ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មូលហេតុនៃការដួលនៅលើស្ពានជ្រោយចង្វាទី១

97

ភ្នំពេញ៖ គ្រោះថ្នាក់លើស្ពានថ្ងៃទី៣មេសានេះ មានច្រើន តែមួយករណីនេះធ្ងន់ធ្ងរជាងគេ ។ សូមអំពាវនាវបងប្អូនបើកបរឆ្លងកាត់លើស្ពាននេះ សូមគោរពគន្លង និងកុំប្តូរគន្លងបើកបររបស់ខ្លួនពេលកំពុងបើកបរលើស្ពាន ។ នេះបើតាមការផ្សាយរបស់ផេកហ្វេសប៊ុក Traffic Cambodla

ចំណែកលោកមេឃុំ ឆាយ ធី បានសរសេរផេកហ្វេសប៊ុកថា
ស្ពានជ្រោយចង្វាទី១! មិនមែនធ្វើខុសស្តង់ដារទេ មនុស្សវិញទេ ដែលជិះខុសគំនូសកំណត់​ ទើបបណ្តាលអោយមានការដួលម៉ូតូជាច្រើននាក់បែបនេះ សង្ឃឺមថាស្ពានមួយនេះធ្វើអោយប្រជាពលរដ្ឋរបស់យើង​(ស្គាល់ផ្លូវឡាន-ផ្លូវម៉ូតូ) កែប្រែផ្នត់គំនិតពីទំលាប់ចាស់ ដែលមិនបានគោរពច្បាប់ និងរូបសញ្ញាចរាចរណ៍កន្លងមក បណ្តាលអោយមានគ្រោះថ្នាក់ជាច្រើន មកជាទំលាប់ល្អ​ តាមបែបប្រទេសជឿនលឿនវិញម្តង។

រីឯរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសេចក្តីសុខសុវត្ថិភាព ដោយត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ស្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ នៅតាមដងផ្លូវស្ពានសាធារណៈ​ ជាក់ស្តែងដូចជានៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ស្ពានជ្រោយចង្វាទី១) ដោយត្រូវគោរពតាមគន្លងធ្វើដំណើរដែលបានកំណត់​រួច រួមមានគន្លងសម្រាប់អ្នកធ្វើដំណើរដោយថ្មើរជើង គន្លង​សម្រាប់​ម៉ូតូ និងគន្លង​សម្រាប់​យានជំនិះដទៃទៀត​ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ។

តាមការរាយការណ៍ពីប៉ូលីសថា រហូតដល់ល្ងាចនេះ មានម៉ូតូជាង៣០គ្រឿងបានដួលនៅស្ពានជ្រោយចង្វារ បណ្តាលមកពី (១) វ៉ាជែងគន្លងម៉ូតូ (២) ការជិះប្តូរគន្លងម៉ូតូទៅគន្លងរថយន្ត និងប្តូរពីគន្លងរថយន្តទៅគន្លងម៉ូតូ ដែលគន្លងទាំង២មានកម្រាលខណ្ឌខ្ពស់ទាបគ្នា។

អាជ្ញាធរបានដាក់ប៉ូលីសចរាចរណែនាំខាងមុខស្ពាន និងផ្សព្វផ្សាយគន្លង តាម Facebook ដើម្បីអោយប្រជាពលរដ្ឋគោរពតាមគន្លងបែងចែក និងប្រុងប្រយ័ត្ន។

សូមបញ្ជាក់÷ គន្លងយានយន្តស្ពានថ្មី ដូចគ្នានឹងគន្លងយានយន្តស្ពានចាស់ដែលធ្លាប់ប្រើប្រាស់កាលពី២ឆ្នាំមុន និងកាលសាងសង់ស្ពាន ដែលកាលនោះមានបញ្ហាដួលម៉ូតូតិចតួចបំផុត។

តាមរយៈការចុះត្រួតពិនិត្យស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វរទី១) របស់ក្រុមការងារនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង ២:៥០នាទីរសៀលរួចមក ក្រុមការងារបានពិនិត្យឃើញថា៖ មូលហេតុដែលបង្កឱ្យបងប្អូនប្រជាពលរដ្ឋជួបគ្រោះថ្នាក់ចរាចរណ៍នាពេលថ្មីៗនេះ គឺ (១) បណ្តាលមកពីការមិនគោរពគន្លងផ្លូវដែលតម្រូវសម្រាប់យានជំនិះរបស់ខ្លួន និងបានផ្លាស់ប្តូរគន្លងនៅត្រង់កន្លែងហាមឃាត់ (កន្លែងដែលមានគំនូសសញ្ញាបង្ហូតពណ៌សជាប់តាមបណ្តោយផ្លូវ)។ (២) ម្យ៉ាងវិញទៀត ដោយសារគន្លងសម្រាប់ទោចក្រយានយន្តមានកម្ពស់ ខ្ពស់ជាងគន្លងរបស់រថយន្ត ជាហេតុធ្វើឱ្យការផ្លាស់ប្តូរគន្លងនៅត្រង់កន្លែងហាមឃាត់ គឺងាយប្រឈមនឹងគ្រោះថ្នាក់។

ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ទោចក្រយានយន្តទាំងអស់ សូមប្រើប្រាស់គន្លងដែលតម្រូវសម្រាប់យានជំនិះរបស់ខ្លួន និងមិនត្រូវផ្លាស់ប្តូរគន្លងរបស់ខ្លួននៅត្រង់គំនូសសញ្ញាបង្ហូតជាប់ពណ៌សនៅតាមបណ្តោយទ្រូងផ្លូវឡើយ៕

អត្ថបទដែលជាប់ទាក់ទង