ស្តារប្រឡាយស្របផ្លូវរថភ្លើង ប៉ែកខាងលិច ចាប់ពីផ្លូវជាតិលេខ៤ដល់រ៉ាសំរោងទំនប់កប់ស្រូវ ប្រវែង ជិត៥០០០ម៉ែត្រ
ភ្នំពេញ៖ ដើម្បីសម្រួលផ្លូវទឹកហូរ កាត់បន្ថយនូវការលិចលង់ដោយជំនន់ទឹកភ្លៀងនៅភាគខាងលិចរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើកម្មភាពស្តារប្រឡាយស្របផ្លូវរថភ្លើង ប៉ែកខាងលិច ចាប់ពីផ្លូវជាតិលេខ៤ដល់រ៉ាសំរោងទំនប់កប់ស្រូវ ។ កិច្វការងារនេះបានចាប់ផ្តើមតាំងពីខែមករា ហើយមកដល់ពេលនេះបានបញ្ចប់ហើយ ដែលមានប្រវែង ជិត៥០០០ម៉ែត្រ ។
លោកដួង ច័ន្ទសារ៉ាត់ ប្រធានការិយាល័យលូទឹក បូមទឹក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា ចំពោះការងារខាងលើនេះជាលទ្ធផល ក្រុមការងាររបស់លោកបានស្តារប្រឡាយស្របផ្លូវរថភ្លើង ប៉ែកខាងលិចចាប់ពីផ្លូវជាតិលេខ៤ ដល់រ៉ាសំរោង ទំនប់កប់ស្រូវ ប្រវែង ៤.៨៥០ម៉ែត្រ។
ការជីកស្តារប្រឡាយស្របផ្លូវរថភ្លើង ដែលស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ យើងបានចាប់ពីផ្លូវជាតិលេខ៤ ដល់រ៉ាសំរោងទំនប់កប់ស្រូវ ដោយប្រើប្រាស់អ៊ិចស្កាវ៉ាទ័រចំនួន៣គ្រឿង ចាប់ផ្តើមជីកស្តារពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ហើយមកដល់ពេលបានបញ្ចប់ហើយជាមួយ នឹងលទ្ធផលស្តារបានប្រវែងសរុប ៤៨៥០ម៉ែត្រ ដែលមានមាត់លើ៦ម៉ែត្រ បាតក្រោម៣ម៉ែត្រ និងជម្រៅស្នើ២ម៉ែត្រ។
គួរបញ្ជាក់ដែរថា កន្លងមកនេះក្នុងគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបានដាក់ចេញជាផែនការ ដោយឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសិក្សាបច្ចេកទេស លើបញ្ហាដោះស្រាយទឹកលិចចំនួន ៥គម្រោង លើចំនួន ៥តំបន់ក្នុងរាជធានីភ្នំពេញនៅឆ្នាំ២០១៨នេះ។
តំបន់លិចទឹកទាំង៥កន្លែងដែលត្រូវដោះស្រាយនេះរួមមានទី១-តំបន់ផ្លូវជាតិលេខ ៤ មុខសាលាក្តីខ្មែរក្រហម ដោយកំពុងជីកភ្ជាប់ប្រឡាយស្របផ្លូវរថភ្លើង ប្រឡាយជើងឯក និងប្រឡាយទួលពង្រ។ទី២-តំបន់មហាវិថីសហព័ន្ឋរុស្ស៊ី ខាងជើងព្រលានយន្តហោះ។ គម្រោងដាក់លូប្រអប់ក្នុងសាច់ផ្លូវតាំងកសាង ចាប់ពីមហាវិថីសហព័ន្ឋរុស្ស៊ី ទៅភ្ជាប់ប្រឡាយទួលសំពៅនិង១ខ្សែទៀត ទៅភ្ជាប់ប្រឡាយចំការឳឡឹក។ ទី៣-តំបន់ខាងត្បូងនិងខាងកើតព្រលានយន្តហោះ។គម្រោងនឹងដាក់លូប្រអប់ទំហំ ៦.៨ម៉ែត្រ និង ៤.៨ម៉ែត្រ ដើម្បីដោះទឹកលិចនៅផ្លូវ ស ឡា ផ្លូវ ណ័រប្រ៊ីត ផ្លូវដួង ងៀប ភូមិថ្មគោល ប្រឡាយលូ៥ បុរី អូរបែកក្អម បុរី ស ឡា។ទី៤-គម្រោងស្ថាបនាប្រឡាយបេតុងស្ទឹងមានជ័យ និងផ្លូវអបប្រឡាយនិងទី៥-គម្រោងស្តារលូ នៅក្នុងខណ្ឌចំការមន ដូនពេញ ៧មករា និងទួលគោក។
ដើម្បីដោះស្រាយបាននូវការលិចលង់នេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានដាក់ចេញជា គម្រោងសាងសង់ស្ថានីយ៍បូមទឹកថ្មីចំនួន៤កន្លែងទៀតផងដែរ ដូចជា នៅគឺទី១ស្ថានីយ៍បុរី១០០ខ្នង ទី២ស្ថានីយ៍លូ ៥ ទី៣ស្ថានីយ៍បឹងទំពុន និងទី៤ស្ថានីយ៍ទួលសំពៅ ដែលបង្កើនសមត្ថភាពបូមទឹកបាន៣ដង។
ជាងនេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញនូវបានដាក់ចេញ ជាយុទ្ធនាការស្តារលូទាំងខ្នាតតូចនិងខ្នាតធំ នៅ៤ខណ្ឌកណ្តាលក្រុងដែលមានប្រវែង ៤១៨គីឡូម៉ែត្រថែមទៀតផងដែរ៕