មន្រ្តីអាវុធហត្ថ សាន្ត សុខុម រត់គេចខ្លួនបាត់ហើយ ខណ:មេបញ្ជាការអាវុធហត្ថខេត្តក្រចេះដែលជាឪពុក អះអាងថា កូនប្រុសម្នាក់ទៀតងប់នឹងលេងល្បែងចាញ់ យកទ្រព្យទៅបញ្ចាំ
ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ចាមបាន ឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះ ដែលប៉េអឹមភ្ជង់កាំភ្លើងនិងវាយភ្លាម សមត្ថកិច្ចបានធ្វើការស្រាជ្រាវរកឈ្មោះ សាន្ត សុខុម ជាប៉េអឹមពាក់ស័ក្តិ៤ តែឈ្មោះនេះ មិននៅក្នុងលំនៅឋានទេ គឺរត់ គេចខ្លួនទៅរាជធានីភ្នំពេញ។
ជនរងគ្រោះចំនួន២នាក់ ដែលរងការវាយ និងភ្ជង់កាំភ្លើងពីសំណាក់មន្រ្តីអាវុធហត្ថខេត្តក្រចេះ ឈ្មោះ សាន្ត សុខុម ដែលជាកូនប្រុសរបស់មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់សមត្ថកិច្ច។ នេះយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងពាក្យបណ្តឹងរបស់ជនរងគ្រោះ នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៦និង០០នាទី ជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានទទួលពាក្យបណ្តឹងពីឈ្មោះ វ៉ាន់ ចាន់អទិច្ចបញ្ញា ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងឈ្មោះ យ៉េ ចិន្តា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្ដកំពង់ចាម បានប្តឹងទៅលើឈ្មោះ សាន្ត សុខុម ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មុខរបរ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ មានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ត្រី បានធ្វើសកម្មភាពយកកាំភ្លើងខ្លីម៉ាកឡុក មកភ្ជង់គំរាម និងវាយទៅលើអ្នកទាំងពីរនាក់ខាងលើជាច្រើនដៃ។
លោកឧត្តមសេនីយ៍ទោ បានបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម សមត្ថកិច្ចយើងបានធ្វើការស្រាជ្រាវរកឈ្មោះ សាន្ត សុខុម តែឈ្មោះនេះ មិននៅក្នុងលំនៅឋានទេ តាមពត៌មានបឋម គេចខ្លួនទៅរាជធានីភ្នំពេញ។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះទាំង២នាក់ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេកំពុងតែលេងហ្គេមនៅក្នុងហាងអ៊ិនធឺណេតខាងលើ ស្រាប់តែលេចមុខមន្រ្តីអាវុធហត្ថ និងម្នាក់ទៀត បានបើករថយន្តមកឈប់មុខហាង រួចក៏ចូល ហើយចាប់ក្របួចក អាវទាញចូលរថយន្ត រហូតវាយ និងភ្ជង់តែម្តង (សូមមើលខ្លឹមសារលម្អិត នៅក្នុងពាក្យបណ្តឹងខាងក្រោម)។
មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា រឿងនេះ បង្កឡើងដោយកូនប្រុសរបស់ខ្លួន ។ករណីនេះបានផ្តើមចេញពីកូនប្រុសម្នាក់ទៀតឈ្មោះ សាន្ត សុវិជ្ជា ដែលត្រូវជាប្អូនរបស់សាន សុខុម។ លោកឧត្តមសេនីយ៍ត្រី បានរៀបរាប់ថា កូនប្រុសរបស់លោកឈ្មោះ សាន្ត សុវិជ្ជា រួមជាមួយមិត្តិភក្តិ បានលេងល្បែងចាញ់អស់ រហូតដល់យកខ្សែក និងម៉ូតូទៅបញ្ចាំគ្មានសល់។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានឲ្យកូនបងឈ្មោះ សាន្ត សុខុម ទៅតាមរកប្អូន និងសួរនាំកន្លែងបញ្ចាំខ្សែក និងម៉ូតូ ដើម្បីធ្វើការលោះយកត្រឡប់មកវិញ។ ប៉ុន្តែពេលទៅដល់ហាងអ៊ីនធឺណេត ក៏ជួបមិត្តភក្តិរបស់ឈ្មោះ សាន្ត សុវិជ្ជា ហើយក៏សួរនាំរកទីតាំងបញ្ចាំ។ ដោយសារមិត្តភក្តិរបស់ប្អូនប្រុសខ្លួន មិនប្រាប់ និងមិននាំទៅកន្លែងបញ្ចាំ ដើម្បីលោះយកទ្រព្យសម្បត្តិមកវិញនោះ ក៏កើតមានជម្លោះរហូតវាយ និងភ្ជង់តែម្តង។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បានលើកឡើងថាកូនប្រុសពៅរបស់លោក ដែលងប់នឹងល្បែងស៊ីសង រហូតធ្លាប់បានយករថយន្តរបស់លោកទៅបញ្ចាំ ។ កូនប្រុសឈ្មោះ សាន្ត សុខុម មានតួនាទីជាប្រធានការិយាល័យបំភ័ន្តអក្ខរៈ នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តក្រចេះ ហើយមានប្រពន្ធនៅទីរួមខេត្តកំពង់ចាម។
សូមបញ្ជាក់ថា មន្រ្តីអាវុធហត្ថឈ្មោះ សាន្ត សុខុម ត្រូវបានគេទម្លាយវីដេអូ នៃការវាយ និងដកកាំភ្លើងភ្ជង់គូជម្លោះ ក្នុងហាងអ៊ិនធឺណេតមួយកន្លែង ទីរួមខេត្តកំពង់ចាម នាំឲ្យកក្រើកពេញបណ្តាញសង្គម Facebook រហូតមដល់ល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ។ បើតាមការទម្លាយក្នុងខ្លឹមសារខាងលើ ជាមួយវីដេអូនោះ ម្ចាស់ Account Facebook ក៏បានបង្ហាញថា មន្រ្តីអាវុធហត្ថម្នាក់នេះ គឺជាកូនប្រុសមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ដែលគេស្គាល់ថា គឺលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន។
វីដេអូ៤ឃ្លីបដែលមានរយៈពេលជាង២នាទី ត្រូវបានបង្ហោះនៅលើ Account Facebook មានឈ្មោះថា «Marak Meach» នៅល្ងាចថ្ងៃទី២៣ ខែមីនា បានបញ្ជាក់ថា មន្រ្តីអាវុធហត្ថរូបនេះបានវាយ និងដកកាំភ្លើងភ្ជង់ទៅលើមិត្តភក្តិរបស់ខ្លួន។ ជាមួយគ្នានេះម្ចាស់ Account Facebook ក៏បានអំពាវនាវដល់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ជួយចាត់ការរឿងនេះផងដែរ។
ឈ្មោះ Makara Meach បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាទសូមគោរព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត កំពង់ចាម ។ នេះជាវិដេអូដែលកូនប្រុសមេប៉េអឹមខេត្ត ក្រចេះ ឈ្មោះ សាន្ត សុខុម (អ.ហ សក្ក័៤) បានដកកាំភ្លើងភ្ជង់គំរាម និងបានវ៉ៃមិត្តភក្តិរបស់ខ្ញុំនៅកន្លែងអ៊ីនធឺណែតមួយនៅក្នុងទីរួមខេត្ត កំពង់ចាម អាស្រ័យដូចដែរបានរៀបរាប់ខាងលើ សូមឯកឧត្តម ប្រើកន្តាប់ដៃដែកបំបែកអាវុធហត្ថម្នាក់នេះផង។ បញ្ជាក់អានេះអាងឪវាធ្វើធំ ដើរវ៉ៃគេច្រើនណាស់»។
នៅក្នុងវីដេអូរយៈជាង២នាទី មន្រ្តីអាវុធហត្ថ សាន្ត សុខុម បានវាយទៅលើគូជម្លោះដោយដៃ និងយកជង្គង់អុកក្បាល រហូតដកកាំភ្លើងភ្ជង់គាំរាមទៀតផង ប៉ុន្តែសម្រាប់ដំណើរដើមទងនៃអំពើហិង្សានេះ មិនទាន់បានទទួលនៅឡើយទេ។ សម្រាប់ម្ចាស់ Facebook ដែលបង្ហោះរឿងនេះ អង្គភាពសារព័ត៌មានក៏មិនទាន់អាចសុំការបកស្រាយបាននោះទេ ដោយគ្មានលេខទំនាក់ទំនង ខណៈទូរស័ព្ទតាមបណ្តាញសង្គមមួយនេះមិនចូល៕