ចុះពិនិត្យរថយន្តក្រុងចំនួន២០គ្រឿងពីប្រទេសជប៉ុន ដើម្បីបំរើលើវិស័យដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ
ភ្នំពេញ៖ រថយន្តក្រុងចំនួន២០គ្រឿងដែលជាអំណោយរបស់ប្រទេសជប៉ុនតាមរយៈអង្គការចៃការក្នុងជំហានទី១ បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញហើយ ដើម្បីបំរើលើវិស័យដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ។
ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីពេញជាមួយតំណាងអង្គការចៃការនៃប្រទេសជប៉ុន បានអញ្ជើញចុះត្រួតពិនិត្យរថយន្តទាំងនោះ នៅរសៀលថ្ងៃទី០៤ កក្កដា ២០១៨នេះ នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ ។
លោកអ៊ាន សុឃីម ប្រធានរដ្ឋាករស្វយត័ដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញឲ្យដឹងថា ការបង្កើតរថយន្តក្រុងឡើងនេះ គឺដោយសារតែកំណើនប្រជាជន ជាមួយកំណើនយានយន្តកើនឡើងខ្ពស់ទើបសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី សម្រេចបង្កើតអោយមានរថយន្តក្រុងនេះឡើងនៅថ្ងៃទី០១ កញ្ញា២០១៤ ដោយមានរថយន្ត
៥៧គ្រឿង ។ ក្រោយមកទៀតពោលគឺក្រោយពីទទួលអំណោយរថយន្តក្រុង១០០គ្រឿងពីប្រទេស
ចិនធ្វើអោយកំណើនខ្សែរត់កើនឡើងដល់៨ខ្សែដោយក្នុង១ថ្ងៃ មានអ្នកជិះចាប់ពី២០០០០នាក់ទៅ២១០០០នាក់ ដែលអាច ដោះស្រាយ ការកកស្ទះចរាចរ បរិស្ថាន និងធ្វើអោយក្រុងមានភាពស៊ីវិល័យ ដល់ភ្ញៀវទេសចរមួយកម្រិតថែមទៀត។
លោកបន្តថា ដោយមើលឃើញស្ថានភាពកកស្ទះចរាចរ ប្រទេសចិនបានប្រគល់អោយ១០០គ្រឿង និងខាងចៃការរបស់ប្រទេសជប៉ុនសម្រេចផ្តល់ជូនបាន៨០គ្រឿង ក្នុងនោះ ក្នុងជំហានទី១ ជប៉ុនផ្តល់អោយ ២០គ្រឿងនេះ តែមានបញ្ហាមួយគ្រឿងតាមផ្លូវ ជំហានទី២បន្តប្រគល់ជូនចំនួន ២០គ្រឿង ទី៣ ចំនួន២០គ្រឿង និងទី៤ បំណាច់ឆ្នាំនេះប្រគល់ជូន២០គ្រឿងទៀតបង្គ្រប់តែម្តង៕