ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកអន្តោប្រវេសន៍ ស្នើ​ឲ្យ​វិស័យ​ឯកជន ​បន្ដ​ចូលរួម​ អនុវត្ដ គោរព​ច្បាប់​ ដើម្បី​ថែរក្សា​សុវត្ថិភាព​សន្ដិសុខ

73


​ព្រះ​សីហ​នុ​៖ លោក នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយកអន្តោប្រវេសន៍​ បានប្រកាសផ្សព្វផ្សាយច្បាប់អន្តោប្រវេសន៍​ និងច្បាប់ពាក់ព័ន្ធដល់ម្ចាស់​ ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទក្នុងជំហ៊ានទី១​ នាព្រឹកថ្ងៃអង្គារ​ ១៣រោច​ ខែផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី២​ ខែមេសា​ ឆ្នាំ​២០១៩​ នៅសាលាខេត្តព្រះសីហនុ​ ។

លោក នាយ​ឧត្តមសេនីយ៍​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ មាន​ប្រសាសន៍​ថា​ កម្មវិធី​ថ្ងៃនេះ​ គឺ​មាន​គោលបំណង​ផ្សព្វផ្សាយ​ខ្លឹមសារ​សំខាន់ៗ​នៃ​ច្បាប់​ស្ដី​ពី​កាតព្វកិច្ច​ជនបរទេស​ ដែល​ជា​ម្ចាស់​ ឬ​អ្នកកាន់កាប់​លំនៅ​ឋាន​គ្រប់​ប្រភេទ​ និង​ទោស​បញ្ញត្ដិ​ ដែល​មាន​ជន​បរ​ទេ​ស្នាក់​នៅ​ ជូន​ដល់​អ្នក​វិនិយោគ​ ក្រុមហ៊ុន​សណ្ឋាគារ​ កាស៊ីណូ​ ភោជនីយដ្ឋាន​ ក្លឹ​ប​កម្សាន្ដ​ ជាដើម​។​ ជាមួយ​គ្នា​នេះ​ដែរ​លោក​ ក៏​បាន​ស្នើ​ឲ្យ​វិស័យ​ឯកជន​បន្ដ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ អនុវត្ដ​ការងារ​ជំរឿន​ឲ្យ​បាន​ជោគជ័យ​ និង​រួម​គ្នា​គោរព​ច្បាប់​ ដើម្បី​ថែរក្សា​សុវត្ថិភាព​សន្ដិសុខ​ជូន​ប្រជាពលរដ្ឋ​ អ្នក​វិនិយោគ​ និង​ភ្ញៀវ​ទេសចរ​ សម្រាប់​បន្ដ​ការ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ ។​

​ជាមួយ​គ្នា​នេះ​ដែរ​ លោកនាយ​ឧត្ដមសេនីយ៍​ កែវ​ វណ្ណ​ថន​ អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្ដោប្រវេសន៍​ ក៏​បាន​លើក​ឡើង​អំពី​កិច្ច​ការងារ​ជំរឿន​ជនបរទេស​នេះ​ដែរ​ក្រុមការងារ​គាំទ្រ​ និង​ពង្រឹង​រដ្ឋបាល​ខេត្ដ​ព្រះ​សីហ​នុ​ បាន​បង្កើត​ក្រុមការងារ​ចុះ​ស្រង់​ទិន្នន័យ​ជនបរទេស​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ខេត្ដ​ជាង​២.០០០​ ទីតាំង​ និង​រក​ឃើញ​ជនបរទេស​ជិត​៥០.០០០​នាក់​ចំនួន​៥៧​សញ្ជាតិ​ ក្នុង​នោះ​ជនជាតិ​ចិន​មាន​ចំនួន​ច្រើន​ជាងគេ​។​

​ក្នុង​នោះ​ដែរ​លោកឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​លើក​ឡើង​ដែរ​ថា​ ស្នងការដ្ឋាន​ នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ដាក់​ផែនការ​ច្បាស់លាស់​ទៅ​ស្នងការ​រង​ទទួល​បន្ទុក​អន្ដោប្រវេសន៍​និង​អធិការដ្ឋាន​នគរបាល​ទាំងអស់​ បន្ដ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ធ្វើ​ការងារ​នេះ​ឲ្យ​បាន​ល្អ​ ដោយ​អនុវត្ដ​វិធាន​សំខាន់ៗ​ចំនួន​បី​ គឺ​ផ្សព្វផ្សាយ​ណែនាំ​ វិធានការ​ជំនាញ​ និង​វិធានការ​ច្បាប់​។​

លោក គង់​ វី​តាណៈ​ អភិបាលរង​ខេត្ដ​ព្រះ​សីហ​នុ​ ក៏​បាន​មាន​ប្រសាសន៍ ស្នើ​ឲ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​បន្ដ​សហការ​គ្នា​ឲ្យ​បាន​ល្អ​ដើម្បី​អនុវត្ដ​ផែនការ​ ការងារ​នេះ​ឲ្យ​បាន​ជោគជ័យ​សម្រាប់​សុវត្ថិភាព​សន្ដិសុខ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ ឲ្យ​សម​ទៅ​នឹង​ការ​យកចិត្ដទុកដាក់​ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ជម្រុញ​ខេត្ដ​ព្រះ​សីហ​នុ​ឲ្យ​ទៅ​ជា​ប៉ូ​ល​សេដ្ឋកិច្ច​ពិសេស​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ ចំពោះ​ការ​ថែរក្សា​សុវត្ថិភាព​ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​ខេត្ដ​ព្រះ​សីហ​នុ​ ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មី​នេះ​ សភាពការណ៍​បទល្មើស​កើតឡើង​ចំនួន​ ១០៦​ករណី​ លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​បាន​ចំនួន​ ១០៤​ករណី​ ស្មើនឹង​ជាង​ ៩៨ភាគរយ​ រីឯ​បទល្មើស​ឧក្រិដ្ឋ​នៅ​ខេត្ដ​ព្រះ​សីហ​នុ​ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ ធ្វើការ​បង្ក្រាប​បាន​ ១០០ភាគរយ​ ៕

អត្ថបទដែលជាប់ទាក់ទង