ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី ម៉ែន សំអន ជំរុញឲ្យមន្ដ្រីអធិការកិច្ច ត្រូវពង្រឹងការអនុវត្តច្បាប់ សំដៅការទប់ស្កាត់ អំពើពុករលួយ ព្រោះ អំពើពុករលួយធ្វើឱ្យប៉ះពាល់ជាអវិជ្ជមាន ធ្ងន់ធ្ងរ ណាស់ដល់ប្រទេសជាតិ

89


ភ្នំពេញ៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា៖ មន្ដ្រីអធិការកិច្ច ត្រូវពង្រឹងការអនុវត្តច្បាប់ សំដៅការទប់ស្កាត់ អំពើពុករលួយ ព្រោះ អំពើពុករលួយធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានធ្ងន់ធ្ងរ ណាស់ដល់ប្រទេសជាតិ។មន្ដ្រីអធិការកិច្ចទាំងអស់ ត្រូវបន្ដអនុវត្តតាមស្ថាប័ន និងអង្គភាពនានាជាប្រចាំដែលនេះជាភារកិច្ចដ៏សំខាន់ទាក់ទង នឹងការពង្រឹងការអនុវត្តន៍ច្បាប់សំដៅធានាប្រឆាំងអំពើពុករលួយការរំលោភដោយ អំណាច និងបាតុភាពអសកម្មនានា នៅក្នុងជួររដ្ឋបាលសាធារណៈ ក៏ដូច ជាផ្នែកមិនមែនរដ្ឋ ដើម្បីធានាការប្រើប្រាស់ប្រកបដោយ ប្រសិទ្ធភាពនៃថវិកា និងទ្រព្យសម្បត្តិរដ្ឋ ការពារ សុវត្ថិភាព សាធារណៈ និង ការពារសិទ្ធរបស់ប្រជាពលរដ្ឋ។ លោកជំទាវ កិត្ដិយសសង្គហបណ្ឌិត ម៉ែន សំអន បានជំរុញបែប នេះ ខណៈលោកជំទាវ ជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបការងារ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សម្រាប់អនុវត្ដការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នំា២០១៩នៅសណ្ឋាគារ សុខាភ្នំពេញ ជ្រោយចង្វារ កាលពីថ្ងៃព្រហស្បតិ៏ ១៥រោច ខែមេសា ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៤ ខែមេសា ឆ្នំា២០១៩ ។
​ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ថ្ងៃនេះក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធិសភាព និងអធិការកិច្ច បានបើកសន្និបាតនេះ ​​មានគោលបំណងត្រួតពិនិត្យ វាយតម្លៃ និង​​​បូកសរុប​លទ្ធផល​​ការងារ ​​ដែល​ក្រសួង​​បាន​សម្រេចក្នុងឆ្នាំ២០១៨​កន្លងមក និងដាក់​​ចេញ​នូវ​វិធានការណ៍ទិស​ដៅ​ថ្មីៗ ​​ស​ម្រាប់​​អនុវត្តបន្ត​ក្នុងឆ្នាំ​២០១៩ ដើម្បី​បំពេញ​​​​ការងារជូន​រាជរដ្ឋាភិបាល និង​បំរើ​​ប្រជាជន ​លើវិស័យការងារ ទំនាក់ទំនង សម្រប​សម្រួល​​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា ការងារផ្សព្វផ្សាយច្បាប់ ការងារ​អធិការកិច្ច ការទទួល ​និង​ដោះ​ស្រាយ​បណ្តឹង​នានា សំដៅ​​​​រួម​​ចំណែក​ពង្រឹង​អភិបាលកិច្ច​​ល្អ ដែលជា​ឧត្តម​ប្រយោជន៍របស់​សង្គម​ជាតិ​ទាំងមូល។
លោកស្រី ម៉ែន សំអន បានជំរុញឲ្យមន្ដ្រីអធិការកិច្ចត្រូវ បន្ដតាម​ដាន​ការអនុវត្ត​ច្បាប់ ទប់​ស្កាត់អំពើពុករលួយ ភាពអយុត្តិធម៌ក្នុង​សង្គម និងការរំលោភ​បំពាន​ដោយប្រើ​អំ​ណាច​បំរើ​ប្រយោជន៍​​បុគ្គល និងបក្សពួក គ្រួសារ និងការពារសិទ្ធ​របស់​ពលរដ្ឋ ពិសេសបានផ្តោត​ទៅ​លើ​​​មធ្យោបាយ​​ជា​សារវន្ត័​ចំនួន​៣ គឺ៖ ការអប់រំ​បង្ការ​ទប់​ស្កាត់​ជាមុន ការ​អនុវត្ត​ច្បាប់ និង​ការចូលរួម​ពី​មហាជន ។ កត្តាទាំងអស់នេះ ជាការរួមចំ ណែក​ពង្រឹង​អភិបាល​កិច្ច​ល្អ ដែល​ជាស្នូល​ នៃយុទ្ធសាស្ត្រ ចតុកោណ ដើម្បីកំណើនការងារ សមធម៌ និង​ប្រសិទ្ធភាព​ របស់​រាជរដ្ឋាភិបាល​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។
តាមរបាយការណ៏ ឲ្យដឹងពី លោក បណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ ក្រសួងអធិការកិច្ច ថា៖ ជាលទ្ធផលសកម្ម ភាព ការងារក្នុងឆ្នាំ២០១៨ ក្រសួងបានអនុវត្ដការងារ តាមជំនាញរបស់ខ្លួន ដើម្បីអនុវត្ត​ផែនការ​យុទ្ធ​សាស្ត្រអភិវឌ្ឍន៍ជាតិ២០១៥-២០១៩ ក៏ដូចជាការបន្តអនុវត្តន៍ទៅមុខទៀត ក្នុងនោះ​ក្រសួងទំនាក់ទំនងជា​មួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និងអធិការ​កិច្ច ​បានប្តេជ្ញា​ចិត្ត​ចូលរួមចំណែកអនុវត្តផែនការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ របស់រាជរដ្ឋា​ភិ​បាល ដែលនឹងត្រូវអនុម័តនា​ពេលខាងមុខ ដើម្បីបន្ត​អនុវត្ត​យុទ្ធសាស្ត្រ​​ចតុកោណ​ដំណាក់កាល​ទី៤ ដោយ​មាន​កំណត់​នូ​វ​​អាទិភាព សូចនាករ និង​ក្រប​ខ័ណ្ឌ​​ពេល​វេលា​ច្បាស់​លាស់ សម្រាប់​អនុវត្ត និងយន្តការ​សម្រាប់​តាម​ដាន​ ត្រួតពិនិត្យ និង​វាយ​តម្លៃ​ផ្អែកលើក​លទ្ធផល​ការងារ ព្រមទាំង​មាន​​កំណត់​​​​ការទទួល​ខុស​ត្រូវ​​របស់​ក្រសួង-ស្ថាប័ន ទៅ​តាម​មុំ​ ឬវិស័យ​​នីមួយៗ ឲ្យ​ទទួល​​បាន​​ជោគជ័យ​ទៅ​តាម​ផែនការ។

លោក បន្ដថា៖ ជាសមិទ្ធផលឆ្នាំ២០១៨កន្លងទៅ ជា​លទ្ធផល ដែលបានកើតចេញពី​ការ​ចូលរួម​របស់មន្ត្រី​រាជ​ការ​គ្រប់លំដាប់ថ្នាក់ និង​កិច្ច​សហការណ៍ពី​បណ្តា​​​​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដែលសុទ្ធតែ​ជា​តួអង្គ​សំខាន់​ៗ​មិន​អាច​ខ្វះបាន ។ ​​វឌ្ឍនៈភាព ​នៃការងារគ្រប់ផ្នែករបស់ក្រសួង ពិត​ជាបាន​រួ​ម​ចំ​ណែក ដ៏សំខាន់​ក្នុង​ការពង្រឹង​អភិបាលកិច្ច​ល្អ ដែលជាស្នូល នៃយុទ្ធសាស្រ្តចតុកោណ​ដំណាក់​កាល​​ទី៣ ដើម្បីកំណើន ការងារ សមធម៌ និង​ ​ប្រសិទ្ធ​ភាព ក្រោម​ការ​ងារដឹកនាំ​ប្រកប​​ដោយ​បញ្ញាញាណ​ដ៏​ឈ្លាស​​​វៃ ​របស់​សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។
លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ឆ្លងតាមរយៈសន្និបាតនេះ មន្ដ្រីអធិការកិច្ចទាំងអស់ ត្រូវអនុវត្ដនិងគោរពកធំភារកិច្ចរបស់ខ្លួនឲ្យមាន ប្រសិទ្ធភាព ដូចជា ទី១ត្រូវពង្រឹងប្រសិទ្ធិភាព កិច្ចការទំនាក់ទំងជាមួយរដ្ឋសភា​-ព្រឹទ្ធសភា និងផ្សព្វផ្សាយច្បាប់ ។ ទី២ ត្រូវពង្រឹងប្រសិទ្ធភាព កិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ ។ ទី៣ត្រូវពង្រឹងប្រសិទ្ធិភាព កិច្ចការអធិការកិច្ច និងទទួលពាក្យបណ្តឹង ដោះស្រាយពាក្យបណ្តឹងឲ្យបានទាន់ពេលវេលា ។ ទី៤ត្រូវអភិវឌ្ឍធនធានមនុស្ស តាមរយៈវិទ្យាស្ថានជាតិអធិការកិច្ចឲ្យបានល្អបន្ថែមទៀត ៕
ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង