ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហាមប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ថវិការដ្ឋ មធ្យោបាយរដ្ឋ ដើម្បីយកទៅធ្វើយុទ្ធនាការឃោសនាបោះឆ្នោត

121

កណ្តាល៖ ពាក់ព័ន្ធនឹងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដែលឈានមកដល់នៅថ្ងៃទី៧ខែកក្កដាខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាល បានប្រកាសប្រាប់ដល់សមាជិករបស់ខ្លួន មិនត្រូវប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ថវិការដ្ឋ មធ្យោបាយរដ្ឋ ដើម្បីយកទៅធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី មកពីរោងចក្រចំនួន២៥ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់មន្រ្តីរាជការទាំងអស់ មិនត្រូវប្រើទ្រព្យសម្បត្តិ របស់រដ្ឋទៅធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនោះឡើយ ដើម្បីធានាថាទ្រព្យសម្បត្តិរបស់រដ្ឋ មិនត្រូវយកទៅបម្រើដល់ការបោះឆ្នោតដោយគណបក្សនយោបាយណាមួយនោះឡើយ ជាពិសេសបក្សកាន់អំណាច។

សម្តេចបានថ្លែងបញ្ជាក់ថា “នៅថ្ងៃបើកឃោសនាបោះឆ្នោត គឺចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៨ ខ្ញុំសូមអំពាវនាវសារជាថ្មីម្តងទៀត ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ឲ្យខិតខំថែរក្សានូវបរិយាកាសនយោបាយអព្យាក្រឹត្យ ដើម្បីធានាដល់ការបោះឆ្នោតមួយ ប្រកបដោយភាពសេរី យុត្តិធម៌ និងត្រឹមត្រូវ។ ទន្ទឹមនឹងនេះដែរ គ្រប់បណ្តាស្ថាប័នរដ្ឋ និងមន្ត្រីរាជការ ដែលធ្វើការនៅស្ថានប័នរដ្ឋ ឬអ្នកឈរជាតំណាងរាស្ត្រ ឬអ្នកដែលចូលរួម ក្នុងយុទ្ធនាការ នៃការឃោសនារកសំឡេងឆ្នោតទាំងអស់ មិនត្រូវប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ, ថវិការដ្ឋ, មធ្យោបាយរដ្ឋជាដើម ដើម្បីយកទៅធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនោះឡើយ។ ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការឲ្យបានប្រាកដប្រជា ដើម្បីធានាថារាល់នូវមធ្យោបាយ របស់រដ្ឋទាំងអស់ គឺមិនត្រូវបានយកទៅបម្រើ សម្រាប់បក្សនយោបាយណាមួយឡើយ ក្នុងនោះគឺមានរថយន្តរដ្ឋ រួមទាំងស្លាករថយន្តនគរបាល និងកងកម្លាំងប្រដាប់អាវុធ គឺត្រូវប្រើប្រេងសាំង និងមធ្យាបាយផ្ទាល់ខ្លួន ដែលមិនមែនជារបស់រដ្ឋ ក្នុងការធ្វើយុទ្ធនាការបោះឆ្នោតខាងមុខនេះ”។

សម្តេចតេជោ បានស្នើដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ត្រូវតែអព្យាក្រឹត្យ ហើយត្រូវការពារឲ្យខាងតែបាន ចំពោះគ្រប់គណបក្សនយោបាយទាំងអស់ ដែលនឹងចូលរួមធ្វើយុទ្ធនាការឃោសនា រកសំឡេងឆ្នោត នៅថ្ងៃខាងមុខនេះ ដូចជាការហែរក្បួន របស់បក្សនយោបាយ ឬការជួបជុំរបស់បក្សនយោបាយ ជាដើម គឺត្រូវជួយសម្រួលឲ្យមានភាពអព្យាក្រឹត្យ យុត្តិធម៌ និងត្រឹមត្រូវបានល្អ។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានញ្ជាក់ថា នៅថ្ងៃបោះឆ្នោតខាងមុខនេះ គឺកូនក្មួយកម្មករនឹងបានឈប់សម្រាកចំនួន៣ថ្ងៃ គឺថ្ងៃទី ២៨, ២៩ និងទី៣០ ដោយទទួលបានប្រាក់ឈ្មួលពេញ ដើម្បីត្រៀមខ្លួនទៅបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ ក្នុងនោះគឺសិស្សនិស្សិតក៏ត្រូវបានឈប់សម្រាក៣ថ្ងៃដូចគ្នា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត សម្តេចនឹងប្រកាសបង្ហាញ នូវគោលនយោបាយមួយ ចំនួនសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានធ្វើតាំងពីប្រជាពលរដ្ឋពីត្រឹមតែ ៥លាននាក់ រហូតដល់ប្រមាណ ១៦លាននាក់ទៅហើយ។ គណបក្សប្រជាជនធ្វើតាំងពីពលរដ្ឋពី ៥លាននាក់ខ្វះអង្ករបរិភោគ មកដល់ពលរដ្ឋប្រមាណ ១៦លាននាក់ មានអង្ករហូបគ្រប់គ្រាន់ ហើយសល់អង្ករសម្រាប់នាំចេញ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចបន្តដឹកនាំប្រទេសយ៉ាងតិច១០ឆ្នាំ ដើម្បីចាំការពារប្រទេស ពីការប៉ុនប៉ងបំបែកបំបាក់ របស់ក្រុមបក្សប្រឆាំង ដែលត្រូវបានរំលាយ។ ដរាបណាអតីតមេបក្សប្រឆាំងមួយនេះ នៅតែមានវត្តមាន សម្តេចនៅតែបន្តដឹកនាំ ការពារប្រទេសមួយនេះ។

សម្តេចតេជោ ហ៊ុ​ន សែន ក៏បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវជួលម៉ោងផ្សព្វផ្សាយ ទៅដល់គណបក្សនយោបាយទាំងអស់ ខណៈដែលគណបក្សប្រជាជនកម្ពុជា បានជួលគ្រប់ទូរទស្សន៍អស់ហើយ ដើម្បីផ្សព្វផ្សាយក្នុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ សម្រាប់ទូរទស្សន៍ជាតិ គឹត្រូវផ្តល់ម៉ោងស្មើៗគ្នា ដល់គ្រប់គណបក្សនយោបាយទាំងអស់ ក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅប្រជាពលរដ្ឋថា ប័ណ្ណព័ត៌មានស្តីពីការបោះឆ្នោតមិនអាចយកទៅបោះឆ្នោតបាននោះឡើយ ពោលមានតែអត្តសញ្ញាណប័ណ្ណ ទើបអាចបម្រើដល់ការបោះឆ្នោតបាន។ សម្តេចនឹងចេញសារាចរណ៍ ណែនាំមួយជូនដល់ប្រជាពលរដ្ឋ សម្រាប់ថ្ងៃបោះឆ្នោត ដែលធ្វើតាមសំណើរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ នៅថ្ងៃបោះឆ្នោតនឹងហាមមិនឲ្យមានលក់ និងផឹកស្រានោះឡើយ។ សម្រាប់អ្នកដែលលើកឡើងថា នៅថ្ងៃបោះឆ្នោតគេនឹងផឹកស្រាចាក់បាស់រាំច្រៀង អាចប្រឈមនឹងការមានទោសព្រោះតែប្រព្រឹត្តផ្ទុយពីច្បាប់របស់ គ.ជ.ប។

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យរួបរួមគ្នាធ្វើយ៉ាងណាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ ដោយមិនត្រូវឲ្យមានការផិតភ័យណាមួយដល់ប្រជាពលរដ្ឋនោះឡើយ។ ការបោះឆ្នោតបក្សណាឈ្នះឆ្នោតជារឿងមួយ ប៉ុន្តែអ្វីដែលសំខាន់គឺជាតិទាំងមូលបានឈ្នះតាមរយៈ នៃការរៀបចំការបោះឆ្នោតមួយប្រកបដោយជោគជ័យ៕   

អត្ថបទដែលជាប់ទាក់ទង