប់រំលោកនាយប៉ុស្តិ៍ ឲ្យយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវ តាមតួនាទីភារៈកិច្ច និង ការប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយក្នុងនោះត្រូវយកចិត្តទុកដាក់៖
– ត្រូវដាក់ស្លាកអក្សរសម្គាល់សម្រាប់សាធារណជនឲ្យបានជ្រាបថា ការបម្រើសេវានេះមិនតម្រូវឲ្យមានការបង់ប្រាក់ទេ ។
– រៀបចំកែលម្អរបញ្ជរបំពេញ បែបបទចេញ ចូល ឲ្យបានសមស្របនិងរៀបចំលំហូរអ្នកដំណើរ ឲ្យមានការតម្រង់ជួរត្រឹមត្រូវ តាមលំដាប់មុនក្រោយ ដើម្បីកុំឲ្យមានការឆ្លៀតឱកាសជួយសម្រួល លឿន រហ័ស រកផលប្រយោជន៍ខុសច្បាប់ ។
– ហាមយកប្រាក់ដើម្បីអនុញ្ញាត ឲ្យយានយន្ត រ៉ឺម៉ក ម៉ូតូកង់បី ម៉ូតូឌុប ដែលធ្វើឲ្យបាត់សណ្តាប់ធ្នាប់នៅបរិវេណច្រកទ្វាអន្តជាតិប៉ោយប៉ែត ។
– មន្ត្រីនគរបាលគ្រប់ច្រកទ្វារព្រំដែនទាំងអស់ (រួមទាំងក្រៅពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត) ត្រូវយកចិត្តទុកដាក់ និង បង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋខ្មែរ និងបរទេសដែលធ្វើដំណើរឆ្លងកាត់ព្រំដែន ជាពិសេសពលករដែលធ្វើការនៅប្រទេសថៃ ក្នុងរដូវចូលឆ្នាំខ្មែរខាងមុខឆាប់ៗនេះ ដោយមិនត្រូវទទួលប្រាក់កាសឡើយ ។
– ត្រូវពង្រឹងការគោរពបទបញ្ជា វិន័យរបស់កងកម្លាំងនគរបាលជាតិ អប់រំសីលធម៌ ឥរិយាបថ និង អកប្ប-កិរិយា បំពេញការងាររបស់មន្ត្រី យកចិត្តទុកដាក់លើមុខជំនាញវិជ្ជាជីវៈរបស់ខ្លួន និង ធ្វើការដាក់វិន័យយ៉ាងតឹងរឹងបំផុត ចំពោះមន្ត្រីដែលបានប្រព្រឹត្តខុសឆ្គង ។
អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និង ជួយចូលរួមផ្តល់យោបល់ក្នុងន័យស្ថាបនា ដើម្បីផ្តល់ឱកាសឲ្យមន្ត្រីនគរបាលយើងកែលម្អរសកម្មភាពការងារក្នុងការផ្តល់សេវាដល់ពលរដ្ឋកាន់តែល្អប្រសើរថែមទៀត ។

សូមបញ្ជាក់ថា តាមសេចក្តីរាយការណ៍ថ្មីៗនេះ ពី​ប្រជាពលរដ្ឋ​​នៅ​ក្រុង​​ប៉ោយ​ប៉ែត​ និង​ពលករ​ខ្មែរ​​ចូលទៅ​ធ្វើការ​​នៅ​​ប្រទេស​ថៃ​ ​នឹក​​សង្ឃឹមស្មានថា ​ការ​ផ្លាស់​ប្តូរ​​មេប៉ូលិស​​អន្តោ​ប្រវេ​សន៍​ច្រកទ្វារ​​អន្តរជាតិ​​ប៉ោយប៉ែត​ គួរណាស់ថា​ បានធូរស្បើយ​មួយកម្រិត​ពីការ​គាបសង្កត់យក​​លុយរបស់មន្ត្រី​នគរបាល ប្រចាំច្រក​នេះ ប៉ុន្តែមិ​​ននឹកស្មានថាលោកប្រធានថ្មីស៊ីលុយធំជាង​លោកប្រធានចា​ស់​ គឺចាប់តាំង​ពី​លោក ខឹម ចិ​ត្រា បានមកឡើង​កាន់តំណែង ជាប្រធាន​នគរបា​​លអន្តោប្រវេសន៍​ច្រកទ្វារអន្តរជាតិប៉ោយប៉ែត​ ជំនួសលោក ស៊ឹម សំអាត ដែលល្បីខាងប្រព្រឹត្អំពើពុករ លួយហើយថែម ទាំងសូកប៉ាន់ពន្យាកំណើត ដើម្បីបានកាន់ តំណែង ធ្វើជាអនុប្រធាននាយកដ្ឋាន​​ទទួលទិ​សទី១​ កំពុងពង្រឹងអំណាចជា​​បន្តទៀត​។​ ចំណែ​កឯលោក ខឹម ចិត្រា វិញមិន​​ត្រឹមតែ​បន្តដើរតាម​គំរូអាក្រក់​របស់លោក ស៊ឹម សំអាត ប៉ុណ្ណោះទេ​ គឺថែមទាំងបង្កើនអំពើពុករ​​លួយ​កាន់តែខ្លាំងទ្វេរ​ឡើង។​ ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក ខឹម ចិ​ត្រា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​អាង​មាន​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជា​បង្អែក​ដ៏​រឹងមាំ​។ ប្រសិនបើ​គ្មាន​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ជា​បង្អែក​រឹងមាំ​ទេនោះ គឺ​លោក ខឹម ចិ​ត្រា នាយប៉ុស្ដិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មិន​ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​កំរោល​ដូច​សព្វថ្ងៃ​នេះឡើយ​។ មានការ​អំពាវនាវ​ឲ្យ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក ខឹម ចិ​ត្រា ជាបន្ទាន់​បំផុត​។ គួរ​រំលឹក​ដែរ​ថា ថ្មីៗ​កន្លងទៅនេះ​ថ្នាក់ដឹកនាំ​ក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​កោះហៅ​លោក ខឹម ចិ​ត្រា មក​សាកសួរ​ជុំវិញ​រឿងអាស្រូវ​ពុករលួយ​ដែល​បណ្ដាញ​ព័ត៌មាន​នានា​បាន​ចុះផ្សាយ​និង​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​ក្រោយ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កោះហៅ​លោក ខឹម ចិ​ត្រា គឺ​លទ្ធផល​ជាក់ស្ដែង​លោក ខឹម ចិ​ត្រា ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ហើយ​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​។ ទន្ទឹមនឹងនេះ​លោក ខឹម ចិ​ត្រា តែង​ប្រើប្រាស់​ឈ្មោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ដើម្បី​បិទបាំង​ទង្វើ​មិន​ប្រក្រតី​និង​រឿងអាស្រូវ​ពុករលួយ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ​បើតាម​ការ​បង្ហើប​ពី​សំណាក់​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ទំនងជា​លោក ខឹម ចិ​ត្រា ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ទើប​ខំប្រឹង​ប្រព្រឹត្ត​អំពើពុករលួយ​ស្រង់ដើម​យ៉ាង​តក់ក្រហល់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក ខឹម ចិ​ត្រា តែង​ប្រើ​ឈ្មោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន​ក្នុងខណៈដែល​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​នៅឡើយ​។ ហេតុនេះហើយ​ទើប​លោក ខឹម ចិ​ត្រា នាយប៉ុស្ដិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​បក្ខពួក​កំពុង​បង្កើន​សកម្មភាព​នៃ​អំពើពុករលួយ​យ៉ាង​កំរោល​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

អត្ថបទដែលជាប់ទាក់ទង