ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ ថ្កោលទោស HRW ចំពោះការប្រឌិតរបាយការណ៍ក្លែងក្លាយ វាយប្រហារថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធកម្ពុជា

104

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស ចំពោះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ដែលបានការប្រឌិតរបាយការណ៍ក្លែងក្លាយ វាយប្រហារថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធកម្ពុជា ចំនួន១២រូប។

សេចក្តីថ្លែងការណ៍ ក្រសួងមហាផ្ទៃ បានលើកឡើងថា៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែនរ៉ាវ៉ច (HRW) ដែលមានឈ្មោះប្រែត អាដាម ជាប្រធាន ជារឿយៗតែងតែច្នៃប្រឌិត និងបង្កើតឡើងនូវរបស់ដែលហៅថា របាយការណ៍សិទ្ធិមនុស្ស ដ៏ឆ្គួតលីលា មានចរិតជាការប្រមាថដល់ ការរីកចម្រើនលើគ្រប់វិស័យ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលស្របច្បាប់ ប្រសូត្រចេញពីការបោះឆ្នោត។ របាយការណ៍នេះ ក៏ឆ្លុះបញ្ចាំងអំពីឧបាយកលទុច្ចរិតរបស់ក្រុមបរទេសមួយចំនួន ដែលមានគំនិតគាំទ្រ អ្នកនយោបាយខ្មែរក្បត់ជាតិ ក្នុងគោលបំណងបង្កឱ្យមានចលនាវឹកវរ និងបំផ្លិចបំផ្លាញ សន្តិភាព ស្ថិរភាព និងសន្តិសុខរបស់ប្រជាពលរដ្ឋខ្មែរ”។

ជាថ្មីម្តងទៀត ក្រសួងមហាផ្ទៃ ប្រកាសថ្កោលទោស ចំពោះអង្គការ យូមែនរ៉ាយវ៉ច (HRW) ដែលមានបុគ្គលឈ្មោះ ប្រែត អាដាម ជាប្រធាន ហើយចាត់ទុកថា ការផលិតរបាយការណ៍នេះ ជាទង្វើមិនអាចអត់ឱនឱ្យបាន និងទាមទារឱ្យបុគ្គលនេះ ឈប់ជ្រៀតជ្រែក អធិបតេយ្យភាពរបស់កម្ពុជា តាមរយៈការផលិតរបាយការណ៍ក្លែងក្លាយ ដែលបង្កប់ឧបាយកលដ៏ពិសពុល ក្នុងបំណងញុះញង់ ប្រកបដោយគំនុំបុគ្គល និងមាននិន្នការគាំទ្រជនក្បត់ជាតិ និងទង្វើឱ្យប៉ះពាល់ដល់កិត្តិយស កងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង