ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ហាព្រំដែនរវាងកម្ពុជានិងឡាវមិនមានបញ្ហាព្រួយបារម្ភពីរឿងសង្រ្គាមទេ ដោយសារភាពឆ្នើមនៃថ្នាក់ដឹកនាំប្រទេសទាំង២

132

ភ្នំពេញ៖ ចំពោះបញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសឡាវ ប្រជាពលរដ្ឋនៃប្រទេសទាំងពីរមិនមានការព្រួយបារម្ភទៅលើបញ្ហាសង្រ្គាមនៅតាមព្រំដែនអស់ទេ ដោយសារតែមេដឹកនាំនៃប្រទេសទាំងពីរ មានភាពវៃឆ្លាតក្នុងការដឹកនាំ ពិសេសគឺការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាកម្ពុជា។

   នេះជាប្រសាសន៍លើកឡើងរបស់លោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងឱកាសដែលលោក ជួបសម្តែងការគួរសមជាមួយលោកអេម ផាយគីនដាវង្ស ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី ២៧ខែមិនាឆ្នាំ២០១៩នៅសាលារាជធានីភ្នំពេញ។

   លោកឃួង ស្រេងក្នុងឱកាសជំនួបសម្តែងការគួរសមនោះ បានលើកឡើងពីទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជាឡាវដែលមានភូមិផងរបងជាមួយគ្នាជាយូរលង់មកហើយ។ លោកបានបន្តថា ទីក្រុង ភ្នំពេញនិងទីក្រុងវៀងច័ន្ទបានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាក្នុងឆ្នាំ២០១៤ ដើម្បីអោយទីក្រុងទាំងពីរក៏ដូចជាប្រទេសទាំងពីរ មានកិច្ចប្រតិបត្តិការរវាងគ្នាកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត។

  លោកឃួងស្រេងក្នុងឱកាសនោះដែរ ក៏បានលើកឡើងពី ពីការអភិវឌ្ឍរីកចម្រើនរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ ។ ទន្ទឹមនឹងនោះលោក ក៏បានលើកឡើងពីភាពអសកម្មមួយចំនួននៅក្នុងរាជធានីភ្នំពេញផងដែរ ដូចជាបញ្ហាប្រឈមទៅនឹងការកកស្ទះចរាចរណ៍បញ្ហាសំរាមដែលរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងយកចិត្តទុកដាក់ដើម្បីធ្វើការដោះស្រាយ។ អ្វីដែលជាការប្រសើរមួយទៀតនោះសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ យើងបាននិងកំពុងដាក់ឲ្យដំណើរការ ច្រកចេញចូលតែមួយដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ កាន់តែប្រសើរឡើង។

  ក្នុងជំនួបនោះដែរ លោកឃួងស្រេង តាមរយៈលោកឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សូមអញ្ជើញ អភិបាលទីក្រុងវៀងច័ន្ទមកទស្សនកិច្ចនៅទីក្រុងភ្នំពេញនៅពេលដ៏សមគួរមួយ។

   លោកអេម ផាយគីនដាវង្ស  បានមានប្រសាសន៍លើកឡើងថា រវាងប្រទេសកម្ពុជានិងប្រទេសឡាវគឺពិតជាមានទំនាក់ទំនងល្អជាមួយគ្នា តាំងពីយូរលង់ណាស់មកហើយដោយសារតែប្រទេសយើងជាប្រទេសដែលនៅជិតខាងនឹងគ្នា លោកចង់ឲ្យទំនាក់ទំនងជិតស្និទ្ធនេះកាន់តែល្អបន្ថែមទៀត។ 

   ក្នុងឱកាសនោះដែរលោកអេម ផាយគីនដាវង្ស  ក៏បានសំណូមពរឲ្យអាជ្ញាធររាជធានីភ្នំពេញជួយ ជួយមើលថែ ដូចជាការពារសន្តិសុខ ដល់និស្សិត ក៏ដូចជាអ្នកវិនិយោគទុនឡាវដែលបាននិងកំពុងសិក្សានិងរកស៊ីនៅរាជធានីភ្នំពេញ ខណៈដែររាជធានីភ្នំពេញបាននិងកំពុងអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ពិសេសក្នុងដំណាក់កាលចុងក្រោយនេះមានអគារខ្ពស់ៗរីកដូចផ្សិត៕

 

អត្ថបទដែលជាប់ទាក់ទង