ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើម្បីលើកកំពស់នូវតម្លៃ របស់ខ្លួន អ្នកសារព័ត៌មាន គួរស្វែងយល់អំពីច្បាប់រដ្ឋធម្មនុញ្ញ ពិសេសច្បាប់ស្តីពីរបបសារព័ត៌មាន និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ និង វិជ្ជាជីវ:អ្នកសារព័ត៌មាន ។ នៅពេលខាងមុខនឹងមានច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាន

238


ខ្លឹមសារនៃក្រមសីលធម៌អ្នកសារព័ត៌មានកម្ពុជា មានដូចខាងក្រោមនេះ ១-ការស្វែងរក និងរាយការណ៏ព័ត៌មានពិត ១-១​ ត្រូវលើកកម្ពស់ការសរសេរ និងការផ្សព្វផ្សាយទាំងទ្បាយឲ្យមានការពិតនិងត្រឹមត្រូវ ។ ១-២ ប្រើវិធីដោយសុច្ចរិតត្រឹមត្រូវ ដើម្បីស្វែងរកដំណឹង រូបថត និងឯកសារផ្សេងៗក្នុងការចុះផ្សាយ។
១-៣ ត្រូវត្រួតពិនិត្យព័ត៌មានទ្បើងវិញមុន ការផ្សព្វផ្សាយដើម្បីបញ្ជាក់អំពីការពិត និងភាពច្បាស់លាស់ នៃហេតុការណ៏ ។ ១-៤ ត្រូវបែងចែក និងញែកចេញឲ្យ ដាច់រវាងព័ត៌មាន និងការបញ្ចេញទស្សន:យោបល់ ដើម្បីបង្ហាញ នូវអ្វីដែលជាហេតុការណ៏ពិតនៃព័ត៌មាន និងអ្វីដែលជាការបញ្ចេញមតិ។ ១-៥ រាល់ការបញ្ចេញយោបល់រិះគន់ ត្រូវធ្វើទ្បើងដោយភាពថ្លៃថ្នូរ និងត្រូវគោរពសិទ្ធិអ្នកដទៃ អោយ សមជាអ្នកសារព័ត៌មានពិតប្រាកដ។ ១-៦ ត្រូវរាយការណ៏តែតាមហេតុការណ៏ ដែលខ្លួនបានឃើញ និងបានដឹងពីប្រភពដើមតែប៉ុណ្ណោះ។​ អ្នកសារព័ត៌មាន មិនត្រូវលប់បំបាត់ចោល និងបំភ្លៃនូវព័ត៌មានសំខាន់ៗ ឬ កែបន្លំឯកសារផ្សេងៗ​ទ្បើយ។ ១-៧ ផ្សព្វផ្សាយព័ត៌មានដែល ពិតជាក់ស្តែង មិនលំអៀង មានតុល្យភាព និងមិនត្រូវផ្សព្វផ្សាយព័ត៌មាន ណាដែលនាំអោយមានការភ័ន្តច្រទ្បំដល់សាធារណជនឡើយ។ ១-៨ អ្នកសារព័ត៌មានត្រូវផ្តល់សំទ្បេងទៅក្រុមណាដែលមិនមានលទ្ធភាព ឬ មិនមានឱកាសក្នុងការ បញ្ចេញសំទ្បេងនូវអ្វីដែលពួកគេចង់បាន។ ១-៩ ព្យាយាមស្វែងរកអ្នកដែលពាក់ព័ន្ធនៅក្នុងសាច់រឿងព័ត៌មាន ដើម្បីផ្តល់ឱកាសអោយគេបាន បកស្រាយ ទៅនឹងអ្វីដែលបានចោទប្រកាន់។ ១-១០ ជៀសវាងការប្រើប្រាស់វិធីសម្ងាត់ ដើម្បីទទួលបានព័ត៌មាន លើកលែងតែពេលដែល​ប្រើប្រាស់វិធី បើកចំហរមិនអាចទទួលបានព័ត៌មានសម្រាប់សាធារណជន។២- ការទទួលខុសត្រូវ ២-១ បំពេញករណីយកិច្ចក្នុងវិជ្ជាជីវៈតាមក្របខណ្ឌច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា និង រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ២-២ ការសរសេរ និពន្ធ និយាយ សំរាប់ការផ្សព្វផ្សាយ ត្រូវគោរពតាមក្បួនខ្នាតវេយ្យាករណ៏ អក្ខរាវិរុទ្ធ ខ្មែរ អោយបានត្រឹមត្រូវ។ ២-៣ ទទួលខុសត្រូវចំពោះរាល់ការផ្សព្វផ្សាយដែលខុសការពិត ហើយត្រូវធ្វើការចុះផ្សាយកែតម្រូវ រកការពិតទ្បើងវិញ។ ការកែតម្រូវនេះជាកាតព្វកិច្ចផ្ទាល់នៃអង្គការសារព័ត៌មាន ដែលបានប្រព្រឹត្តិ កំហុស។ ២-៤ ហាមឃាត់ការលួចចម្លង និងថតចម្លងអត្ថបទ និងរូបភាពរបស់អ្នកដទៃ ហើយដាក់ឈ្មោះខ្លួន ឯង។ បើថតចម្លងអត្ថបទ និងរូបភាពរបស់អ្នកដទៃ ដើម្បីយកមកចុះផ្សាយត្រូវដាក់ឈ្មោះ និងការ អនុញ្ញាតពីម្ចាស់ប្រភព។ ២-៥ ទទួលយកតែភារកិច្ចណាដែលថ្លៃថ្នូរតាមវិជ្ជាជីវៈសារព័ត៌មាន និង មិនធ្វើអោយខូចប្រយោជន៏ ឬ ធ្វើឲ្យបែកបាក់សាមគ្គីភាពរវាងអ្នកសារព័ត៌មានដូចគ្នា។ ២-៦ ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវផ្សាយពាណិជ្ជកម្មទាំងទ្បាយណា ដែលធ្វើឲ្យប៉:ពាល់ដល់សុខភាព ប្រពៃណី ទំនៀមទំលាប់ និង តម្លៃរបស់ជាតិ។
៣-​ ភាពឯករាជ្យ ៣-១ ត្រូវធ្វើការផ្សព្វផ្សាយប្រកបដោយសីលធម៌វិជ្ជាជីវៈ ដែលគោរពសេចក្តីថ្លៃថ្នូររបស់មនុស្សឈរលើ មូលដ្ឋានច្បាប់ មិនលំអៀងមានតុល្យភាព សច្ចៈភាពនិងឯករាជ្យ ។
៣-២ ត្រូវហ៊ានសរសេររាយការណ៍ព័ត៌មានពិត ​និងហ៊ានបដិសេធ​សរសេរ និយាយ បញ្ចាំង រូបភាព ដែលផ្ទុយពីការពិត ដែលជាការផ្តល់ផលប្រយោជន៏ឲ្យការរកស៊ីរបស់បុគ្គល ឬ​ ក្រុម​មនុស្ស។ ធ្វើបែបនេះដើម្បីពង្រឹងកិត្យានុភាព និង វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។​ ៣-៣ ចាងហ្វាង ឬ និពន្ធនាយកត្រូវបែងចែកឲ្យដាច់ពីគ្នា រវាងអត្ថបទព័ត៌មាន និងអត្ថបទ​ឃោសនា។ ធ្វើបែបនេះ គឺដើម្បីពង្រឹងកិត្យានុភាព និងឯករាជ្យភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ។
៣-៤ ត្រូវប្រកាន់ខ្លួនជាអ្នកសារព័ត៌មាន សេរី ឯករាជ្យ យុត្តិធម៌ អព្យាក្រិត មិនលំអៀង ឬ ប្រកាន់ និន្នាការនយោបាយណាមួយទ្បើយ។
៣-៥ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ត្រូវរួបរួមគ្នាការពារសេរីភាពសារព័ត៌មាន និងការពារមិនអោយ មានការត្រួតពិនិត្យមុនពេលផ្សព្វផ្សាយ។ ៣-៦ អ្នកសារព័ត៌មានមិនត្រូវរំលោភបំពានអធិបតេយ្យ (សិទ្ធិអំណាច) របស់ស្ថាប័នផ្សព្វផ្សាយឯករាជ្យ និង វិជ្ជាជីវៈ ដែលខ្លួនធ្វើការនោះទេ។

៤- ប្រភព ៤-១ រក្សាជាសម្ងាត់ចំពោះប្រភពព័ត៌មានដែលផ្តល់ឲ្យ និង មិនត្រូវប្រើសិទ្ធិអំណាចក្នុងការផ្សាយ របស់ខ្លួន ដើម្បីបង្ហាញអត្តសញ្ញាណរបស់ប្រភពព័ត៌មានទេ ប្រសិនបើគ្មានការយល់ព្រមពីសាម៉ី ខ្លួនជាមុននោះ។

៤-២ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានមិនត្រូវយកស្នាដៃអ្នកដទៃមកធ្វើជាស្នាដៃរបស់ខ្លួនទ្បើយ (រាល់ការ ចម្លង និងប្រើរូបភាពផ្សេងៗ ត្រូវបញ្ជាក់ពីប្រភពដើមឲ្យបានច្បាស់លាស់)។

៥- បុគ្គលឯកជន
៥-១ អ្នកសារព័ត៌មានត្រូវគោរពសិទ្ធិរបស់ប្រជាពលរដ្ឋ និងសិទ្ធិបុគ្គលស្របតាមគោលការណ៍ច្បាប់ ៥-២ អ្នកសារព័ត៌មានមិនត្រូវរំលោភបំពានលើជីវិតឯកជនរបស់បុគ្គលទ្បើយ លើកលែងតែមានភាពចាំ បាច់តម្រូវឲ្យមានការផ្សព្វផ្សាយ ដើម្បីបម្រើ និងការពារផលប្រយោជន៏សាធារណ:និងសង្គម។

៥-៣ អ្នកសារព័ត៌មានមិនត្រូវទទួចសួរ ទូរស័ព្ទ តាមស្វែងរក និងថតរូបបុគ្គលណាម្នាក់ក្នុងរឿងឯកជន នៅពេលដែលការស្នើរសុំនោះត្រូវបានបដិសេធន៏ ហើយមិនត្រូវបំពានលើទ្រព្យសម្បត្តិគេទេ នៅពេលដែល ត្រូវបានស្នើសុំអោយចាកចេញ និង មិនត្រូវតាមប្រមាញ់គេទ្បើយ។ ៥-៤ ក្នុងករណីដែលជាប់ពាក់ព័ន្ធទៅនឹងទុក្ខសោក និងភាពតក់ស្លុតរបស់បុគ្គល ការសាកសួររបស់​អ្នកសារព័ត៌មានត្រូវធ្វើទ្បើង ដោយយល់ចិត្តប្រកបដោយការប្រុងប្រយ័ត្ន និងមិនត្រូវធ្វើ​អោយប៉ះ​ពាល់​អារម្មណ៏ផ្លូវចិត្តរបស់បុគ្គល ដែលពាក់ព័ន្ធនោះទេ។ ទាំងនេះមិន​ត្រូវដាក់កំរិតលើសិទ្ធិ​ក្នុងការរាយការណ៏ ប្រកបដោយភាពត្រឹមត្រូវ ដូចជាការស៊ើបសួរនោះទេ។

៥-៥ ត្រូវទទួលស្គាល់ថា បុគ្គលឯកជនមានសិទ្ធិក្នុងការគ្រប់គ្រងព័ត៌មានអំពីខ្លួនគេ ច្រើនជាងមន្រ្តី សាធារណ: និងអ្នកដទៃទៀត ដែលខិតខំស្វែងរក អំណាច ឥទ្ធិពល ឬ ការចាប់អារម្មណ៏។ មាន តែ​សេចក្តីត្រូវការជាចាំ​បាច់​​​ពីសាធារណជនតែមួយគត់ ដែលអាចជ្រៀតចូលឯកជនភាព របស់ នរណាម្នាក់។

៥-៦ ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវបង្ហាញរូបថតរបស់បុគ្គលណាម្នាក់ ដោយសារតែនិយោជកបញ្ឈប់ពី​ការងារនោះទេ។ លើកលែងតែបុគ្គលនោះពាក់ព័ន្ធទៅនឹងបទល្មើសផ្សេងៗ ដូចជាការលួចបន្លំ ប្រាក់កាស ឆបោក រំលោភសេចក្តីទុកចិត្ត ។ល។

៥-៧ ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវផ្សព្វផ្សាយអំពីសម្ព័ន្ធភាពផ្លូវភេទ នៅក្នុងចំណងអាពាហ៏ពិពាហ៏ ឬ ក្រោយ​ការលែងលះ ដោយគ្មានការអនុញ្ញាតពីសាម៉ីខ្លួនទ្បើយ។

៦- ស្រ្តី កុមារ និងជនពិការ ៦-១ អ្នកសារព័ត៌មានត្រូវ គិតគូរពីផលប៉ះពាល់ដល់ជីវភាពសាធារណ: ជាពិសេសស្ថានភាព ស្រ្តី កុមារ និងជនពិការ។

៦-២ មិនត្រូវប្រើប្រាស់រូបភាពអាក្រាត ឬ រូបភាពដែលស្រើបស្រាលរបស់ជនរងគ្រោះ ក្នុងការផ្សព្វ​ផ្សាយ ដែល​​​​​ធ្វើអោយបាត់បង់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្រ្តីទូទៅ។

៦-៣ អ្នកសារព័ត៌មានមិនត្រូវប្រើប្រាស់ពាក្យ ឬ ឃ្លាដែលហាក់ដូចជាមានការវិនិច្ឆ័យទៅលើ ជនរង គ្រោះ ឬ ជនសង្ស័យដែលជាស្រ្តី កុមារ និងជនពិការ។ ឧទាហរណ៏៖ ស្រ្តីពេស្យា ស្រីខូ​ច អ្នកញៀនថ្នាំ កំបុតដៃ កំបុតជើង ទ្បប់សតិ។ល។

៦-៤ អ្នកសារព័ត៌មានមិនត្រូវធ្វើកិច្ចសម្ភាសន៍ និងថតរូបកុមារមានអាយុតិចជាង១៨ឆ្នាំ ដែលជាប់​ពាក់​ព័ន្ធនឹងសុខមាលភាពរបស់ខ្លួនគេ ឬ របស់កុមារដទៃទៀតដើម្បីធ្វើការផ្សាយទេ លុះត្រាតែមានការ យល់ព្រមពីឪពុកម្តាយ ឬ អាណាព្យាបាល ឬ​ អ្នកដែលទទួលខុសត្រូវលើរឿងនោះ។

៦-៥ អ្នកសារព័ត៌មានមិនត្រូវប្រើសម្ភារ: ដើម្បីជាថ្នូរនឹងការទទួលបានព័ត៌មានទាក់ទងនឹងសុខមាល ភាពរបស់កុមារទេ។

៦-៦ ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវបង្ហាញអត្តសញ្ញាណកុមារ ដែលមានអាយុក្រោម១៨ឆ្នាំ ដែលជាជនរង​គ្រោះ ឬ ជាសាក្សី នៅក្នុងករណីបទល្មើសផ្លូវភេទទ្បើយ។

៧- ការរើសអើង
៧-១ អ្នកសារព័ត៌មានត្រូវគោរព និងអនុវត្តតាមអនុសញ្ញា និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស និងការលុបបំបាត់រាល់ទំរង់នៃការរើសអើង ប្រកាន់ពូជសាសន៏ សាសនា និងបញ្ហាភេទ។

៧-២ អ្នកសារព័ត៌មានត្រូវជៀសវាងការប្រើពាក្យរិះគន់ ឬ សេចក្តីបញ្ជាក់ដែលធ្វើអោយមានគ្រោះថ្នាក់ ដល់ពូជសាសន៏ ពណ៌សប្បុរ សាសនា យេនឌ័រ ភេទ របស់បុគ្គល ឬ ធ្វើអោយមានគ្រោះថ្នាក់ ដល់ជនពិការ ឬ អ្នកដែលមានជម្ងឺផ្លូវកាយ និង ផ្លូវចិត្ត។

៧-៣ អ្នកសារព័ត៌មានត្រូវចៀសវាងការស្អប់ បុរេវិនិច្ឆ័យ អាកប្បកិរិយាមើលងាយ និងការប្រកាន់ពូជ សាសន៏ យេនឌ័រ ភេទ ភាសា សាសនា នយោបាយ ពិការរាងកាយ ពិការស្មារតី ឬ អ្វីផ្សេងៗ ទៀតរបស់សារវតាសង្គម។

៧-៤ សេចក្តីលំអិត ពូជសាសន៏ ពណ៌សំប្បុរ សាសនា ភេទ​ ជម្ងឺផ្លូវកាយ និងផ្លូវចិត្តរបស់បុគ្គល ឬ ជនពិការ ត្រូវជៀសវាងមិនត្រូវលើកទ្បើងទេ លុះត្រាតែលក្ខណ:ទាំងនោះវាទាក់ទងទៅនឹង សំណុំរឿង។

៨- ការញុះញង់
៨-១ មិនត្រូវផ្សព្វផ្សាយនូវព័ត៌មានណាដែលមួលបង្កាច់កេរ្តិ៍ឈ្មោះបុគ្គល ឬ បំភ្លៃសភាពការណ៏ផ្សេងៗ ខុសពីការពិត ដែលនាំអោយមានការចលាចលសង្គម និង ប្រទេសជាតិ។

៨-២ អ្នកសារព័ត៌មានត្រូវចាត់ទុកថាមានកំហុសវិជ្ជាជីវៈធ្ងន់ធ្ងរ ចំពោះការប្រើពាក្យអសុរស មួលបង្កាច់ និងការចោទប្រកាន់ដោយគ្មានភស្តុតាង ព្រមទាំងការកាទ្បៃព្រឹត្តិការណ៏ផ្ទុយពីការពិត។

៩- ការសូកប៉ាន់
៩-១ អ្នកសារព័ត៌មានគួរជៀសវាងទទួលយកការផ្គាប់ផ្គុន ឬ ការតម្រូវចិត្តណាមួយដែលនាំឲ្យអាប់ឱន ប៉ះពាល់ ដល់កិត្តិយសវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូររបស់ខ្លួនទ្បើយ។

៩-២ ហាមដាច់ខាតមិនត្រូវទទួលយកនូវសំណូកសូកប៉ាន់ ដើម្បីជាថ្នូរនឹងការផ្សាយ ឬ មិនផ្សព្វផ្សាយ ​ ព័ត៌មាន។

៩-៣ អ្នកសារព័ត៌មានត្រូវចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលនាំអោយប្រទេសជាតិ​ធ្លាក់ទៅក្នុងគ្រោះមហន្តរាយ។

១០- ប្រពៃណីជាតិ
១០-១ អ្នកសារព័ត៌មាន ត្រូវគោរពប្រពៃណីទំនៀមទំលាប់ល្អ របស់សង្គមជាតិ។

១០-២ ត្រូវរក្សានូវអត្តសញ្ញាណ សាសនា ប្រពៃណី និង វប្បធម៌ជាតិ ។

១០-៣ មិនត្រូវផ្សព្វផ្សាយរូបភាពអាសអាភាស រូបភាពសោកនាកម្មដោយមិនបិទបាំង និង អត្ថបទដែល ធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីល្អរបស់ជាតិ ។

១១- ការរាយការណ៏ពីអំពើឧក្រិដ្ឋកម្ម
១១-១ សេចក្តីរាយការណ៏ព័ត៌មានអំពីបទឧក្រិដ្ឋដែលកំពុងស្ថិតក្រោមការស៊ើបអង្កេត ឬ តុលាការមិន ទាន់វិនិច្ឆ័យ ត្រូវបានហាមឃាត់មិនឲ្យអ្នកសារព័ត៌មានបញ្ចេញមតិយោបល់នៅក្នុងអត្ថបទនោះ។

១១-២ នៅពេលរាយការណ៏ពីអំពើឃាតកម្ម គប្បីត្រូវយកចិត្តទុកដាក់ដើម្បីចៀសវាងនូវការផ្សាយ លំអិត ពីវិធី ដែលប្រើប្រាស់ក្នុងការសម្លាប់ណាមួយហួសហេតុ។

១១-៣ អ្នកសារព័ត៌មានត្រូវគោរពសិទ្ធិរបស់ជនសង្ស័យ ដែលជាប់ពាក់ព័ន្ធទៅនឹងអំពើឧក្រិដ្ឋ និង​មិន​ត្រូវ ថតរូប និងមិនត្រូវ​​ចោទ​ប្រកាន់ជនណាម្នាក់ថាជាឧក្រិដ្ឋជន នៅពេលដែលតុលាការមិនទាន់​បាន​វិនិច្ឆ័យទោសនោះឡើយ។

១១-៤ សាច់ញាតិ ឬ មិត្តភ័ក្តិ របស់អ្នកដែលត្រូវបានចោទប្រកាន់ ឬ កាត់ទោសពីបទឧក្រិដ្ឋ ជាទូទៅមិន​ត្រូវបង្ហាញអត្តសញ្ញាណ ដោយគ្មានការយល់ព្រមពីពួកគេទ្បើយ លុះត្រាតែពួកគេជាអ្នកជាប់​ទាក់​ទង​នឹងរឿងក្តីតែម្តង។

១១-៥ ត្រូវផ្តោតការយកចិត្តទុកដាក់ ជាពិសេសដល់សុវត្ថិភាពអ្នកដែលងាយរងគ្រោះ ជាកុមារ ជាសាក្សី​ ឬក៏ជាជនរងគ្រោះនៃឧក្រិដ្ឋកម្ម។ អ្នកសារព័ត៌មានមិនគួរទាមទារសិទ្ធិក្នុងការរាយការណ៏​ ដែល​ត្រឹម​​ត្រូវ​​​តាម​ច្បាប់នោះទេ។

១១-៦ ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវបង្ហាញអត្តសញ្ញាណជនរងគ្រោះ ដោយការរំលោភផ្លូវភេទ និងជន សង្ស័យ​​​មិនគ្រប់អាយុ ឬ ផ្សព្វផ្សាយនូវអ្វី​ដែលរួមចំណែកក្នុងការធ្វើអោយស្គាល់អត្តសញ្ញាណ របស់ជនរងគ្រោះ លុះត្រាតែមានហេតុផលស្របច្បាប់ ។

១១-៧ អ្នកសារព័ត៌មានមិនត្រូវផ្សព្វផ្សាយព័ត៌មាន ដែលមានលក្ខណ:មិនសមរម្យ ឃោឃៅ ឬ អំពើ ហិង្សាលើ​រាង្គកាយ និង អំពើហិង្សានៃការរួមភេទនោះទេ៕

អត្ថបទដែលជាប់ទាក់ទង