ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ បានកត់សម្គាល់ឃើញថា ចំនួនសិស្សស្រីនៅកម្រិតថ្នាក់វិទ្យាល័យ និងកម្រិតថ្នាក់បរិញ្ញាបត្រ មានចំនួនច្រើនជាងបុរស

75

ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES)ចំនួនសរុប ៣០៤៣នាក់ ដែលមានថ្នាក់បរិញ្ញាបត្រ ២៥០១នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់ ៥៤២នាក់ ក្នុងនោះក៏មាននិស្សិតអាហាររូបករណ៍សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ៣៩ នាក់ផងដែរ ដែលពិធីនេះត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរ និងអបអរសារដល់និស្សិតជ័យលាភីទាំងអស់ និងបានថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាល ដែលបានផ្តល់ឱកាសអោយកូនចៅបានសិក្សារៀនសូត្ររហូតបញ្ចប់ទទួលបានជោគជ័យនៅថ្ងៃនេះ។

សម្តេចតេជោ បានបញ្ជាក់ផងដែរថា សម្តេចក៏ធ្លាប់ជាសាស្រ្តាបង្រៀនវគ្គខ្លីៗនាទសវត្សឆ្នាំ ១៩៨០ លើឯកទេសផ្នែកនយោបាយការបរទេស នៅសាកលវិទ្យាល័យខាងលើនេះផងដែរ។ សម្តេចតេជោ មានមោទនភាពដែលបានចូលរួមចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ផ្ទាល់ដល់និស្សិត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍កត់សម្គាល់ពីបញ្ហាយ៉េនឌ័រ (Gender) ដោយក្នុងនោះ សម្តេចតេជោ បានកត់សម្គាល់ឃើញថា ចំនួនសិស្សស្រីនៅកម្រិតថ្នាក់វិទ្យាល័យ និងកម្រិតថ្នាក់បរិញ្ញាបត្រ មានចំនួនច្រើនជាងបុរស។ ប៉ុន្តែផ្ទុយទៅវិញ នៅពេលដែលពួកគេត្រូបន្តការសិក្សានៅថ្នាក់អនុបណ្ឌិត និងបណ្ឌិតវិញ ចំនួននិស្សិតស្រីមានការធ្លាក់ចុះទៅវិញ។ ដូច្នេះត្រង់ចំណុចនេះ សម្តេចតេជោបានអំពាវនាវ ក៏ដូចជាសំណូមពរឲ្យនិស្សិតស្រីនៅបន្តការសិក្សាអោយបានរយៈពេលវែង ជាពិសេស អាណាព្យាបាល ឬបុរសជាប្តី គួរតែផ្តល់ឱកាសដល់កូនស្រី និងដល់ប្រពន្ធរបស់ខ្លួនអាចបន្តការសិក្សាឲ្យបានច្រើន ដើម្បីអោយគេមានលទ្ធភាពទទួលបាននូវចំណេះដឹងខ្ពង់ខ្ពស់ទូលំទូលាយ និងឱកាសទទួលបានការងារល្អៗនាពេលខាងមុខ។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់ព្រះសង្ឃដែលបានបញ្ចប់ការសិក្សា ដោយ សម្តេចមានប្រសាសន៍ថា ទោះបី សម្តេច គាំទ្រនិងជំរុញអោយនិស្សិតបន្តការសិក្សាកាន់តែខ្ពស់ទៅមុខ ប៉ុន្តែនោះជាជម្រើសផ្ទាល់ខ្លួនរបស់និស្សិតម្នាក់ៗ រួមទាំងព្រះសង្ឃផង ព្រោះប្រទេសជាតិបានផ្តល់ឱកាស និងសិទ្ឋិសេរីភាពពេញលេញទូលាំទូលាយតាមបែបលទ្ឋិប្រជាធិបតេយ្យ ដែលពលរដ្ឋម្នាក់ៗមានសិទ្ឋិក្នុងការសម្រេចចិត្តជ្រើសរើស ដោយគ្មានការកៀបសង្កត់ឡើយ ទោះបីចង់បន្តកាសិក្សា ឬចង់លាចាកសិក្ខាបទមានប្រពន្ឋ ឬបន្តជាព្រះសង្ឃបូជាចំពោះព្រះពុទ្ឋសាសនានោះ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់ការរីកលូតលាស់នៃសាកលវិទ្យាល័យ និងលទ្ឋផលនៃការខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងជូនពរដល់និស្សិតជ័យលាភីដែលបានទទួលសញ្ញាបត្រនៅថ្ងៃនេះទាំងអស់ ទទួលបានជោគជ័យក្នុងការសិក្សា និងការងារជាបន្តបន្ទាប់ទៀត។ បន្ទាប់មក សម្ដេចតេជោ បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូនដល់តំណាងនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅក្នុងបរិយាកាស ស្និទ្ឋស្នាល និង សប្បាយរីករាយក្រៃលែង៕

អត្ថបទដែលជាប់ទាក់ទង