សង្គ្រោះបាន១៣នាក់ តែបានបង្កផលប៉ះពាល់ ដល់ដីស្រែចំការ របស់ពលរដ្ឋជុំវិញនោះ រាប់ពាន់ហិកតា
បាងកក៖ សារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃអង្គារ ទី៣ ខែកក្កដា ឆ្នាំ២០១៨ បានឱ្យដឹងថា ទោះបីជាក្រុមអាជ្ញាធរបានជួយសង្គ្រោះមនុស្សទាំង១៣នាក់ បានក៏ពិតមែន តែបានបង្កផលប៉ះពាល់ ដល់ដីស្រែចំការ របស់ពលរដ្ឋជុំវិញនោះ រាប់ពាន់ហិកតា ដោយសារតែការបូមទឹកចេញពីក្នុងល្អាងភ្នំថាំលួង នៅខេត្តឈៀងរ៉ាយ។
ក្រុមមន្រ្តី បាននិងកំពុងធ្វើការវាយតម្លៃពីទំហំខូចខាត លើផ្ទៃដីស្រែចំការ ១៤.០០០ រ៉ៃ ជាកម្មសិទ្ធិរបស់កសិករ ១០១នាក់ ត្រូវបានជន់លិចដោយសារតែភ្លៀងធ្លាក់ខ្លាំង និងទឹកដែលត្រូវបានបូមចេញពីរូងភ្នំ Tham Luang។
លើសពីនេះទៅទៀត អគ្គនាយកដ្ឋាននៃក្រសួងកសិកម្មថៃ លោក ស៊ុមឆៃ ឆានណារុងគុល (Somchai Charnnarongkul) ក៏បានអះអាងដែរថា កសិករនៅក្នុងតំបន់ប៉ះពាល់ទាំងបីនេះ អាចនឹងទទួលសំណង ១.១១៣ បាត (១ដុល្លារ = ៣៣បាត) ក្នុងមួយរ៉ៃ ជាមួយសំណងអតិបរមា ៣០ រ៉ៃ ក្នុងមួយគ្រួសារ៕