បង្ក្រាបទីតាំងលក់ទឹកដោះគោម៉ាក Meiji ដោយសាររំលោភកម្មសិទ្ធិបញ្ញា
ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបករណីលក់ចែកចាយ ទឹកដោះគោម៉ាក Meiji ១កន្លែង នៅចំណុចផ្ទះលេខ៩៧ ផ្លូវ៦CC ភូមិចំបក់ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយសារប្រព្រឹត្តបទល្មើសរំលោភសិទ្ធិផ្តាច់មុខ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨។ ការបង្រ្កាបនេះ យោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនសូណាវិត្យ។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចចម្រុះបានត្រួតពិនិត្យឆែកឆេរជាក់ស្តែង ដោយរកឃើញយ៉ាអួរម៉ាក Meiji ចំនួន៥៤០កំប៉ុង ទឹកដោះគោម៉ាក Meiji ចំណុះ២០០០មីលីលីត្រ ចំនួន៧១២ដប ទឹកដោះគោម៉ាក Meiji ចំណុះ៨៣០មីលីលីត្រ ចំនួន៣៤ដប ស្លាបព្រាម៉ាក Meiji ចំនួន៨.៥គីឡូក្រាម និងរថយន្តម៉ាកគាចំនួន១គ្រឿង។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច និងយោងតាមពាក្យបណ្តឹង របស់ក្រុមហ៊ុនសូណាវិត្យ និងផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេត របស់មន្ត្រីជំនាញនាយកដ្ឋាន នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រោមការសម្របសម្រួលនីតិវិធីពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
ចំពោះវត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារង បានសម្រេចឲ្យដកហូតយកមករក្សាទុក នៅនាយកដ្ឋាន នគរបាលប្រឆំាង បទល្មើសសេដ្ឋកិច្ច និងបាននាំម្ចាស់ទីតាំងឈ្មោះ ឃី ហួរស្រេង អាយុ៤៤ឆ្នាំ ដើម្បីបន្តនីតិវិធី៕