ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លំហាត់​មហា​រំអិល​១៩ ​ រួមចំណែកលើកកំពស់ និងពង្រឹងសមត្ថភាពដល់នាយទាហានលើ សន្តិសុខលំហរសមុទ្រ

97

គណៈ​កម្មា​ធិការ​ជាតិ​សន្តិ​សុខ​លម្ហរ​សមុទ្រ ​បាន​អនុវត្ត​ធ្វើ​លំហាត់​ហ្វឹក​ហ្វឺន​បង្ក្រាប​ក្រុម​ចោរ​ប្លន់​លើ​នាវា​ដឹក​ប្រេង ​និង​សង្គ្រោះលើ​ផ្ទៃ​សមុទ្រ ​ដែល​មាន​ឈ្មោះ​ថា​៖ ​មហា​រំអិល​១៩ ​រួម​ជា​មួយ​​ នឹង​ដំណើរ​​ទស្សនៈ​កិច្ច​ស្វែង​យល់​របស់​គណៈប្រតិភូ​គណៈ​កម្មា​ធិការ​ជាតិ​សន្តិ​សុខ​លំហរ​សមុទ្រ​ ទៅ​កាន់​ទី​តាំង​កោះ​គូស្រូ​វី​ ហៅ​កោះ​ឆ្លាម ​ស្ថិត​នៅ​ក្នុង​ខេត្ត​កោះ​កុង​ ​កាល​ពី​ថ្ងៃ​ទី៣ ខែ​មីនា​ ឆ្នាំ ​២០១៩​។

​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ ឧប​នាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​​ជាតិ​សន្តិ​សុខ​លំហរ​សមុទ្រ ​បាន​ដឹ​ក​នាំ​គណៈ​ប្រតិភូ​គណៈ​កម្មា​ធិការ​​ជាតិ​សន្តិ​សុខ​លម្ហរ​សមុទ្រ​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​អនុពន្ធ័​យោ​ធា​បណ្តា​ប្រទេស​ជា​មិត្ត​ ប្រចាំ​នៅ​កម្ពុជា​ បាន​អញ្ជើញ​​ទៅ​​ទស្សនា​​ការ​ធ្វើ​​លំហាត់​មហា​រំអិល​១៩ ​ដែល​ការ​រៀប​ចំ​ដំណើ​ទស្សនៈ​កិច្ចសិក្សា​នេះ​ ​ក្នុង​គោល​បំណង​​ផ្តល់​ឱកាស​​​ជូន​​គណៈ​ប្រតិភូ​បាន​ស្វែង​យល់​អំពី​សក្តា​នុ​ពល​ នៃ​ធន​ធាន​ធម្មជាតិ​នៅ​ក្នុង​លម្ហរ​សមុទ្រ​កម្ពុជា​។​​ លំហាត់​មហា​រំអិល​១៩ ​ដែល​បាន​ធ្វើ​ការ​ហ្វឹក​ហាត់​ជា​លើក​ទី​២​នេះ និង​បាន​រួម​ចំណែក​លើក​កំពស់​ និង​ពង្រឹង​​សមត្ថភាព​​ដល់​មន្ត្រី​អនុ​វត្តិ​ច្បាប់​​របស់​អគ្គ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មា​ធិការ​ជាតិ​សន្តិ​សុខ​លំហរ​សមុទ្រ​។​ នៅ​ក្នុង​លំហាត់​មហា​រំអិល​១៩​ នេះ​មាន​ការ​ចូល​រួម​ហ្វឹក​ហាត់​ពី​កម្លាំង​ចម្រុះ​របស់​គណៈ​កម្មា​ធិការ​ជាតិ​​សន្តិ​សុខ​លម្ហរ​សមុទ្រ​ រួម​មាន​៖​ កំលាំង​របស់​ទី​បញ្ជាការ​ជួរ​មុខ​អគ្គ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មា​ធិការ​ជាតិ​​​សន្តិ​សុខ​លម្ហ​សមុទ្រ កង​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម ​កម្លាំង​ម​កពី​ក្រសួង​បរិស្ថាន ​កំលាំង​មក​ពី​កង​នគរ​បាល​ព្រំ​ដែន​ទឹក​ របស់​កង​នគរ​បាល​ជាតិ​ មាន​ការ​ចូល​រួម​ពី​ក្រុម​ស្រាវ​ជ្រាវ​មុជ​ទឹក​បាត​សមុទ្រ​ របស់​គណៈ​កម្មាធិការ​ជាតិ​សន្តិសុខលម្ហរ​សមុទ្រ ​និង​មាន​ការ​ចូល​រួម​ពី​កម្លាំង​មក​ពី​អគ្គ​នាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ​កម្លាំង​មក​ពី​រដ្ឋបាល​ជល​ផល​ កង​កម្លាំង​មក​ពី​មូល​ដ្ឋាន​សមុទ្រ​រាម​ របស់​កង​ទ័ព​ជើង​ទឹក​​ និង​កម្លាំង​របស់​កង​ទ័ព​ជើង​អាកាស​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។ ការ​ធ្វើ​លំ​ហាត់​មហា​រំអិល​១៩​ នា​ពេល​នោះ ​ បាន​បង្ហាញ​ជូន​គណៈ​ប្រតិភូ​ទស្សនា​អំពី​ការ​​បង្រ្កាប​ក្រុម​​ចោរ​ប្លន់​​​លើ​នា​វា​​ដឹក​ប្រេង ​និង​សង្រ្គោះ​លើ​ផ្ទៃ​សមុទ្រ ​ ដោយ​ប្រើ​យន្ត​ហោះ​​ស៊ើប​ការណ៍​​ទៅ​លើ​នាវា ​ដែល​ក្រុម​ចោរ​​បាន​ចាប់​ជំរិ​ត បន្ទាប់​ពី​បាន​ទទួល​ព័ត៌​​មាន​​ពី​​​ទី​បញ្ជាការ​ជួរ​មុខ​ ហើយ​ទី​បញ្ជាការ​ជួរ​មុខ​របស់​គណៈ​កម្មធិការ​ជាតិ​សន្តិ​សុខ​លម្ហរ​សមុទ្រ​ បាន​ដឹក​នាំ​បញ្ជា​ដើម្បី​ដោះ​ចំណាប់​ខ្មាំង​។​ ​ ការ​ធ្វើ​លំហាត់​នា​ពេល​នោះ​ ក៏​បាន​បង្ហាញ​ពី​ការ​តាម​ដាន​សកម្ម​ភាព​ឃ្លាំ​មើល​ស្រាវ​ជ្រាវ​ប្រមូល​ព័ត៌​មាន​រៀប​ចំ​កម្លាំង ​និង​មធ្យោបាយ​សម្រាប់​ប្រដេញ​ស្ទាក់​ចាប់​កម្លាំង​គេច​ខ្លួន​ របស់​ក្រុម​ចោរ​ បង្កើត​សកម្មភាព​ឃ្លាំ​មើល​ និង​ការ​ដាក់​ផែន​ការ​ប្រើ​ប្រាស់​កំលាំង​ បង្ក្រាប​អោយ​បាន​ទាន់​ពេល​វេលា​។

​ ក្នុង​ឱកាស​នោះ​បន្ទាប់​ពី​បាន​ទស្សនា​ការ​ធ្វើ​លំហាត់​ហ្វឹក​ហ្វឺន​បង្ក្រាប​ក្រុម​ចោរ​ប្លន់​លើ​នាវា​ដឹក​ប្រេង​ និង​សង្គ្រោះលើ​ផ្ទៃ​សមុទ្រ​ ដែល​មាន​ឈ្មោះ​ថា​៖​ មហា​រំអិល​១​៩ រួច​ម​ក​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​​ជាតិ​សន្តិ​សុខ​លំហរ​សមុទ្រ ​ព្រម​ទាំង​គណៈ​ប្រតិភូ​អម​ដំណើរ​ទាំង​អស់​ បាន​ទៅ​សាក​សួរ​សុខ​ទុក្ខ ​នាយ​នាវី​​ នាយ​នាវី​រង​​ និង​ពល​នា​វឹក​ វរសេនា​តូច​លេខ​២ ​បញ្ជាការ​ដ្ឋាន​កង​ការ​ពារ​កោះ​ឆ្នេរ ​របស់​កង​ទ័ព​ជើង​ទឹក​ ដែល​កំពង់​បំពេញ​ភារកិច្ច​ការ​ពារ​បូរណ​ភាព​ទឹក​ដី ​ដែន​ទឹក​ នៅ​លើ​កោះ​គូ​ស្រូវី​ ហៅ​កោះ​ឆ្លាម​ ស្ថិត​នៅ​​ក្នុង​ខេត្ត​កោះ​កុង​​ជា​បន្ត​ទៀត​។​ ក្នុង​ឱកាស​ចុះ​ត្រួត​ពិនិត្យ​ការ​ធ្វើ​លំហាត់​មហា​រំអិល​១៩​នា​ពេល​នោះ ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​បញ្ជាក់​អោយ​ដឹង​ថា​៖ នេះ​ជា​ការ​ធ្វើ​លំ​ហាត់​លើក​ទី​២​ ដោយ​គណៈ​កម្មាធិការ​ជាតិ​សន្តិ​សុខ​ លម្ហរ​សមុទ្រ​បាន​ជ្រើស​រើស​យក​ភូមិ​សាស្ត្រផ្ទៃ​សមុទ្រ​ក្បែ​រកោះ​គូ​ស្រួវី​ ក្នុង​ខេត្ត​កោះ​កុង​ អនុវត្ត​លំហាត់​មហា​រំអិល​១៩​ ដើម្បី​បង្កើន​សមត្ថភាព​កំលាំង​ចំរុះ​របស់​គណៈ​កម្មាធិការ​ជាតិ​សន្តិ​សុខ​លម្ហរ​សមុទ្រ​ អោយ​កាន់​តែ​​មាន​សមត្ថភាព​ មាន​ការ​យល់​ដឹង​ច្បាស់​លាស់​ និង​មាន​ភាព​ស្ទាត់​ជំនាញ​។​ សម្តេច​ពិជ័យ​សេនា​​បាន​បញ្ជាក់​បន្ថែម​ថា​៖​ ប្រសិន​បើ​​ក្នុង​​ករណី​​មាន​​​ហេតុការណ៍បែប​នេះ​កើត​ឡើង​ ដូច​​ប្រធាន​បទ​ដែល​​យើង​បាន​ធ្វើ​លំហាត់​មហា​រំអិល​នេះ ​កំលាំង​របស់​គណៈ​កម្មាធិការ​ជាតិ​សន្តិ​សុខ​លម្ហរ​សមុទ្រ​ នឹង​​អនុវត្ត​ភារ​កិច្ច​​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។ ​សម្តេច​ពិជ័យ​សេនា​​ ​ក៏​បាន​សំដែង​នូវ​ការ​​កោត​សរ​សើរ​ចំពោះ​​ក​ង​ទ័ព​ជើង​ទឹក​ ដែល​​បា​នរៀប​ចំ​កសាង​អង្គភាព​នៅលើ​​កោះ​គូស្រូវី ​ហៅ​កោះ​ឆ្លាម​បាន​ល្អ ​ក្នុង​កិច្ច​ការ​ការ​ពារ​ដែន​កោះ ​ដែន​ទឹក​ និង​ការ​ទប់​ស្កាត់​​ប​ទល្មើស​នា​នា​​លើ​ផ្ទៃ​សមុទ្រ​របស់​យើង​ ៕

អត្ថបទដែលជាប់ទាក់ទង