ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីពាណិជ្ជកម្ម សន្យាបន្តគាំទ្រវិនិយោគិនជប៉ុន ដែលមានបំណងធ្វើធុរកិច្ចនៅកម្ពុជា

157

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានសន្យាបន្តផ្តល់ការគាំទ្រគ្រប់បែបយ៉ាងជូនវិនិយោគិនជប៉ុន ដែលមានបំណងបណ្តាក់ទុនលើវិស័យធុរកិច្ចផ្សេងៗនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសកម្ពុជា និងជប៉ុន។

ការសន្យារបស់លោក រដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយលោក ម៉ាសាស្ហិ កូណូ (Masashi Kono) ប្រធានអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ដែលត្រូវបញ្ចប់អាណត្តិការងារក្នុងសប្តាហ៍នេះ និងលោក មីយ៉ាអុ ម៉ាសាហ៊ិរ៉ុ (Miyao Masahiro) ដែលនឹងក្លាយជាប្រធានអង្គការ JETRO ថ្មី កាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ លោក រដ្ឋមន្ត្រីបានស្វាគមន៍ចំពោះលោកប្រធានអង្គការ JETRO ថ្មី និងបានលើកឡើងអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដែលបច្ចុប្បន្នបានក្លាយជាដៃគូយុទ្ធសាស្ត្រលើផ្នែកការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លោក រដ្ឋមន្ត្រី បានជម្រាបលោកប្រធានទាំងពីរថា ក្រសួងពាណិជ្ជកម្ម នៅតែបន្តជួយសម្រួលវិនិយោគិនជប៉ុន ក្នុងការបណ្តាក់ទុន ការចុះបញ្ជីក្រុមហ៊ុន និងការពង្រីកធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

លើសពីនេះ លោក រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានស្នើលោកប្រធានអង្គការ JETRO ថ្មី ជំរុញវិនិយោគិនជប៉ុន ពង្រឹងកិច្ចសហការជាមួយសហគ្រាសធុនតូច និងធម្យមកម្ពុជា ដើម្បីអភិវឌ្ឍន៍ផលិតផលខ្មែរ ឲ្យមានគុណភាព និងស្តង់ដារខ្ពស់ សំដៅឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារជប៉ុន។

«កម្ពុជាកំពុងត្រូវការវិនិយោគិនជប៉ុន មកសហការជាមួយ SME ក្នុងការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតផលមួយចំនួន ឲ្យមានគុណភាពខ្ពស់ និងស្តង់ដារបែបជប៉ុន ដើម្បីដាក់លក់នៅផ្សារ AEON និងនាំចេញ» លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

ជាការឆ្លើយតប លោក ម៉ាសាស្ហិ កូណូ និងលោក មីយ៉ាអុ ម៉ាសាហ៊ិរ៉ុ បានថ្លែងអំណរគុណដល់ លោក រដ្ឋមន្ត្រី ដែលចែករំលែកនូវព័ត៌មានល្អៗ ស្តីពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងជប៉ុន ព្រមទាំងបានផ្តល់ការគាំទ្រជានិច្ចចំពោះវិនិយោគិន និងធុរជប៉ុន ក្នុងការប្រកបធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមគ្នានោះ លោក មីយ៉ាអុ ម៉ាសាហ៊ិរ៉ុ បានសន្យាខិតខំផ្សព្វផ្សាយអំពីឱកាស និងសក្តានុពលវិនិយោគរបស់ប្រទេសកម្ពុជា ដល់សហគមន៍ធុរកិច្ចនៅក្នុងប្រទេសជប៉ុន ដើម្បីកៀងគរវិនិយោគិនជប៉ុន ឲ្យចូលមកបណ្តាក់ទុនកាន់តែច្រើន លើវិស័យ SME និងវិស័យអទិភាពផ្សេងៗរបស់កម្ពុជា សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

អត្ថបទដែលជាប់ទាក់ទង