ថ្ងៃ០១ មេសានេះ មន្ទីរសាធារណការខេត្តព្រះវិហារផ្ផ្អាកការធ្វើចរាចរណ៍លើស្ពានឆ្លងកាត់អូរតាយូជាបណ្ដោះអាសន្នរយៈពេលមួយថ្ងៃ ដើម្បីរុះរើសាងសង់ថ្មី
ខេត្តព្រះវិហារ ៖ ស្ពានដែកក្រាលឈើមួយកន្លែង ឆ្លងកាត់អូរតាយូ ស្ថិតលើកំណាត់ផ្លូវជាតិលេខ ៩៥ ស្ថិត នៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ដែលបានកំពុងទទួលរងការទ្រុឌទ្រោមយ៉ាងខ្លាំង នោះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សម្រេចរុះរើចេញ ដើម្បីសាងសង់ឡើងវិញហើយ។ទន្ទឹមនឹងនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បបានចេញសេចក្តីជូនដំណឹងមួយ ដោយសុំអោយបងប្អូន ពុកម៉ែ ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ និងអ្នកបេីកបរទាំងអស់ ផ្អាកធ្វើចរាចរណ៍ឆ្លងស្ពាននេះមួយថ្ងៃជាបណ្ដោះអាសន្ន ។
បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមជម្រាបជូនដំណឹងដល់ បងប្អូន ពុកម៉ែ ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ និងអ្នកបេីកបរទាំងអស់ ដែលមានបំណងឆ្លងកាត់ ផ្លូវជាតិលេខ ៩៥ មេត្តាជ្រាបថា : នៅថ្ងៃទី០១-មេសា-២០១៩ មន្ទីរសាធារណការខេត្ត នឹងធ្វេីការរុះរេីស្ពានបេឡេត៍ នៅគម ០+២៥០ ទីរួមស្រុកឆែប ដូច្នេះ មន្ទីរសាធារណការខេត្ត សុំផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នរយ:ពេល ០១ថ្ងៃ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សង្ឃឹមយ៉ាងមុតមាំថា បងប្អូន ពុកម៉ែ ប្រជាពលរដ្ឋ នឹងយោគយល់ដល់អង្គភាពយេីងខ្ញុំ។