តុលាការឃុំប់ខ្លួនគ្រូទាយ ម្នាក់ ដែលប៉ងចាប់រំលោភស្ដ្រីពេលទៅលើករាសី នៅបន្ទប់
កំពង់ចាម: កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ចាប់ខ្លួនគ្រូទស្សន៍ទាយ ម្នាក់ ដែលប៉ុនប៉ងចាប់រំលោភស្ដ្រីម្នាក់ ពេលហៅឲ្យមកសូតមន្តអាគម លើក រាសី នៅចំណុចបន្ទប់ជួលនៅភូមិអំពិលលើ ឃុំអំពឹល ស្រុកកំពង់សៀម នៅម៉ោង៩៖៣០នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ។
បន្ទាប់មកនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ កម្លាំងជំនាញបានបញ្ជូនជនសង្ស័យទៅតុលាការហើយ លោក សៅ សុភ័ក្រ ព្រះរាជអាជ្ញារង បានចោទពីបទប៉ុនប៉ងរំលោភសេពសន្ថវ: តាមមាត្រា២៧ និងមាត្រា២៣៩ ហើយលោក ស៊ុយ សុភា ចៅក្រមស៊ើបសួរបានចោទពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ និងចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ២៦៧ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។ ជនសង្ស័យបានបញ្ជូនទៅ ដាក់នៅពន្ធនាគារខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឲ្យដឹង ថា ការឃាត់ខ្លួនគ្រូទាយបោកប្រាស់រូបនេះ ធ្វើឡើងដោយកម្លាំងងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅបន្ទប់ជួលនៅទីនោះថា មានករណីចាប់រំលោភកើតឡើង។
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានចុះទៅដល់កន្លែងកើតហេតុនៅម៉ោង៩និង៣០នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលនៅភូមិអំពិលលើ ឃុំអំពឹល ស្រុកកំពង់សៀម បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ជុំ ជឿន អាយុ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្បាលហុងចាស់ ឃុំល្វាលើ ស្រុកចំការលើ ដែលបន្លំធ្វើជាគ្រូទាយ និងលើករាសី ហើយបានធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះ អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិ ឃុំខាងលើ (មិនបានសម្រេច ដោយជនរងគ្រោះបានស្រែកឲ្យគេជួយ)។ កម្លាំងអាវុធហត្ថដកហូតបាន ស្រោមអនាម័យចំនួន២, ចានធូបទៀនយ័នចំនួនមួយសម្រាប់, ខោអាវជនសង្ស័យ០១កំផ្លេរ (ជនបង្កបានដោះចេញពីខ្លួន រួចហើយពេលធ្វើសកម្មភាព), ស្រាបៀរចំនួន២កំប៉ុង, ទូរស័ព្ទចំនួន០៣គ្រឿង, ម៉ូតូ១គ្រឿង ម៉ាកC125 ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ1AY-1987៕