ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុនOCICបើកដំណើរការសាងសង់អាគារពិពណ៌អន្តរជាតិជ្រោយចង្វា ដែលមានទំហំធំជាងអគារនៅកោះពេជ្រ ដោយចំណាយថវិការប្រមាណ១៦លានដុល្លារ

122

ភ្នំពេញ៖ ក្រុមហ៊ុនក្នុងស្រុកOCIC បានបើកដំណើរការសាងសង់អាគារពិពណ៌អន្តរជាតិជ្រោយចង្វា ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាដែលជាសំណង់អាគារសាធារណៈធំទី២បន្ទាប់ពីសាលពិពណ៌កោះពេជ្រដែលវិនិយោគ ដោយក្រុមហ៊ុនOCIC  ។

ពិធីក្រុងពាលីជានិមិត្តរូបសុំម្ចាស់ទឹកម្ចាស់ដីតាមប្រពៃណីទំនៀមទំលាប់ដើម្បីបានសេចក្តីសុខ ចំរុងចំរើនក្នុងដំណើរការសាងសង់អាគារសាលពិព៌ណ អន្តរជាតិនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៣១មិនាដោយមានការអញ្ជើញចូលរួមពី លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី លោកឧកញ៉ាពុង ឃាវសែ នាយកក្រុមហ៊ុនOCIC។

    តាមការគូសបញ្ជាក់ពីតំណាងក្រុមហ៊ុនOCICបានអោយដឹងថា សំណង់អាគារពិពណ៌អន្តរជាតិនេះ សាងសង់លើផ្ទៃដីសរុប ២៦.៧៧៤,៣៨ម៉ែត្រការ៉េដោយបានបែងចែកអគារជា៣ផ្នែកធំៗរួមមាន អគារសំរាប់ពិពណ៌,ឃ្លាំង និងផ្ទះបាយនៅខាងក្រោយអគារពិពណ៌ និងចំណតរថយន្តក្រោមដីដែលអាចឲ្យយានយន្តចតបាន១៩៨កន្លែង។

   តំណាងក្រុមហ៊ុនឲ្យដឹងទៀតថា ជុំវិញអគារ ត្រូវបានបំពាក់ទៅដោយកញ្ចក់ជាបច្ចេកវិទ្យាថ្មីដែលអាចកាត់បន្ថយកំដៅ និងសំឡេងបានល្អរួមទាំងការបាញ់បំភ្លឺដោយភ្លើង3D ជំវិញអគារដើម្បីលើកកំពស់សោភណ្ឌភាពផងដែរ។ចំពោះរយះពេលនៃការសាងសង់តួអគារទាំងមូលមានរយះពេលសរុប១៤ខែគិតចាប់ពីថ្ងៃទី៣១មិនា ២០១៩ដល់ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២០ដែលត្រូវចំណាយថវិកាប្រមាណ១៦ លានដុល្លាអាមេរិក។នេះជាសមិទ្ធផលថ្មីមួយទៀតដែលបានកើតឡើងនៅក្នុងរាជធានីភ្នំពេញនៅពេលដែលកំណើនប្រជាពលរដ្ឋក្នុងទីក្រុងក៏កើនឡើង ឯតម្រូវការហេដ្ឋារចនាសម្ពន្ធ័គ្រប់ប្រភេទ ក៏ដូចជាអគារសាធារណៈផ្សេងៗក៏មានការកើនឡើងហើយវិនិយោគទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាភ្ញៀវទេសចរក៏មានការកើនឡើងឥតឈប់ឈរក្នុងបរិបទដែលកម្ពុជាមានសុខសន្តិភាពមានស្ថេរភាពនយោបាយដ៏ពេញលេញ៕

អត្ថបទដែលជាប់ទាក់ទង