ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការនិងអាជ្ញាធរខណ្ឌទួលគោកសហការគ្នាសំអាតបរិស្ថាននឹងប្រើគ្រឿងចក្រកាយសំរាមចេញពីប្រឡាយបឹងសាឡាង

121

ភ្នំពេញ៖ លោកឯកឃុនដឿនអភិបាលនៃគណៈអភិបាលខណ្ឌទួលគោក និងលោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៦ខែមិនាឆ្នាំ ២០១៩ នេះបានដឹកនាំមន្ត្រីរបស់ខ្លួន សំអាតបរិស្ថានមាត់ប្រឡាយបឹងសាឡាងនឹងដាក់គ្រឿងចក្រកាយយកសំរាមដែលប្រជាពលរដ្ឋយកទៅបោះចោលយ៉ាងអនាធិបតេយ្យទៅក្នុងប្រឡាយនោះ។

   លោកឯក ឃុនដឿនបានមានប្រសាសន៍ឲ្យដឹងថា ការសំអាតបរិស្ថាននិងប្រមូលសំរាមចេញពីតួប្រឡាយខាងលើនេះ គឺអនុវត្តន៍ចាប់ពីផ្លូវ៣៣៦ក្នុងសង្កាត់បឹងសាឡាងរហូតទៅដល់គល់ស្ពានអាកាសស្ទឹងមានជ័យ ។ ក្នុងនោះសម្រាប់មន្រ្តី រដ្ឋបាលខណ្ឌទួលគោក យើងប្រមូលសំរាមច្រកថង់តាមបណ្ដោយមាត់ប្រឡាយ។ ដោយឡែកគ្រឿងចក្ររបស់សាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញក៏បានចាប់កាយសំរាមពីក្នុងប្រឡាយចាប់ពីផ្លូវ៣៣៦ក្នុងសង្កាត់បឹងសាឡាងរហូតដល់គល់ស្ពានអាកាសស្ទឹងមានជ័យផងដែរ ដោយអនុវត្តរហូតបញ្ចប់ការងាររបស់ខ្លួន ដើម្បីធ្វើយ៉ាងណាអោយប្រឡាយខាងលើអាចរំដោះទឹកបានកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀង។

  លោកសាំ ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងផងដែរថា   សម្រាប់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ខណៈនេះគឺមិនមែនធ្វើសកម្មភាពកាយសំរាម នៅតែប្រឡាយបឹងសាឡាងមួយនេះទេគឺយើងបាននិងកំពុងធ្វើសកម្មភាពកាយសំរាមនៅប្រឡាយបឹងត្របែកផងដែរ ដោយបញ្ជាក់ថា ប្រឡាយបឹងត្របែកក្នុងមួយថ្ងៃ យើងដាក់គ្រឿងចក្រកាយសំរាមចេញបានប្រមាណជា១៥០ម៉ែត្រគុបក្នុងមួយថ្ងៃ និងប្រមាណជា៨៥០០តោនក្នុងមួយឆ្នាំ ហើយសម្មភាពបែបនេះគឺយើងធ្វើជារៀងរាល់ខែ ដើម្បីឲ្យប្រឡាយទាំងមូលអាចរំដោះទឹកបាន។ក្រៅពីនេះយើងក៏បាននិងកំពុងស្ដារលូនិងអាងស្តុកទឹកក្រោមដីនៅក្បែរវត្តបទុមវត្តីផងដែរ ។

   ក្នុងឱកាសនោះដែរ លោកសាំ ពិសិដ្ឋក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម សហការសំអាតបរិស្ថានទាំងអស់គ្នា ពិសេសចៀសវាងការអោយបាន គឺកុំយកសំរាមមកបោះចោលនៅក្នុងប្រឡាយទឹក៕

 

   

អត្ថបទដែលជាប់ទាក់ទង