សម្តេចហ៊ុន សែន កំពុងឲ្យក្រុមមេធាវី សិក្សាប្តឹងអ្នកប្រមាថសម្តេច នៅតាមហ្វេសប៊ុក
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា សម្តេចកំពុងឲ្យក្រុមមេធាវីសិក្សាប្តឹងអ្នកប្រមាថសម្តេចនៅតាមហ្វេសប៊ុក។ សារប្រមាថរបស់សម្តេចនោះមានមិនតិចជាង ៣០នោះទេ ហើយនឹងប្តឹងទារសំណងជំងឺចិត្តមិនតិចជាង ២លានដុល្លារនោះទេ។
ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល ជាមួយកម្មករ និយោជិតប្រមាណជាង១ម៉ឺន៣ពាន់នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ នៅក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ បានថ្លែងថា បើទោះបីអ្នកប្រមាថនោះ នៅក្រៅស្រុក តែទ្រព្យសម្បត្តិគេ នៅក្នុងស្រុកទាំងអស់ គឺនឹងរឹបអូសយកទ្រព្យសម្បត្តិនោះ ទៅលក់យកលុយជួយកុមារកំព្រា។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា សម្តេចនឹងប្តឹងទារសំណងជំងឺចិត្តមិនតិចជាង ២លានដុល្លារនោះទេ ហើយបានលើកឡើងទៀតថា បើទោះបីអ្នកប្រមាថនោះនៅក្រៅស្រុកយ៉ាងណាក្តី តែទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងស្រុកទាំងអស់។ សម្តេចនឹងរឹបអូសយកទ្រព្យសម្បត្តិនោះទៅលក់យកលុយជួយកុមារកំព្រាតែម្តង នៅពេលដែលតុលាការសម្រេចឱ្យសងជំងឺចិត្ត៕