ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពន្ធដារប្រមូលពន្ធជាង ៧៦១លានដុល្លារ នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៨

292

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា ត្រីមាសទី១ ឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារ ប្រមូនបានពន្ធ-អាករបានជាង ៧៦១,៦១លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ កើនឡើងជាង៦៧,២១លានដុល្លារ។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ  បានលើកឡើងថា ក្នុងខែមីនា ឆ្នាំ២០១៨ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួន ១ .៧៨៦,០៩ពាន់លានរៀល (ប្រមាណ ៤៤៦,៥២លានដុល្លារ) និងបានធ្វើបែបបទបង់ចូលថវិកាជាតិបានចំនួន ៨៩៧,១៧ពាន់លានរៀល (ប្រមាណ ២២៤,២៩លានដុល្លារ) ស្មើនឹង ១១,៦៦% នៃផែនការច្បាប់ ក្នុងនោះថវិកាថ្នាក់ជាតិចំនួន ៧៩២,៦១ពាន់លានរៀល (ប្រមាណ ១៩៨,១៥លានដុល្លារ) ស្មើនឹង ៨៨,៣៤% និងថវិកាថ្នាក់ក្រោមជាតិចំនួន ១០៣,៦៧ពាន់លានរៀល (ប្រមាណ ២៥,៩១លានដុល្លារ) ស្មើនឹង ១១,៥៥% ប្រសិនបើប្រៀបធៀបទៅនឹងខែមីនា ឆ្នាំ២០១៧ ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ មានការកើនឡើងចំនួន ១១៧,៩២ពាន់លានរៀល (ប្រមាណ ៣០,៧៧លានដុល្លារ) ពោលគឺកើនឡើង ៧,០៧%។
ក្នុងត្រីមាសទី១ ឆ្នាំ២០១៨ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូលបានមានចំនួន ៣.០៤៦,៤៤ពាន់លានរៀល (ប្រមាណ ៧៦១,៦១លានដុល្លារ) ប្រមាណ ៣៩,៦% នៃផែនការកំណត់ដោយច្បាប់ ប្រសិនបើប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៧ ឃើញថាការប្រមូលពន្ធ-អាករគ្រប់ប្រភេទ ក្នុងត្រីមាសទី១ ឆ្នាំ២០១៨ កើនឡើង ២៦៨,៨៤ពាន់លានរៀល (ប្រមាណ ៦៧,២១លានដុល្លារ)។

លោក អូន ព័ន្ធមុនីរ័ត្ន បានផ្តល់អនុសាសន៍ណែនាំបន្ថែមដល់អគ្គនាយកដ្ឋានពន្ធដារ ត្រូវបន្តពង្រឹងការគ្រប់គ្រងប្រមូលពន្ធ និងអាករនានាឱ្យប្រសើរឡើងថែមទៀត ជាពិសេសអាករលើតម្លៃបន្ថែម។ បន្តពង្រឹងអាករពិសេស តាមរយៈពង្រឹងកិច្ចសហការរវាងអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធានាបាននូវរក្សាបាននូវតុល្យភាព និងការប្រកួតប្រជែងដោយស្មើរភាព នៃសហគ្រាសនាំចូល និងសហគ្រាសផលិតក្នុងស្រុក។
បន្តពង្រឹងនិងធ្វើឱ្យប្រសើរឡើងថែមទៀត ចំពោះយន្តការនៃការងារសវនកម្មសហគ្រាស។
គាំទ្រចំពោះយន្តការនៃអនុវត្តប្រព័ន្ធតាមដានឯកសារ (Document Tracking)។

លោករដ្ឋមន្រ្តី ក៏បានណែនាំបន្ថែមដល់គ្រប់អង្គភាពឲ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ ឲ្យអ្នកជាប់ពន្ធរីករាយទទួលយក និងស្ម័គ្រចិត្តបង់ពន្ធគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង