អគ្គីភ័យឆាបឆេះផ្ទះលក់ឆាខ្វៃ អស់មួយខ្នងតែមិនមាន មនុស្សរងរបួសទេ
ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតមានឡើងខណៈដែលគេបានឃើញអណ្ដាតភ្លើង ឆេះឡើងយ៉ាងសន្ធោសន្ធៅចេញពី ផ្ទះអ្នកលក់ឆាខ្វៃមួយកន្លែង ។ប៉ុន្តែក្នុងហេតុការណ៍នេះមិនបានធ្វើឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេពោលគឺបានបំផ្លិចបំផ្លាញតែផ្ទះនិងសម្ភារៈប្រើប្រាស់មួយចំនួនប៉ុណ្ណោះ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលម៉ោង ៧៖៥០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះអ្នកលក់ឆាខ្វៃមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើតាមសម្ដីបងប្អូនប្រជាពលរដ្ឋ ក្បែរខាងបានប្រាប់អោយដឹងថា មូលហេតុនៃការឆាបឆេះយ៉ាងសន្ធោរសន្ធៅខាងលើនេះ គឺបណ្ដាលមកពីការឆ្លងចរន្ដអគ្គិសនី ទើបបណ្ដាលឲ្យឆាបឆេះយ៉ាងខ្លាំងដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋនៅក្បែរទីតាំងកន្លែងកើតហេតុ មានការភិតភ័យ។ភ្លាមៗនោះគេក៏បានឃើញ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចផ្នែកពន្លត់អគ្គិភ័យបានចុះមកដល់ទីតាំងកន្លែងកើតហេតុ ដើម្បីជួយធ្វើការអន្តរាគមន៍ពន្លត់ភ្លាមដែរ។
ចំពោះករណីអគ្គិភ័យខាងលើនេះ មិនបណ្តាលឲ្យមានអ្នករងរបួសទេ គ្រាន់តែឆេះសម្ភារៈប្រើប្រាសមួយចំនួនប៉ុណ្ណោះ ហើយក៏មិនបានរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋក្បែរខាងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចផ្នែកពន្លត់អគ្គិភ័យបានជួយអន្តរាគមន៍ ដោយប្រើប្រាសរថយន្តចំនួន៣គ្រឿង ទើបភ្លើងបានរលត់និងមិនរាលដាលដល់ផ្ទះផ្សេងទៀត៕