រថយន្តបើកប៉ះម៉ូតូពីក្រោយ បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងស្ត្រីជាប្រពន្ធ របួសធ្ងន់
ស្រុកព្រៃនប់: បុរសកម្មកររោងចក្រម្នាក់ត្រូវជាប្តីបានស្លាប់និងស្ត្រីជាភរិយាធ្វើការរោងចក្រដូចគ្នារងរបួស ដោយគ្រោះថ្នាក់ចរាចរ ពេលជិះម៉ូតូហើយត្រូវរថយន្តបុកប៉ះពីក្រោយ តាមផ្លូវជាតិលេខ៤ ក្នុងទិសដៅ ស្របគ្នា ពីខេត្តព្រះសីហនុ -ភ្នំពេញ កាលពីម៉ោងជិត៨កន្លះយប់ថ្ងៃទី២៥ ខែមីនាឆ្នាំ២០១៩ នៅចន្លោះគីឡូម៉ែត្រលេខ ២០៧/២០៨ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា រថយន្តបង្កហេតុនៅមិនទាន់ស្គាល់ភិនភាគ និង អត្តសញ្ញាណអ្នកបើកបរនៅឡើយ ដោយសារក្រោយកើតហេតុរថយន្តបានបើករត់គេច ។
ជនរងគ្រោះជិះម៉ូតូម៉ាក HONDA DREAM ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1G.2392 បើកបរដោយឈ្មោះ មាស សារឿន ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ កម្មកររោងចក្រមានទីលំនៅភូមិកោះខ្យង ឃុំកោះខ្យង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្លាប់នៅកន្លែងកើតហេតុ ចំណែកភរិយាដែលជិះពីក្រោយគ្រាន់តែរងរបួស មិនប៉ះពាល់ដល់អាយុជីវិតទេ ។
បច្ចុប្បន្ន សាកសព ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណីយ៍ រីឯវត្ថុុតាង ម៉ូតូ យកទៅរក្សាទុកនៅអធិដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីស្រាវជ្រាវបន្តតាមនិតិវិធី៕