ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចក្រឡាហោម ប្រាប់ដល់ឈ្មួញទុច្ចរិត សូមបញ្ឈប់ជាបន្ទាន់ ចំពោះសកម្មភាព ល្មើស ដែលបង្កហានិភ័យ ប៉ះពាល់ដល់សុខភាពរបស់ ប្រជាពលរដ្ឋ

269


ភ្នំពេញ:
សម្តេចក្រឡាហោម បានអំពាវនាវដល់ឈ្មួញទុច្ចរិត សូមបញ្ឈប់ជាបន្ទាន់ ចំពោះសកម្មភាព ល្មើសទាំងឡាយណា ដែលបង្កហានិភ័យខ្ពស់ដល់សង្គមជាតិ ជាពិសេសប៉ះពាល់ដល់សុខភាពរបស់ ប្រជាពលរដ្ឋ ។ ម្យ៉ាងទៀត សូមបញ្ឈប់ការយកអំណាច និងបុណ្យស័ក្តិទៅអន្តរាគមន៍ ឬកាងបទល្មើស នានា ដែលក្នុងនោះមានទាំងបទល្មើសផលិតផលក្លែងក្លាយផងដែរ ។ មានតែការពួតដៃសហការគ្នា ពីគ្រប់ភាគីពាក់ព័ន្ធ អនុវត្តនូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាល រួមនឹងប្រជាពលរដ្ឋចូលរួម យ៉ាងសកម្មផងដែរ ទើបការបង្រ្កាប និងទប់ស្កាត់បទល្មើស បទឧក្រិដ្ឋ ទទួលបានជោគជ័យ ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ថ្លែងក្នុងពិធីកម្ទេចផលិតផលក្លែងក្លាយ-ខុសច្បាប់ ចំនួនជាង ៧០តោន
នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ
នៅ
ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៩ ថា ការដុត កម្ទេច
ផលិតផលក្លែងក្លាយ-ខុសច្បាប់​ ចំនួនជាង ៧០តោន ដែលបានរៀបចំឡើងដោយគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នេះជាលើកទី៤។

សម្តេចក្រឡាហោម បានណែនាំដល់គណៈកម្មាធិការឲ្យយកចិត្តទុក ដាក់ជាអាទិភាពលើផលិតផលដូចជាៈ ថ្នាំពេទ្យ ចំណីអាហារ គ្រឿងបរិភោគ និងភេសជ្ជៈដែលបរិភោគ និងទទួលទានដាក់ចូលក្នុងមាត់ជាដើម ពីព្រោះថា ផលិតផលទាំងនេះ យើងទាំងអស់គ្នាតែងតែត្រូវការ ប្រើប្រាស់ និងទទួលទានរាល់ថ្ងៃ ។ ហេតុនេះហើយ វាចាំបាច់ណាស់ ដែលគណៈកម្មាធិការប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយ ត្រូវតែរួមគ្នាជាមួយស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ដើម្បីទប់ស្កាត់ បើមិន ដូច្នោះទេ ផលិតផលក្លែងក្លាយទាំងអស់នោះ វានឹងត្រូវបានចែកចាយទៅលើទីផ្សារ ហើយប្រើប្រាស់ និងទទួលទានដោយប្រជាពលរដ្ឋ ហេតុនេះ អ្នកដែលរងគ្រោះ គឺប្រជាពលរដ្ឋ រួមនឹងខ្លួនយើងទាំង អស់គ្នាផង ដែលត្រូវខាតបង់ប្រាក់កាស ប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ថែមទាំងអាចបណ្តាលឲ្យ គ្រោះថ្នាក់ដល់អាយុជីវិតថែមទៀត ។ មិនត្រឹមតែប៉ុណ្ណោះទេ រាជរដ្ឋាភិបាលត្រូវបង់ខាតការចំណាយ សម្រាប់បំផ្លាញចោលផលិតផលក្លែងក្លាយទាំងនេះ និងត្រូវដំណើរការ យ៉ាងប្រុងប្រយ័ត្នដើម្បីកុំឲ្យកាក សំណល់ពីការបំផ្លាញមានផលប៉ះពាល់ដល់បរិស្ថានបន្ថែមទៀត ។

ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃ ជាអ្នកដឹកនាំផ្ទាល់លើ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងក្រសួងពាក់ព័ន្ធដ៏ទៃទៀត ដែលមានសមាស ភាពតំណាងជាច្រើនក្នុងគណៈកម្មាធិការ  បានរួមគ្នាយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបការធ្វើចរាចរផលិតផលក្លែងក្លាយ ពីព្រោះថា ប្រទេសកម្ពុជាយើង ជាប្រទេសដែលនាំចូល នូវផលិតផលប្រើប្រាស់ ក៏ដូចថ្នាំពេទ្យ និងចំណីអាហារជាច្រើនមុខ និងច្រើនប្រភេទពីក្រៅប្រទេស ជាពិសេសពីបណ្តាប្រទេសជិតខាងជារៀងរាល់ថ្ងៃ ។ ហេតុនេះហើយជនល្មើសតែងតែឆ្លៀតឱកាស លួចនាំចូលនូវផលិតផលអន់គុណភាព ខូចគុណភាព ហួសសុពលភាព និងផលិតផលក្លែងក្លាយដ៏ទៃ ទៀតមកធ្វើការចែកចាយនៅលើទីផ្សាររបស់កម្ពុជាយើង ដែលជាបញ្ហាគួរឲ្យព្រួយបារម្ភ ។ ពិតណាស់ ថាបញ្ហាទាំងនេះត្រូវមានការសហការ និងការចូលរួមពីគ្រប់ស្ថាប័ន អង្គភាពជំនាញពាក់ព័ន្ធគ្រប់លំដាប់ ថ្នាក់ ដើម្បីអប់រំ ផ្សព្វផ្សាយ និងទប់ស្កាត់ ទើបទទួលបានជោគជ័យ ។

សម្តេច បានបន្តថា ខ្ញុំក៏សូមយកឱកាសនេះ ដើម្បី ធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋគ្រប់ៗរូប គ្រប់ស្រទាប់ រួមទាំងវិស័យឯកជន និងក្រុមហ៊ុនម្ចាស់ដើម នៃផលិតផលផងដែរ សូមចូលរួមជាមួយនឹងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្នុង ការសហការ និងផ្តល់ព័ត៌មានអំពីប្រភពនៃការផលិត ការចរាចរ ការចែកចាយនូវផលិតផលក្លែងក្លាយ ដើម្បីឈានទៅធ្វើការបង្រ្កាបឲ្យបានទាន់ពេលវេលា ។
ទន្ទឹមនឹងការខិតខំប្រឹងប្រែងនានា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏ត្រូវ ខិតខំអប់រំ ផ្សព្វផ្សាយ ណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករដើម្បីឲ្យបានយល់ជ្រួតជ្រាបអំពី ហានិភ័យដែលបណ្តាលមកពីការប្រើប្រាស់ផលិតផលក្លែងក្លាយ ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សមត្ថកិច្ច ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក៏នឹងបន្តការខិតខំព្យាយាម និងរួមសហការគ្នាជាមួយគណៈកម្មាធិការក្នុងការ បង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់ផលិតផលក្លែងក្លាយដែលកំពុងចរាចរក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីថែរក្សាសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបាន
ថ្លែងថា  សមត្ថកិច្ចចម្រុះដឹកនាំដោយ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​ បានធ្វើប្រតិបត្តិការ ចាប់ឃាត់នូវផលិតផលក្លែងក្លាយ-ខុសច្បាប់ ដែលផលិត ស្តុកទុក និងចែកចាយ បានចំនួន ២០ករណី (ចាត់ការតាមបណ្តឹងរបស់ក្រុមហ៊ុន ឬម្ចាស់ដើមមានចំនួន ១២ករណី) និងចុះបង្រ្កាបនៅនឹងទីតាំង ផ្ទាល់បាន ៨ករណី មានដូចជាៈ ករណី នាំចូល ចែកចាយ ផលិតផលគ្រឿងសំអាងក្លែងក្លាយ រំលោភច្បាប់កម្មសិទ្ធិបញ្ញា បង្ក្រាបទីតាំងផលិតប្រេងម៉ាស៊ីនក្លែងក្លាយ-ខុសច្បាប់ បង្ក្រាបទីតាំងចែកចាយជីកសិកម្មក្លែងក្លាយ-ខុសច្បាប់ បង្រ្កាបសិប្បកម្មផលិតទឹកខ្មេះ ទឹកសៀង ទឹកម្ទេស ទឹកស៊ីអ៊ីវ ខុសច្បាប់ បង្រ្កាបទីតាំងសាច់ប៉ាតេ មិនអនុលោមតាមច្បាប់ និងបង្រ្កាបសិប្បកម្មផលិតម្រេច និងកាហ្វេ ក្លែងក្លាយ-ខុសច្បាប់ ​។ល។   
បន្ទាប់ពីបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមនីតិវិធី គណៈកម្មាធិការទទួលបានការ សម្រេចពីតុលាការឲ្យធ្វើការកម្ទេចចោលនូវផលិតផលក្លែងក្លាយមួយចំនួនរួមមានៈ ថ្នាំពេទ្យក្លែងក្លាយ ចំនួន ១០៦មុខ ស្មើនឹង ៤០០គីឡូក្រាម, ទឹកសុទ្ធម៉ាក Evian, Saint amand, Montcalm  ចំនួន ៥.៥២០កេស ស្មើនឹង ៦២.៦៤០គីឡូក្រាម និងផលិតផលជីកសិកម្ម ចំនួន៧.៨៥០គីឡូក្រាម  សរុប ទាំងអស់មានចំនួនជាង ៧០តោន ចំពោះវត្ថុតាងជាច្រើនតោនទៀត កំពុងបន្តនីតិវិធីនៅតុលាការ ហើយគណៈកម្មាធិការនឹងធ្វើការកម្ទេចចោលជាបន្តបន្ទាប់ទៀត នៅពេលតុលាការជំនុំជម្រះរួចរាល់ ។

រាជរដ្ឋាភិបាល  ជាពិសេសក្រសួងមហាផ្ទៃ ដែលមាន សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាអ្នកដឹកនាំផ្ទាល់ ក្នុងការតម្រង់ទិសដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដោយ សម្តេច បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការទប់ស្កាត់ និងបង្រ្កាបការ ធ្វើចរាចរផលិតផលក្លែងក្លាយ-ខុសច្បាប់ ដែលបាននឹងកំពុងចែកចាយនៅលើទីផ្សារនាពេលបច្ចុប្បន្ន បណ្តាលឲ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ថែមទាំងធ្វើឲ្យខាតបង់ពេលវេលា និងប្រាក់កាស យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយមានករណីខ្លះ បានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងររហូតដល់បាត់បង់អាយុជីវិត ទៀតផង ។ នាពេលបច្ចុប្បន្ននេះ ទោះបីជាមានការខិតខំទប់ស្កាត់ ពីបណ្តាសមត្ថកិច្ចអ្នកអនុវត្តន៍ច្បាប់ យ៉ាងណាក៏ដោយ ក៏ជនល្មើសនៅតែព្យាយាមបន្តប្រព្រឹត្តនូវបទល្មើសផលិតផលក្លែងក្លាយនេះដែរ  ពីព្រោះថា ការចរាចរ និងចែកចាយផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ នោះគេនឹងទទួល បានប្រាក់ចំណេញយ៉ាងច្រើន ហើយចំពោះការដាក់ទោសទណ្ឌទៀតសោត នៅមានកម្រិតស្រាល គួបផ្សំនឹងការយល់ដឹងរបស់សមត្ថកិច្ចជំនាញលើវិស័យនេះក៏នៅមានកម្រិតផងដែរ ។
ប៉ុន្តែទោះបីជាជួបការលំបាកក្នុងការទប់ស្កាត់នូវការចរាចរ និងការចែកចាយរបស់ជនល្មើស យ៉ាងណាក៏ដោយ ខ្ញុំនៅតែមានជំនឿយ៉ាងមុតមាំលើការខិតខំព្យាយាមរបស់សមត្ថកិច្ច និងជំនាញ ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាកត្តាមិន អាចខ្វះបាន ដើម្បីឲ្យការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយទទួលបានជោគជ័យ ក៏ដូចជាចូលរួម លើកកម្ពស់សុខភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ។ ក្នុងន័យនេះ ដើម្បីសម្រេចគោល បំណង និងគោលដៅជាយុទ្ធសាស្រ្តរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្នុងនាម គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ខ្ញុំនឹងបន្តកិច្ចខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំង កាយ កម្លាំងចិត្ត ដោយធ្វើការសម្របសម្រួល សហការគ្នាយ៉ាងជិតស្និទជាមួយនឹងស្ថាប័ន អង្គភាព ជំនាញពាក់ព័ន្ធទាំងអស់ សំដៅធ្វើយ៉ាងណាឲ្យបេសកកម្ម ក៏ដូចជាប្រតិបត្តិការប្រយុទ្ធប្រឆាំងផលិត ផលក្លែងក្លាយ ក្រោមការដឹកនាំ និងណែនាំដោយផ្ទាល់របស់ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទទួលបានជោគជ័យបន្ថែមទៀត ។

លោក បានលើកឡើងថា
ពិធីកម្ទេចនូវផលិតផលក្លែងក្លាយ-ខុសច្បាប់ នាពេលកន្លងមក ក៏ដូចជាពេលនេះដែរ វាក៏ជា សារមួយរំលឹកសារជាថ្មី ទៅដល់ជនល្មើសទាំងឡាយ ដែលបាននឹងកំពុងផលិត ស្តុកទុក និងចែកចាយ ផលិតផលក្លែងក្លាយ ថា ដរាបណាសកម្មភាពខុសច្បាប់បំផ្លាញសុខភាព សុខុមាលភាព និងសុវត្ថិភាព សង្គមនេះនៅតែបន្ត ដរាបនោះ គណៈកម្មាធិការ ក៏នៅតែព្យាយាមធ្វើការទប់ស្កាត់ និងរឹបអូសយក មកកម្ទេចចោល ដោយមិនមានការលើកលែង រឺក៏បន្ធូរបន្ថយជាដាច់ខាត ៕

អត្ថបទដែលជាប់ទាក់ទង