អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ទាក់ទងនឹងបញ្ហាអគ្គិសនី និងទឹកដោយសារអភូតហេតុបម្រែបម្រួលអាកាសធាតុ
ភ្នំពេញ៖ លោក ផៃ ស៉ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទាក់ទងទៅនឹងបញ្ហាកង្វះថាមពលអគ្គិសនីនិងការរអាក់រអួលក្នុងការប្រើប្រាស់ទឹកតើកម្ពុជាកំពុងប្រឈមនិងអព្ភូតហេតុបម្រែបម្រួលអាកាសធាតុនៅក្នុងរដូវប្រាំង។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសម្ដែងនូវកិច្ចគោរពអំណរគុណ ចំពោះជនរួមជាតិទាំងអស់ ដែលបានចូលរួមសហការដ៏ក្លៀវក្លាជាមួយសេចក្តីអំពាវនាវ របស់សម្តេចបតីតេជោ ហ៊ុន សែន នាយករដុ្ឋមន្រ្តីនៃកម្ពុជា «ចំពោះកិច្ចយោគយល់ និងអធ្យាស្រ័យ»ឆ្លើយតបនឹង កង្វះខាតថាមពលអគ្គិសនី ក៏ដូចជាភាពរអាក់រអួល ក្នុងការទទួលបានការប្រើប្រាស់ទឹក ដែលកម្ពុជាក៏ដូចជាប្រទេសមួយចំនួនបានប្រឈមនឹងអភូតហេតុ «បម្រែបម្រួលអាកាសធាតុ» នៅក្នុងរដូវប្រាំងនេះ។
អភូតហេតុនេះ គឺបណ្ដាលមកពីអាកាសធាតុក្ដៅខ្លាំងកើតចេញពីបម្រែបម្រួលអាកាសធាតុ គឺនាំឱ្យមានការខ្វះទឹកខុសប្រក្រតី រួមផ្សំនឹងការកើនឡើង នូវការប្រើប្រាស់យ៉ាងគំហុក ក្នុងវិស័យសំណង់ផងដែរ ដែលមានកំណើន៧០០ភាគរយ បានធ្វើឱ្យប្រភពថាមពលអគ្គិសនី ពុំអាចផ្គត់ផ្គង់បានគ្រប់គ្រាន់ដូចរដូវប្រាំងសព្វមួយដង។ ទោះជាយ៉ាងណា នេះគឺជាការប្រឈមក្នុងរយៈពេលខ្លីមួយសម្រាប់កម្ពុជា ហើយអាចអូសបន្លាយដល់ត្រឹមចុងខែឧសភា ពោលគឺមានរយៈពេល៧២ថ្ងៃ ដែលមានកង្វះខាតថាមពលអគ្គិសនីចំនួន ៤០០មេហ្កាវ៉ាត់ ស្មើនឹង១៣% សម្រាប់ផ្គត់ផ្គង់ជាទូទៅ។
សម្ដេចតេជោ ហ៊ុន សែន បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងបន្ទាន់ ចំពោះករណីខាងលើនេះ ក្នុងកិច្ចឆ្លើយតបនឹងការប្រើប្រាស់ជាប្រក្រតីរបស់មហាជន។ សូមរំលឹកផងដែរ សម្ដេចតេជោ បានលើកឡើងថា «សូមឱ្យប្រជាពលរដ្ឋដែលមានម៉ាស៉ីនភ្លើង អាចប្រើប្រាស់ម៉ាស៉ីនភ្លើងជំនួស នៅពេលដែលមានការដាច់ភ្លើង ឬត្រូវការផ្ដាច់ភ្លើង»។ នេះជាសំណូមពរ ដើម្បីផ្ដល់ការយោគយល់ចំពោះរាជរដ្ឋាភិបាល ទៅលើបញ្ហាដ៏លំបាកក្នុងរយៈពេលខ្លីនេះ។
ជាមួយនេះផងដែរ សម្ដេចតេជោបានចាត់ លោក កែវ រតនៈ រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី ក្នុងការចាកចេញទៅប្រទេសតួកគីជាបន្ទាន់ ដើម្បីចរចានាំនាវាផលិតអគ្គិសនី (២០០មេហ្កាវ៉ាត់) មកកាន់កម្ពុជា ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមនេះផងដែរ។ អ្វីដែលជាផលលំបាក នៃការប្រឈមក្នុងរយៈពេលខ្លីនេះ ទឹកក៏ជាបញ្ហារួមផ្សំនឹងអគ្គិសនីផងដែរ ដូច្នេះសូមប្រជាពលរដ្ឋ ត្រូវនាំគ្នាខិតខំសន្សំសំចៃការប្រើប្រាស់ទឹក ទាំងនៅទីក្រុង ក៏ដូចនៅជនបទ ដោយសារឆ្នាំនេះ គឺជាឆ្នាំដែលរាំងស្ងួតក្នុងរយៈពេលវែង ហើយអូសបន្លាយរហូតដល់ចុងខែឧសភា។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានជំនឿយ៉ាងមុតមាំថា អ្វីដែលជាការពិសោធន៍របស់ប្រជាពលរដ្ឋ ដែលមានថាមពល និងសាមគ្គីភាពយ៉ាងមាំជាមួយរាជរដ្ឋាភិបាល ជាពិសេសជំនឿលើការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានរួមគ្នាឆ្លងកាត់ឧបសគ្គស្លាប់រស់ ក្នុងការរំលាយក្បាលម៉ាស៉ីនថ្នាក់ដឹកនាំខ្មែរក្រហម ដើម្បីដណ្ដើមយកបានសន្ដិភាព និងកិច្ចការពារផលប្រយោជន៍របស់ជាតិរួមនិងវិបុលភាព រហូតដល់បច្ចុប្បន្ននេះ គឺជាបទពិសោធន៍ប្រកបដោយមោទនភាព និងជោគជ័យយ៉ាងច្បាស់លាស់ ដែលបង្ហាញនូវកិច្ចប្រឹងប្រែងរួមគ្នា ប្រាកដណាស់នឹងជម្នះលើភាពលំបាកបណ្ដោះអាសន្ន ក្នុងរយៈពេលដ៏ខ្លីនេះ៕