ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការ​ចោទ ​លោក​ ផែង​ វណ្ណៈ ​ពី​បទ​ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ ​និង​បរិហារកេរ្តិ៍​ជា​សាធារណៈ

275


​ភ្នំពេញ​​ ៖​ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់ និងក៏ជាមន្រ្តីយោធាពាក់ស័ក្តិ៤ ​ឈ្មោះ​ ផែង​ វណ្ណៈ​ ត្រូវ​តុលាការ​ បាន​សាកសួរ​ពេញ​មួយ​ថ្ងៃរសៀល​នេះ​ ក្រោយ​ការ​ឃាត់ខ្លួន​សាកសួរ​នៅ​ថ្ងៃ​ទី​២​មេ​សា​ ពី​បទ​ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​ ហើយបញ្ជូនត្រឡប់ទៅទីបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេស នឹងបន្តសាកសួរនៅតុលាការម្តងទៀតនៅថ្ងៃទី៣មេសានេះ។

ពាក់ព័ន្ធករណីបទល្មើស ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី ៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល។ ចំណែកបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ កំណត់ពិន័យជាប្រាក់ពី ១សែនរៀលទៅ១០លានរៀល។

លោក​ ផែង​ វណ្ណៈ​ បាន​រង​ការ​ប្តឹង​នូវ​អំពើ​មួយ​ចំនួន​ ក្នុង​នោះ​រួម​មាន​ បណ្តឹង​របស់អង្គភាពសារព័ត៌មាន​ Fresh​ News​ និង​បណ្តឹង​របស់​មេធាវី​ការពារ​សម្តេច​តេ​ជោ​ ហ៊ុន​សែន​ផង​ដែរ​។​ រឿងរ៉ាវ​ដែល​នាំ​អោយ​មានការ​ប្តឹង​នេះ​ បាន​ផ្តើមដំបូង​បន្ទាប់​ពី​ លោក​ផែង​ វណ្ណៈ​ បាន​យក​ប្រាក់​ចំនួន​៥​ពាន់​ដុល្លារ​ តំណាង​អោយ​ក្រុម​គ្រួសារ​របស់​កញ្ញា​ យិ​ន​ ម៉ា​ណា​ ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យសព​របស់​ក្រុម​គ្រួសារ​មួយ​ ដែល​មានកូន​ស្រី​អាយុ​២២​ឆ្នាំ​ បាន​រង​នឹង​អំពើ​បុក​ស្លាប់​ដោយសារ​ការ​បើកបរ​រថយន្ត​របស់​កញ្ញា​ យិ​ន​ ម៉ា​ណា​ ។​ ស្ត្រី​ជា​ជន​រង​គ្រោះ​ឈ្មោះ​ ឌុំ​ រី​ដា​ ត្រូវ​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ កាលពី​ថ្ងៃ​ទី​២៦​មីនា​ ក្នុង​ពេល​នាង​កំពុង​ជិះ​លើ​ផ្លូវថ្នល់​មួយ​កន្លែង​ក្នុង​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​។​ អំពើ​បុក​មនុស្ស​ស្លាប់​ជាមួយនឹង​ការ​រត់គេច​ខ្លួន​នោះ​ ត្រូវ​បាន​បណ្តាញ​សង្គម​ បាន​ផ្សព្វផ្សាយ​បណ្តាល​ឲ្យ​មាន​ភាព​ រំជើបរំជួល​ខ្លាំង​ និង​មានការ​រិះគន់​យ៉ាង​ក្រៃ​លែង​ពី​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ដែល​ថ្កោលទោស​ និង​ទទូច​អោយ​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​។​ ក្នុង​ពេល​ហេតុការណ៍​ដែល​មានការ​រិះគន់​ខ្លាំង​ពី​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ លោក​ផែង​ វណ្ណៈ​ ត្រូវ​គេ​ឃើញ​ថា​ បាន​ធ្វើ​ជា​តំណាង​ឲ្យ​ក្រុម​គ្រួសារ​របស់​កញ្ញា​ យិ​ន​ ម៉ា​ណា​ និង​បាន​យក​លុយ​៥​ពាន់​ដុល្លារ​ជូន​ដល់​ក្រុម​គ្រួសារ​ដែល​រង​គ្រោះ​។​ អំពើ​នោះ​ បាន​នាំ​អោយ​បណ្តាញ​សង្គម​បាន​ចោទប្រកាន់​លើ​លោក​ ផែង​ វណ្ណៈ​ និង​ក៏​មានការ​សរសេរ​ព័ត៌មាន​នានា​ពី​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​ ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​ លោក​ផែង​ វណ្ណៈ​ ក្នុង​នោះ​ក៏​រួម​មាន​ទីភ្នាក់ងារអង្គភាពសារព័ត៌មាន​ Fresh​ News​ ផង​ដែរ​ ។​

​លោក​ផែង​ វណ្ណៈ​ បាន​ប្រតិកម្ម​ចំពោះ​ការ​សរសេរ​របស់អង្គភាពសារព័ត៌មាន​ ​ Fresh​ News​ និង​និយាយ​ចោទ​ថា​អង្គភាពសារព័ត៌មាន​ Fresh​ News​ ធ្វើ​តែ​ព័ត៌មាន​ណា​ដែល​ទទួល​បាន​តែ​លាភសក្ការៈ​ ។​ ការ​ចោទប្រកាន់​លើ​ទីភ្នាក់ងារ​អង្គភាពសារព័ត៌មាន​ Fresh​ News​ ដែល​មាន​មនុស្ស​ច្រើន​ លាន​នាក់​បាន​ចូល​ទស្សនា​រៀងរាល់ថ្ងៃ​នោះ​ បាន​នាំ​អោយ​អ្នក​ទទួលខុសត្រូវអង្គភាពសារព័ត៌មាន​ ​ Fresh​ News​ លោក​ លឹ​ម​ ជា​វុ​ត្ថា​ បាន​បដិសេធ​ និង​ស្នើ​អោយ​លោក​ផែង​ វណ្ណៈ​ ធ្វើការ​សុំ​ទោស​និង​កែតម្រូវ​ បើ​ពុំ​ដូច្នោះ​ទេ​ គេ​នឹង​ប្តឹង​ចាត់ការ​តាម​វិធាន​ការណ៍​ច្បាប់​ ប៉ុន្តែ​លោក​ផែង​ វណ្ណៈ​ មិន​ព្រម​ធ្វើ​តាម​ និង​ថែម​ទាំង​និយាយ​ប្រៀបធៀប​រឿងហេតុ​ការណ៍​ជា​ច្រើន​ទៀត​ ដែលអង្គភាពសារព័ត៌មាន​ ​ Fresh​ News​ មិន​អាច​ទទួលយក​បាន​។​
​លោក​ផែង​ វណ្ណៈ​ ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ បាន​សរសេរ​ប្រៀបធៀប​ថា​ ការ​ដែល​លោក​យក​លុយ​៥​ពាន់​ដុល្លារ​ ទៅ​អោយ​ក្រុម​គ្រួសារ​រង​គ្រោះ​នោះ​ គឺ​ដូច​ជា​ប្រធានអង្គភាពសារព័ត៌មាន​ ​ Fresh​ News​ យក​ថវិកា​របស់​សម្តេច​តេ​ជោ​សែន​៥​ម៉ឺន​ដុល្លារ​ ទៅ​អោយ​ក្រុម​គ្រួសារ​សព​លោក​ កែម​ ឡី​ នោះ​ដែរ​។​ សម្តី​ប្រៀបធៀប​នេះ​ បាន​នាំ​អោយ​ការ​វិភាគ​ពី​បណ្តាញ​សង្គម​ ដែល​សរសេរ​ថា​ រឿងហេតុ​នោះ​ គឺ​ខុស​គ្នា​ទាំងស្រុង​ដោយ​លោក​ផែង​ វណ្ណៈ​និង​លុយ​ ប្រគល់​អោយ​ក្រុម​គ្រួសារ​រង​គ្រោះ​នោះ​ គឺ​លោក​ ផែង​ វណ្ណៈ​ បាន​ធ្វើ​ជា​តំណាង​អោយ​ក្រុម​គ្រួសារ​ដែល​បើករថយន្ត​បុក​សម្លាប់​មនុស្ស​ ហើយ​រត់​មិន​ទទួលខុសត្រូវ​ ប៉ុន្តែ​ថវិកា​៥​ម៉ឺន​ដុល្លារ​របស់​ សម្តេច​តេ​ជោ​សែន​ តាម​រយៈ​ប្រធាន​អង្គភាពសារព័ត៌មាន​ Fresh​ News​ លោក​លឹ​ម​ ជា​វុ​ត្ថា​ ទៅ​អោយ​ក្រុម​គ្រួសារ​លោក​ កែម​ ឡី​ នោះ​ មិនមែន​លោក​លឹ​ម​ ជា​វុ​ត្ថា​ ធ្វើ​ជា​តំណាង​អោយ​ក្រុម​គ្រួសារ​ដែល​ប្រព្រឹត្ត​កំហុស​នោះ​ទេ​។​
​មេធាវី​ការពារ​ក្តី​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ថ្លែង​ចោទ​ថា​ សំ​ណេ​រ​របស់​ឈ្មោះ​ផែង​ វណ្ណៈ​ នេះ​ គឺជា​សំ​ណេ​រ​ ដែល​មាន​ផែនការ​ច្បាស់លាស់​ និង​ចេតនា​ទុច្ចរិត​ក្នុង​ការ​និយាយ​ប្រៀបធៀប​ ក្នុង​បំណង​ចោទប្រកាន់​ និង​ទម្លាក់​កំហុស​ទៅ​លើស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ថា​ ជា​ឃាតក​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​។​
​មេធាវី​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ កាលពី​រសៀល​ថ្ងៃ​ទី​១​មេ​សា​ បាន​ធ្វើ​ពាក្យបណ្តឹង​មួយ​បន្ថែម​ពីលើ​បណ្តឹង​របស់អង្គភាពសារព័ត៌មាន​ ​ Fresh​ News​ និង​ធ្វើ​សំណូមពរ​ចំពោះ​ព្រះរាជអាជ្ញា​ ដើម្បី​ធ្វើការ​ពិនិត្យ​ពិចារណា​សម្រេច​ឃាត់ខ្លួន​ ឬ​ចាប់ខ្លួន​ និង​ឃុំខ្លួន​ ឈ្មោះ​ ផែង​ វណ្ណៈ​ ជា​បន្ទាន់​ ដើម្បី​ទប់ស្កាត់​ការ​ប្រព្រឹត្ត​អំពើ​ល្មើស​ជា​បន្តបន្ទាប់​ ដែល​អាច​នាំ​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។​
​លោក​ផែង​ វណ្ណៈ​ ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ បាន​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២​មេ​សា​ និង​ប​ញ្ជួ​ន​ទៅ​តុលាការ​ដើម្បី​ធ្វើការ​សាកសួរ​។​ សមត្ថកិច្ច​បាន​បញ្ជាក់​នៅ​ល្ងាច​ថ្ងៃ​ទី​២​មេ​សា​ថា​ ការ​សាកសួរ​ជុំវិញ​រឿង​លោក​ផែង​ វណ្ណៈ​ នៅ​មិន​ទាន់​ចប់​សព្វគ្រប់​នៅឡើយ​ទេ​នា​រសៀល​ថ្ងៃ​ទី​២​មេ​សា​នេះ​។​ លោក​ផែង​ វណ្ណៈ​ ត្រូវ​បាន​បញ្ជូន​ពី​តុលាការ​ ដើម្បី​ មក​រក្សា​ទុក​ក្នុង​ការ​គ្រប់គ្រង​របស់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​សិន​ និង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ការ​ម្តងទៀត​នៅ​ថ្ងៃស្អែក​ ដើម្បី​ធ្វើការ​សាកសួរ​បន្ត​ថែម​ទៀត​ ៕

អត្ថបទដែលជាប់ទាក់ទង