អនុញ្ញាតក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង បន្តប្រតិបត្តិការដឹកជញ្ជូនផ្លូវដែកឡើងវិញ ពីភ្នំពេញ ទៅព្រះសីហនុ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និង ដឹកជញ្ជូន បានសម្រេចផ្តល់ឲ្យក្រុមហ៊ុន រ៉ូយ៉ាល់រេវ៉េ (Royal Railway) របស់អ្នកឧកញ៉ា គិត ម៉េង បន្តប្រតិបត្តិការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ តាមផ្លូវដែកភាគខាងត្បូងដដែល (ពីភ្នំពេញ ទៅខេត្តព្រះសីហនុ) នេះយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ។
ក្រសួងបានបញ្ជាក់ថា ការផ្តល់បន្តប្រតិបត្តិឡើងវិញនេះដោយសារក្រសួងត្រូវការពេលវេលាគ្រប់គ្រាន់ក្នុងការសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយលើលក្ខខណ្ឌគិតយុត្តិ និងបច្ចេកទេស ពាក់ព័ន្ធក្នុងការគ្រប់គ្រងដំណើរការផ្លូវដែក ក្រសួងអនុញ្ញាតឲ្យក្រុមហ៊ុន រ៉ូយ៉ាល់រេវ៉េបន្តប្រតិបត្តិការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ តាមផ្លូវដែកភាគខាងត្បូងដដែល។
ទន្ទឹមនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំនីតិវិធីជ្រើសរើសក្រុមហ៊ុនជំនាញដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងនោះអាចមានការចូលរួមពីក្រុមហ៊ុនរ៉ូយ៉ាល់រេវ៉េ ដើម្បីធ្វើទំនើបកម្មផ្លូវដែកភាគខាងជើង និងភាគខាងត្បូងឲ្យសមស្របទៅនឹងតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននាំចេញនិងនាំចូល ពាណិជ្ជករ កសិករ និងអ្នកដំណើរឲ្យមានលក្ខណៈស្តង់ដាអន្តរជាតិ និងធ្វើឲ្យ មានភាពជឿជាក់ មានសុវត្ថិភាព និងមានតម្លៃសមរម្យ។
សូមជំរាបថា ក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនលើកទី១៨ កាលពីថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដកហូតសិទ្ធិវិនិយោគ និងធ្វើអាជីវកម្មលើផ្លូវរថយន្តពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ បន្ទាប់ពីសម្តេចបានមើលឃើញថា ផ្លូវដែកមួយខ្សែនេះមិនមានការអភិវឌ្ឍសមត្ថភាពផ្នែកដឹកជញ្ជូន។ ក្រោយពេលដកហូត គឺប្រគល់ភារកិច្ចទៅឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនជាអ្នកគ្រប់គ្រង និងរង់ចាំរកអ្នកវិនិយោគថ្មី។
តែនៅថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩នេះ ក្រសួងសាធារណការបានអះអាងថា រាជរដ្ឋាភិបាលបន្តក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បន្តវិនិយោគ និងធ្វើអាជីវកម្មលើផ្លូវដែកនេះបន្តទៅទៀត។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថា ការប្រគល់សិទ្ធិឲ្យក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ធ្វើអាជីវកម្មលើផ្លូវដែកឡើងវិញនេះ ដោយសារក្រសួងត្រូវការពេលវេលាគ្រប់គ្រាន់ក្នុងការសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយលើលក្ខខណ្ឌគតិយុត្តិ និងបច្ចេកទេសពាក់ព័ន្ធក្នុងការគ្រប់គ្រងដំណើរការផ្លូវដែក៕