នគរបាល ជឹម រតនៈ បាញ់សម្លាប់អ្នកបើករថយន្ដ ចូលសារភាព សរុប៦នាក់ត្រូវចាប់ខ្លួន បញ្ជូនទៅតុលាការ
(ព្រៃវែង)៖ ជនដៃដល់ដែលជាមន្ដ្រីនគរបាល ស្រុកព្រះស្ដេច ខេត្តព្រៃវែង ឈ្មោះ ជឹម រតនៈ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ បាន ចូលខ្លួនមកសារភាព នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។
មន្ដ្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ថា ឲ្យដឹងនៅមុននេះបន្ដិចថា «ជនដៃដល់ ជឹម រតនៈ បានយល់ព្រមចូលខ្លួនទទួលទោស កំហុសហើយ នៅពេលនេះសមត្ថកិច្ចកំពុងសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង»។
គិតត្រឹមរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ មនុស្ស ពាក់ព័ន្ធនៅក្នុងអំពើបាញ់ប្រហារ ចំនួន៦នាក់ ក្នុងនោះ មានទាំងនាយនគរបាលប៉ុស្ដិ៍ម្នាក់ផង ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់ ដើម្បីបញ្ជូនទៅកាន់តុលាការកាត់ទោសតាមផ្លូវច្បាប់។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ផ្កាយបី ឆាយ គឹមខឿន បានថ្លែងប្រាប់ នៅរសៀលថ្ងៃនេះថា ក្រៅពីជនពាក់ព័ន្ធទាំង៦នាក់ សមត្ថកិច្ចក៏បានហៅមនុស្សចំនួន៤នាក់ផ្សេងទៀត ប៉ុន្ដែគ្រាន់តែជាសាក្សី និងបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ តែនៅពេលសមត្ថកិច្ចត្រូវការសួរនាំនោះ ពួកគេត្រូវការចូលខ្លួនមកបំភ្លឺ តាមការកោះអញ្ជើញ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ជនសង្ស័យទាំង៦នាក់ ដែលត្រូវឃាត់ខ្លួននោះ រួមមាន៖
លោកអនុសេនីយ៍ឯក ជា ឡាឌីន នាយនគរបាលប៉ុស្ដិ៍កំពង់សឹង្ហ ស្រុកព្រះស្ដេច ដែលជាអ្នកដឹកនាំកម្លាំងដោយផ្ទាល់ប្រព្រឹត្តបទល្មើសមួយនេះ។ លោកអនុសេនីយ៍ទោ ជឹម វិន មន្ដ្រីនគរបាលប៉ុស្ដិ៍កំពង់សឹង្ហ ស្រុកព្រះស្ដេច ដែលត្រូវជាក្មួយបង្កើតរបស់លោកឧកញ៉ា ជឹម សុខ។ ឈ្មោះ វ៉ែន ប៊ុនសារ៉ាក់ ដែលជាអ្នករួមដំណើរនៅក្នុងប្រតិបត្តិការនេះ។ ឈ្មោះ សេង ឈិន ដែលជាម្ចាស់បណ្ដឹងដោយចោទជនរងគ្រោះជាចោរ។ ឈ្មោះ ផាន់ សុឌី
និង ឈ្មោះ ឈុន ឡាយ ដែលជនទាំងពីរនាក់ ជាមិត្តភក្តិ របស់ដើមបណ្ដឹង ហើយត្រូវបានសមត្ថកិច្ចចោទថា ផ្ដល់សក្ខីកម្មមិនពិត ដែលនាំឲ្យមានការផ្ទុះអាវុធ រហូតស្លាប់ជនរងគ្រោះតែម្ដង។
លោកឧត្តមសេនីយ៍ ឆាយ គឹមខឿន បានបញ្ជាក់ថា ក្រោយបញ្ចប់ការសួរនាំជនសង្ស័យទាំង៦នាក់នេះ ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕