ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន៖ ស្នើឱ្យស្មារតីទិវាជាតិអំណាន១១មីនានេះ ស្ថិតនៅជាអមតៈសម្រាប់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកអភិរក្សអក្សរសាស្រ្តជាតិ និងរក្សាមរតកវប្បធម៌ អរិយធម៌ជាតិ ឱ្យស្ថិតនៅគង់វង្ស និងមានវឌ្ឍនភាព

80


ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងដោយកត់សម្គាល់ឃើញថា ទិវាជាតិអំណានឆ្នាំ ២០១៩ ដែល បានកំណត់ប្រធានបទ(ការអានបណ្តុះវប្បធម៌សិក្សាពេញមួយជីវិត) ពិតជាសមស្របទៅនឹងការវិវត្តនៃព្រះរាជាណាចក្រកម្ពុជាយើង ដែលកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងទាមទាប្រជាពលរដ្ឋដែលមានសមត្ថភាព និង យល់ដឹងទូលំទូលាយ។ ការសិក្សាពិតជាដំណើការមួយដែលត្រូវការពេលវេលាដ៏យូរ ហើយចេះតែបន្តជារៀងរហូត។ ការសិក្សាខ្លះត្រូវធ្វើនៅ សាលារៀន និងកន្លែងបណ្តុះបណ្តាល ចំណែកការសិក្សាផ្សេងទៀត ធ្វើឡើងនៅកន្លែងធ្វើការ និងនៅផ្ទះ ជាពិសេសគឺតាមរយៈអំណាននេះឯង។ ហេតុនេះ ហើយបានជាមានពាក្យស្លោកជាសកលមួយបានចែងថា(រៀនហើយ រៀនទៀត រៀនមិនចេះចប់ឡើយ)។ លោកស្រី ម៉ែន សំអន បានលើកឡើងក្នុងពិធីបិទទិវាអំណានជាតិ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ក្នុងនាមតំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកជំទាវឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងពេលឆាប់ៗខាងមុខ រាជរដ្ឋាភិបាលនឹងអនុម័តគោល នយោ បាយស្តីពីការសិក្សាពេញមួយជីវិតដែលមានចក្ខុវិស័យជំរុញប្រជាជនកម្ពុជាគ្រប់រូបឱ្យទទួលបានឱកាសសិក្សាពេញមួយជីវិត ក្នុងគ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ ប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងគុណតម្លៃ ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ច និងសុខដុមជីវិតបុគ្គលនិងសង្គម។
លោកស្រីបន្តថា ៖ទស្សនទាននៃប្រធានបទនេះ មិនសំដៅត្រឹមតែការរៀនអក្ខរកម្ម ចេះអក្សរ ចេះលេខនព្វន្តប៉ុណ្ណោះទេ គឺបានគិតគូរដល់ឱកាស ទទួលបានចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ជំនាញវិជ្ជាជីវៈ និងនវានុវត្តគ្រប់ផ្នែក គ្រប់វិស័យ ជាពិសេសអក្ខរកម្មបច្ចេកវិទ្យា ដែលសព្វថ្ងៃកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះ លោកស្រីបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានសហការជា មួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដោយបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងប្រាជ្ញា ប្រារព្ធទិវានេះបានជារៀងរាល់ឆ្នាំប្រកបដោយភាពអ៊ឹកធឹក។ លោកស្រី ម៉ែន សំអន បញ្ជាក់ថា ក្នុងសម័យសកលភាវូបនីយកម្ម ដែលក្នុងនោះបញ្ហានយោបាយ បញ្ហាសេដ្ឋកិច្ច និងបច្ចេកវិទ្យានៅលើពិភពលោកកាន់តែវិវត្តន៍ និងមានភាពស្មុគស្មាញពិបាកវាយតម្លៃ និងព្យាករណ៍ ការអានតាមមធ្យោបាយអេឡិចត្រូនិក កាន់តែពេញនិយម និងជំនួសការអានសៀវភៅជាបណ្តើរៗហើយ។ ដោយឡែកនៅកម្ពុជាយើងក៏ឃើញមានការកើនឡើងនៃការប្រើទូរស័ព្ទវៃ ឆ្លាត ឬស្មាតហ្វូន ដែល អ្នកប្រើអាច អានព័ត៌មាន អានរឿង ឬមើលឃ្លីបវីឌីអូផ្សេងៗ បានយ៉ាងងាយស្រួល។ ដូច្នេះដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋឱ្យងាកមក អានសៀវភៅវិញ ពិតជាការងារប្រឈមមួយរបស់រាជរដ្ឋាភិបាល ជា ពិសេសក្រសួងអប់រំ យុវជន ។
លោកស្រី ម៉ែន សំអន បានផ្តាំផ្ញើរថា ដើម្បីបង្កើនការអាន ចាំបាច់ត្រូវតែមានអត្ថបទ សៀវភៅ និងមធ្យោបាយផ្សេងៗទៀតដែលទាក់ទាញ និងមានខ្លឹមសារ។ ដូច្នេះ ការលើកទឹកចិត្តអ្នកនិពន្ធ និងអ្នកបោះពុម្ពផ្សាយ ក៏ជាផ្នែកមួយ នៃការជម្រុញការអានដែរ។ ឆ្លៀតឱកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំសូមអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងសប្បុរសជនទាំងអស់ សូមបន្តចូលរួម សហការ និងគាំទ្រដល់ការប្រារព្ធទិវាជាតិអំណាន១១ មីនា ប្រចាំឆ្នាំ ដោយបង្កើតឱ្យមានកម្មវិធីកាន់តែសម្បូរបែប ប្រកបដោយគុណភាព និងប្រសិទ្ធភាព ជាបន្តទៀត ដើម្បីជំរុញស្មារតីប្រជាជនកម្ពុជាឱ្យបង្កើនការចាប់អារម្មណ៍ ចំពោះការអាន បង្កើតទម្លាប់អាន និងបង្កើនការតែងនិពន្ធ។

ក្នុងស្មារតីនេះ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពានាវថា ដើម្បីបន្តចូលរួមលើកកម្ពស់ការអាននៅកម្ពុជាឱ្យកាន់តែផុលផុស ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំ សូមឲ្យមានការ ចូលរួមដូចខាងក្រោម៖ ទី១) ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលនយោបាយ ក្របខណ្ឌច្បាប់ បទដ្ឋាន និងយន្តការចាំបាច់ ដើម្បីជំរុញការអានសម្រាប់ប្រជាជនគ្រប់រូប និងស្របទៅនៅបរិការណ៍ថ្មីនៃគោលដៅអភិវឌ្ឍន៍ប្រកប ដោយ ចីរភាព។ទី២)ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា មណ្ឌលសិក្សា ទីវត្តអារាមទាំងអស់ត្រូវបង្កើតកម្មវិធីពាក់ព័ន្ធអំណាន និងស្វែងរកប្រភពសម្រាប់អំណាន ឱ្យកាន់តែសម្បូរបែបនិងមានភាពបត់ បែន ឆ្លើយតបនឹងតម្រូវការអ្នកអាន។
ទី៣)រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវយកចិត្តទុកដាក់ចូលរួមគាំទ្រ ឱ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលសិក្សា ហេដ្ឋារចនាសម្ព័ន្ធ និងទីកន្លែងសម្រាប់អំណាន៕

អត្ថបទដែលជាប់ទាក់ទង