ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម: គ្រឿងញៀន គឺជាបញ្ហាស្មុគស្មាញ ដែល​ពិភពលោក​កំពុង​ទទួល​រង​ការ​គំរាមកំហែង​

88

​ភ្នំពេញ​៖​ សម្ដេច​ក្រឡាហោម​ បានគូសបញ្ជាក់ថា គ្រឿងញៀន គឺជា​បញ្ហា​ស្មុគស្មាញ​មួយ​ ដែល​ពិភពលោក​កំពុង​ទទួល​រង​ការ​គំរាមកំហែង​ ហើយ​ស្ថានភាព​កំណើន​នៃ​ការ​ផលិត​ ការ​ចរាចរ​ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​ កំពុង​តែ​វិវត្តន៍​ទៅ​តាម​ចរន្ត​នៃ​ភាព​រីក​ចំរើន​ផ្នែក​បច្ចេកវិទ្យា​ វិទ្យាសាស្ត្រ​ សេដ្ឋកិច្ច​ និង​សង្គម​ ដែល​និន្នាការ​នេះ​ គឺជា​ការ​ប្រឈម​ដ៏​លំបាក​ទាំង​ការ​អនុវត្ត​ច្បាប់​ និង​ការ​ដាក់​ចេញ​វិធានការ​ដោះស្រាយ​សម្រាប់​ប្រទេស​ដែល​កំពុង​រង​គ្រោះ​។​

នៅរសៀលថ្ងៃ ទី២១ ខែមីនា​ ឆ្នាំ​២០១៩​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អញ្ជើញ​ជា​អធិបតី​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៨​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩​និង​ពិធី​បិទ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៣​។​

​ លោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​អាន​របាយការណ៍​សង្ខេប​ជូន​អង្គសន្និបាត​ ហើយ​ជា​ការ​កត់សំគាល់​ ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ​ បទល្មើសគ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាប​បាន​មាន​សរុប​ចំនួន​៨០០២​ករណី​ ឃាត់ខ្លួន​អ្នក​ជាប់​ពាក់ព័ន្ធ​ចំនួន​១៦២១៦​នាក់​ និង​គ្រឿងញៀន​សរុប​ចំនួន​៥៣៦​គីឡូក្រាម​។​

​បន្ទាប់​មក​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ថ្លែង​ថា​ កន្លងមក មជ្ឈដ្ឋាន​ខ្លះ​បាន​រិះគន់​រាជរដ្ឋាភិបាល​កម្ពុជា​ថា​ បានបរាជ័យក្នុងការងារប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ ដោដោយសដោយសម្ដេចបានឆ្លើយតបថា រាជរដ្ឋាភិបាលមិនមានគំនិតខឹងសម្បារចំពោះការ​រិះគន់​នេះ​ទេ​ ព្រោះ​នៅ​លើ​ពិភពលោក​​ គ្មានប្រទេសណាមួយធ្វើបានជោគជ័យនោះទ ប៉ុន្តែ​សម្រាប់​កម្ពុជា​ សូម​មជ្ឈដ្ឋាន​រិះគន់​ទាំងនោះ​ មានការ​ពិចារណា​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ និង​លទ្ធផល​ជា​បន្តបន្ទាប់​ផង​។​

​ក្រឡាហោម​ ស​ ខេ​ង​ បាន​មាន​ប្រសាសន៍​ថា​ មន្ត្រីនគរបាលដែលជាប់ពាក់ព័ន្ធបទល្មើស​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​ រ៉ក់ ហើយ​ដែល​កំពុង​រត់គេច​ខ្លួន​នោះ​ គួរតែ​ចូល​មក​សារភាព​កំហុស​ ពីព្រោះ​សម្ដេច​អះអាង​ថា​ ជននោះនឹងមិនអាចរត់ទៅណារួចឡើយ ហើយ​សមត្ថកិច្ច​ត្រូវ​កំណត់​យក​ទី​កំសាន្ត​ និង​កាស៊ីណូ​ ជា​មុខសញ្ញា​ស្រាវជ្រាវ​ និង​បង្ក្រាប​គ្រឿងញៀន​។​
សម្ដេច​ក៏​បាន​ណែនាំ​ស្នងការ​នគរបាល​ខេត្ត​ទាំងអស់​ត្រូវ​ក្ដាប់​ក្ដី​កង្វល់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ និង​ការ​រំខាន​សេចក្ដីសុខ​របស់​ពួក​គាត់​ នៅតាមមូលដ្ឋានឲ្យបាន ហើយ​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​ ដែលកំពុងហូរទៅតំបន់ជនបទ និង​ដាច់ខាត​មិន​ត្រូវ​បណ្ដោយ​ឲ្យ​គ្រឿងញៀន​មាននៅ​ក្នុង​សាលារៀន​ឡើយ​។​
​សម្ដេច​ក៏​បាន​ក្រើនរំលឹក​មន្ត្រី​នគរបាល​ទាំងអស់​ មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​នោះ​ទេ​ ហើយ​រឹតតែ​មិន​ត្រូវ​ពាក់ព័ន្ធ​ជា​ដាច់ខាត​ការ​ប្រើ​វប្បធម៌​អន្តរាគមន៍​ នៅក្នុងបញ្ហាគ្រឿងញៀន ដោយ​សម្ដេច​បាន​បញ្ជាក់​វប្បធម៌​អន្តរាគមន៍​នេះ​ មិន​ថា​តែ​បញ្ហា​គ្រឿងញៀន​ទេ​ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​យុត្តិធម៌​ទាំងមូល​តែ​ម្ដង​ ហើយ​ថ្នាក់ដឹកនាំ​នគរបាល​ត្រូវ​តាមដាន​សកម្មភាព​មន្ត្រី​របស់​ខ្លួន​ និង​មាន​វិធានការ​ភ្លាម​ប្រសិនបើ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​។​
​ចំពោះ​សំណូមពរ​របស់​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ដែល​បាន​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ជន​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​នោះ​ សម្ដេច​បាន​ណែនាំ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ត្រូវ​រៀបចំ​ធ្វើ​សេចក្ដី​ព្រាង​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​នេះ​ឲ្យ​បាន​ក្នុង​ឆមាស​ទី​២​ឆ្នាំ​២០១៩​។​
​សម្រាប់​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ពិសេស​ការ​អនុវត្ត​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៩​ និង​ការ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៤​ សម្ដេច​ក្រឡាហោម​ បាន​អំពាវនាវ​សប្បុរសជន​ អង្គការ​ សមាគម​ វិស័យ​ឯកជន​ និង​ដៃគូ​អភិវឌ្ឍន៍​ជាតិ​ និង​អន្តរជាតិ​ សូម​ចូលរួម​ និង​ផ្ដល់​ការ​គាំទ្រ​តាម​គ្រប់​លទ្ធភាព​ ជា​មធ្យោបាយ​ សម្ភារៈ​ បច្ចេកទេស​ និង​ថវិកា​ ដើម្បី​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​។​

សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​បង្ហាញ​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​លើ​ឆន្ទៈ​ និង​ការ​ប្ដេជ្ញា​ចិត្ត​ របស់​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ពាក់ព័ន្ធ​ ថា​នឹង​ពិតជា​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​ ប្រកបដោយលទ្ធផលត្រចះត្រចង់នូវរាល់ទិស​ដៅ​ការងារ​ ដែលបានកំណត់សម្រាប់ឆ្នាំខាងមុខជាបន្តបន្ទាប់ទៀត ពិសេស​ផែនការ​សម្រាប់​ឆ្នាំ​២០១៩​នេះ​៕

អត្ថបទដែលជាប់ទាក់ទង