ជម្លោះស្នេហាភេទទី៣ សុំរួមរស់ជាមួយគ្នាវិញ តែមិនព្រម ជនសង្ស័យ ជះទឹកអាស៊ីតដាក់ប្រុសស្នេហ៍ ត្រូវបានឃាត់ខ្លួនភ្លាមៗ
ភ្នំពេញ៖ ជនសង្ស័យ ជាស្រ្តីម្នាក់ បានទូរស័ព្ទទាក់ទងមកជនរងគ្រោះ ដើម្បីសុំជួបចរចា អំពីបញ្ហារស់នៅជាមួយគ្នាឡើងវិញ ប៉ុន្តែជនរងគ្រោះមិនយល់ព្រម ទើបធ្វើឲ្យជនសង្ស័យខឹងជាខ្លាំង ហើយឈានដល់ការជះទឹកអាស៊ីតដាក់ជនរងគ្រោះ បណ្តាលឲ្យរបួសត្រង់ផ្ទៃមុខនិងទ្រូងតែម្តង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅអធិការនគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។
ករណីមនុស្សឃាតដោយចេតនា (ជះទឹកអាស៊ីត)បានកើតឡើង ចំណុចមុខសណ្ឌាគារឡឺម៉ុងអគារ លេខ១៩៦ ផ្លវលេខ៣០៤ក្រុម៣៩ ភូមិ០៥ សង្កាត់បឹងកេងកងទី០២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង២០ និង៣០នាទី។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឃុន កុសល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១៦៣ សង្កាត់បឹងកេងកង ទី៣ ខណ្ឌចំការមន មុខរបរបុគ្គលិកសណ្ឋាគារឡឺម៉ុង រងរបួសត្រង់មុខ និងទ្រូង។ ចំណែកជនសង្ស័យ ឈ្មោះ ឡាច សោភ័ណ្ឌ ភេទប្រុស (ភេទទីបី) អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មុខរបរគ្មាន។
សូមជម្រាបថា ករណីជះទឹកអាស៊ីត បានលុបបំបាត់ស្ទើរតែទាំងស្រុងទៅហើយ ដោយកម្ពុជា បានរឹតបន្តឹងច្បាប់ ហើយនេះជាករណីទីមួយ នៅក្នុងឆ្នាំ២០១៩៕