ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជជែកអំពីការអនុវត្តច្បាប់ ក្នុងកិច្ចធានាឲ្យមានយុត្តិធម៌ ជាមួយនិងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

251


ភ្នំពេញ: នៅព្រឹកថ្ងៃទី ២២ មីនា ឆ្នាំ២០១៩ នេះ ប្រតិភូដែលមក ពីក្រសួងយុត្តិធម៌ដឹកនាំដោយលោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីជជែកអំពីការអនុវត្តច្បាប់ ក្នុងប្រទេសកម្ពុជា ក្នុងកិច្ចធានាឲ្យមានយុត្តិធម៌ ជាមួយនិងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

បើកកម្មវិធីហ្វេសប៊ុកផ្លូវការបានបញ្ជាក់ថា លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បាននឹងកំពុងជួបប្រជុំពិភាក្សាជាមួយប្រតិភូដែលមកពី ក្រសួងយុត្តិធម៌ដឹកនាំដោយឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីជជែកអំពីការអនុវត្តច្បាប់
ក្នុងប្រទេសកម្ពុជាក្នុងកិច្ចធានាឲ្យមានយុត្តិធម៌ ។ លោកពេជ្រស្រស់ បានបន្ថែមថា ក្នុងកិច្ចប្រជុំនេះដែរ ខ្ញុំក៏បានលើកជាសំនួរមាន០៥សំនួរតទៅ៖ សំណួររបស់ខ្ញុំទៅកាន់ឯកឧត្តមរដ្ឋមន្រ្តី អង្គ វង្ស វឌ្ឍានា ១. តើក្រសួងមានយន្តការអ្វីខ្លះ ដើម្បីបញ្ចប់អំពើនិទណ្ឌភាពនៅក្នុងប្រទេសកម្ពុជា ? ២. តើឯកឧត្តមរដ្ឋមន្រ្តីនឹងមានវិធានការបែបណា ដើម្បីបញ្ចប់ពាក្យថា ៖ អ្នកមានលុយតែងតែឈ្នះក្តី រីឯអ្នកក្រតែងតែចាញ់ក្តី ? ឬក៏អ្នកក្រគ្មានលុយជួលមេធាវីល្អការពារក្តី ? បើដូច្នោះមែន តើច្បាប់មានអំណាចជាងមេធាវីឬមេធាវីមានអំណាចជាងច្បាប់ ? ៣.តើក្រសួងយុត្តិធម៌មានចំណាត់ការបែបណា ដើម្បីទប់ស្កាត់កុំឲ្យចៅក្រម ព្រះរាជ្ញា និង ក្រឡាបញ្ជី ប្រព្រឹត្តអំពើពុករលួយក្នុងស្ថាប័នតុលាការ ? ៤. តើឯកឧត្តមរដ្ឋមន្រ្តីមានវិធានការបែបណាដើម្បីលុបបំបាត់ការឃុំខ្លួនជនត្រូវចោទហួសរយៈពេល ដែលច្បាប់បានកំណត់ដោយបទមជ្ឈិមគឺរយៈពេល ៤ ខែ និងទោសឧក្រឹត ៦ ខែ ? ហើយការឃុំខ្លួនហួសរយៈពេលកំណត់នេះ តើចៅក្រមស៊ើបសួរដែលបញ្ជាឲ្យឃុំខ្លួនជនត្រូវច្បាប់រូបនោះនឹងមានទោសដែរឬទេ ? ៥. តើឯកឧត្តមរដ្ឋមន្រ្តីមានវិធានការបែបណា ដើម្បីឲ្យស្ថាប័នតុលាការអនុវត្តការងារឲ្យសកម្ម និង ប្រសិទ្ធភាព?ពីព្រោះថាបច្ចុប្បន្ននេះតាមសង្កេតមើលទៅគឺឃើញនូវការពន្លឿនរឿងក្តីរហូតដល់នាយករដ្ឋមន្រ្តីស្នើដល់ស្ថាប័នតុលាការពន្លឿនការកាត់ក្តីឲ្យឆាប់ ។

ចំពោះ៥សំណួរខាងលើនេះ គឺជាបញ្ហាកំពុងប្រឈមនៅក្នុងពេលបច្ចុប្បន្ននេះ ពីព្រោះថាបើស្ថាប័នយុត្តិធម៌ មិនមាននូវប្រសិទ្ធភាពហើយនោះ គឺអំពើអយុត្តិធម៌នឹងកើតមានច្រើន នៅក្នុងសង្គមមនុស្ស?៕

អត្ថបទដែលជាប់ទាក់ទង