ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិវៀតណាមម្នាក់ លួចបង្ហោះដ្រូន ផ្តិតយករូបភាព លើភូមិគ្រឹះនាយករដ្ឋមន្ត្រី

90


ភ្នំពេញ៖ បើទោះបីជា សាលារាជធានីភ្នំពេញ ធ្លាប់បានចេញសេចក្តីជូនដំណឹង ហាមឃាត់ការបង្ហោះកាមេរ៉ាវីដេអូ និងថតរូបបំពាក់លើយន្តហោះបញ្ជា Drone ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាពិសេសក្នុងតំបន់មានការហាមឃាត់ដូចជា ព្រះបរមរាជវាំង ភូមិគ្រឹះថ្នាក់ដឹកនាំជាន់ខ្ពស់ក្តី ក៏នៅមានជនឆ្លៀតឱកាសមួយចំនួន បានបង្ហោះដ្រូន ដើម្បីផ្តិតយករូបភាព ដូចជាករណីជាក់ស្តែង ជនជាតិវៀតណាមម្នាក់ បានឈរក្នុងវត្តលង្កា លួចបង្ហោះដ្រូន (Drone) មកលើភូមិគ្រឹះនាយករដ្ឋមន្ត្រី កាលពីរសៀល​ថ្ងៃអាទិត្យ ។

កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ធ្វើការឃាត់ជនជាតិវៀតណាម ដែលបានបង្ហោះដ្រូន​ Drone ​នៅតំបន់ហាមឃាត់​នាភូមិគ្រឹះសម្ដេចតេជោនាយករដ្ឋមន្រ្តី និងបាននាំទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ចតុមុខ ដើម្បីសាកសួរ​បន្ត។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១៖៤១នាទីរសៀល​ ថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩នេះ។

សមត្ថកិច្ចខណ្ឌដូនពេញ​ បានឲ្យដឹងថា​ បច្ចុប្បន្ន​បុរសជនជាតិ​វៀតណាម​រូប​នេះ​ ត្រូវបាន​បញ្ជូន​ទៅ​នាយកដ្ឋាន​សន្តិសុខ​ ក្រសួង​មហាផ្ទៃ​ ដើម្បី​បន្ត​នីតិវិធី​។

គួរបញ្ជាក់ថា​ សាលារាជធានីភ្នំពេញចេញសេចក្តីជូនដំណឹង ហាមឃាត់ការបង្ហោះកាមេរ៉ាវីដេអូ និងថតរូបបំពាក់លើយន្តហោះបញ្ជា (Drone) ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ អ្នកល្មើសនឹងត្រូវទទួលទោសតាមច្បាប់។ ព្រោះកន្លងមកយើងបានឃើញ ភាពអនាធិបតេយ្យ ដែលក្រុមហ៊ុន ឬបុគ្គលមួយចំនួន បានប្រើប្រាស់ឧបករណ៍នេះ ដោយរំលោភលើការរស់នៅ ជាឯកជន របស់ប្រជាពលរដ្ឋ និងឈានដល់ការប៉ះពាល់ ដល់សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈទៀតផង។ ប៉ុន្តែ​ជា​រឿយៗ​ឃើញ​ថា​ នៅ​តែ​មាន​អ្នក​បំពាន​ លួច​បង្ហោះ​ Drone នៅតាមតំបន់ហាមឃាត់​ ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​៕​

អត្ថបទដែលជាប់ទាក់ទង