រដ្ឋមន្រ្តីសាធារណការ លម្អិតព័ត៌មាន ផ្លូវល្បឿនលឿន ភ្នំពេញ- ក្រុងព្រះសីហនុ ប្រវែង ១៩០គម ០១០ម
កំពង់ស្ពឺ៖ ព្រឹកថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ- ក្រុងព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម ខុង សៀនយ៉ូវ (Kong Xuanyou) អនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន អាជ្ញាធរដែនដី មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នេះ មានប្រវែងសរុប ១៩០គ.ម ០១០ម ដោយតភ្ជាប់ពីភូមិទី១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិទី១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញ (ប្រវែង ៨,៣០គ.ម) ខេត្តកណ្តាល (ប្រវែង ៩,១០គ.ម) ខេត្តកំពង់ស្ពឺ (ប្រវែង ៨០,៨០គ.ម) ខេត្តកោះកុង (ប្រវែង ១,៩២គ.ម) និងខេត្តព្រះសីហនុ (ប្រវែង ៨៩,៨៩គ.ម) ដែលមានទទឹងតួផ្លូវសរុប ២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ហើយគន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០គ.ម ទៅ ១២០គ.ម ក្នុងមួយម៉ោង។
ផ្លូវល្បឿនលឿននេះ មានរៀបចំខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវ សាងសង់លូគ្រប់ប្រភេទចំនួន ២៦៣កន្លែង ស្ពានតូចចំនួន ៥កន្លែង (ប្រវែងសរុប ១០៥ម៉ែត្រ) ស្ពានធំ និងស្ពានមធ្យមចំនួន ៨០កន្លែង (ប្រវែងសរុប ៦.០១៥ម៉ែត្រ) និងសាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៦កន្លែង ផ្លូវប្រសព្វចំនួន ២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿនចំនួន ២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន ២០កន្លែង សាងសង់តំបន់សេវាកម្ម (ចំណតឈប់សម្រាក) ចំនួន ៣កន្លែង ចំណតរថយន្តចំនួន ១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវ ចំនួន ៤កន្លែង និងបញ្ជរបង់ប្រាក់ ចំនួន ៨កន្លែង ព្រមទាំងបំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ រួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ផងដែរ។
គម្រោងនេះវិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុនខេមបូឌាន ភីភីអេសអេចវី អិចប្រេសវ៉េ (Cambodian PPSHV Expressway Co., Ltd ) ត្រួតពិនិត្យ និងផ្តល់ការប្រឹក្សាបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD ដោយប្រើប្រាស់ថវិកាវិនិយោគប្រមាណជិត ២.០០០លានដុល្លារអាមេរិក និងប្រើប្រាស់ថវិកាបដិភាគដែលជាហិរញ្ញប្បទានឥតសំណងពិសេសរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រមាណ ១៥០លានដុល្លារអាមេរិក ដែលត្រូវប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ ដោយគិតចាប់ផ្តើមពីខែមីនា ឆ្នាំ២០១៩ និងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣។
ថ្លែងក្នុងរបាយការណ៍ ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តម ខុង សៀនយ៉ូវ (Kong Xuanyou) និងអង្គពិធីទាំងមូល ឯកឧត្ដម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ស្ថិតក្រោមនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំប្រកបដោយទស្សនទានវែងឆ្ងាយ របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បាននាំនាវាកម្ពុជាឱ្យទទួលបាននូវសុខសន្តិភាព ពេញលេញ មានស្ថិរភាពនយោបាយពេញបរិបូណ៍ មានការអភិវឌ្ឍគ្រប់វិស័យ ធ្វើឱ្យសេដ្ឋកិច្ចជាតិរីកច្រើនជាលំដាប់ ជាមួយនឹងកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំក្នុងរង្វង់៧ភាគរយ ក្នុងរយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះ បានទាក់ទាញនិងធ្វើឱ្យកើនឡើងនូវការវិនិយោគ នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ និងការកើនឡើងនូវទំហំមធ្យោបាយដឹកជញ្ជូន និងមធ្យាបាយធ្វើដំណើរកាន់តែមានទំហំធំឡើងៗ ដែលតម្រូវឱ្យមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបន្ថែមទៀត សំដៅសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូន របស់បងប្អូនប្រជាពលរដ្ឋ និងវិនិយោគិន។ ដូចនេះ ការសាងងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីជួយសម្រួលការធ្វើចរាចរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ជារឿយៗតាមផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ និងជាខ្សែផ្លូវយុទ្ធសាស្ដ្រ និងដង្ហើមសេដ្ឋកិច្ច ដ៏សំខាន់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាបណ្តាញមួយតភ្ជាប់ផ្លូវទូទាំងប្រទេសរបស់ជាតិ និងអន្តរជាតិរាប់ពាន់គីឡូម៉ែត្រ ជាមួយរបៀងសេដ្ឋកិច្ចខាងត្បូងរបស់មហាអនុតំបន់មេគង្គ (បាងកក-ភ្នំពេញ-ហូជីមិញ) អនុរបៀងសេដ្ឋកិច្ចខាងត្បូង (បាងកក-ភ្នំពេញ-ត្រពាំងគ្រៀល-ថាប៊ូលីឡាវ) និងរបៀងសេដ្ឋកិច្ចឆ្នេរខាងត្បូង (បាងកក-ចាំយាម-ព្រែកចាក-ហាទៀង-ណាមកានវៀតណាម) ក៏ដូចជា តភ្ជាប់ផ្លូវហាយវេអាស៊ាន ជាពិសេស តភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ទាំង៣ របស់កម្ពុជា (រាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងព្រះសីហនុ) ផងដែរ៕