ប្រធានផ្សារបឹងកេងកង ៖ ប្រជុំពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យនិងបង្កាទប់ស្កាត់គ្រោះអគ្គិភ័យពេលបុណ្យចូលឆ្នាំខ្មែរ
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៤ខែមេសាឆ្នាំ២០១៩នេះ នៅទីស្នាក់ការផ្សារបឹងកេងកង លោកឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង ខណ្ឌចំការមនបានប្រាប់អោយ ដឹងដោយស្ដីពីកិច្ចប្រជុំពង្រឹងលើការងាររក្សាការពារនូវសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ និង ការបង្កាទប់ស្កាត់គ្រោះអគ្គិភ័យ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរដែលប្រព្រឹត្តទៅនាពេលខាងមុខនេះដោយអំពាវនាវទៅដល់បងប្អូនអាជីវករនៅ តាមបណ្ដាតូបឬស្តង់លក់ដូរអីវ៉ាន់និមួយៗ នៅក្នុងផ្សារបឹងកេងកងអោយមាន ការប្រុងប្រយ័ត្នខ្ពស់ផងដែរ ពោលគឺការពារប្រសើរជាជាង ព្យាបាលគឺដើម្បីសេចក្ដីសុខសប្បាយទាំងអស់ គ្នាផងដែរនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនាឆ្នាំនេះ(ឆ្នាំកុរ)
លោកឯក និមល ប្រធានផ្សារបឹងកេងកងបានអោយដឹងទៀតថា កិច្ចប្រជុំនាពេលនេះគឺផ្ដោតសំខាន់ លើការងារការពារសន្តិសុខទាំងយប់ទាំងថ្ងៃ ពោលគឺការពារ២៤ម៉ោងលើ២៤ម៉ោង ចុះរៀបចំធ្វើសណ្ដាប់ធ្នាប់ ជាប្រចាំដើម្បីអោយ មានរបៀបរៀបរយល្អប្រសើរ ខណៈពេលចាប់ពីថ្ងៃនេះតទៅរហូត ដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរគឺបងប្អូនប្រជាជន ដែលជាអតិថិជនផ្សារបឹងកេងកង មកកាន់ទីផ្សារដើម្បីរកទិញទំនិញគ្រប់មុខ សម្រាប់ទុកយកទៅផ្ទះ ឬយកទៅស្រុកកំណើតពួកគាត់រៀងខ្លួន នាឱកាស់ថ្ងៃបុណ្យចូលឆ្នាំខ្មែរនាពេលឆាប់ៗខាងមុខនេះ និង ជំរុញការយកចិត្តទុកដាក់លើបញ្ហាកម្លាំងភ្នាក់ងារផាស៊ី នៅតាមចំណត់និមួយៗ នៅជុំវិញបរិវេណផ្សារបឹងកេងកងផងដែរ។ លោកប្រធានផ្សារបន្តទៀតថានាឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះពោលគឺនៅថ្ងៃទី០៦ខែមេសានេះខាង គណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង និងរៀបចំពិធីសូត្រមន្តរាប់បាត្រប្រគេន ដល់ព្រះសង្ឃដែលនិមន្តមក ពីបណ្ដាវត្តនានាក្នុងខណ្ឌចំការមន ដើម្បីបួងសួងសុំនូវសេចក្ដីសុខសប្បាយ ទៅដល់បងប្អូនអាជីវករផ្សារបឹងកេងកង ទាំងអស់គ្នាហើយសូមអោយបងប្អូន អាជីវកររកទទួលទានមានបាន និងមានការរីកចម្រើនជាលំដាប់។
ជាមួយគ្នានេះដែរលោកប្រធានផ្សារបឹងកេងកង ឯក និមលក៏បានចុះពិនិត្យនូវផលិតផល ចំណីអាហារស្រស់ៗនិងវេចខ្ចប់អោយ បានត្រឹមត្រូវហើយក៏បានណែនាំទៅ ដល់បងប្អូនអាជីវករក្នុងការលក់ដូរនូវសម្ភារ ហាមឃាត់ផងដែរនិងពិនិត្យនូវតំលៃសាច់គោ សាច់ជ្រូក សាច់មាន់ ទា សាច់ត្រី និង បន្លែបង្កាគ្រប់ប្រភេទចាប់ពីថ្ងៃនេះ ដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរពោលគឺចុះ ពិនិត្យរហូតចំពោះតំលៃក្នុងការលក់ ដូរទំនិញក្នុងទីផ្សារបឹងកេងកង នៅពេលអតិថិជនផ្សារបឹងកេងកង សម្រុកមកទិញអីវ៉ាន់ហើយបងប្អូន អាជីវករគាត់មមាញឹកញាប់ដៃញាប់ ជើងក្នុងការលក់ដូររាល់មុខទំនិញ និមួយៗផងដែរ។
លោកប្រធានផ្សារបឹងកេងកងអោយដឹងទៀតថា ជានិច្ចកាលក្នុងនាម គណៈកម្មការផ្សារបឹងកេងកងអោយ តែជិតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ឬបុណ្យអ្វីផ្សេងៗនោះ តែងតែចុះណែនាំឬជូនដំណឹង ទៅដល់បងប្អូនអាជីវករ ដែលកំពុងប្រកប មុខរបរអាជីវកម្មនៅ ក្នុងផ្សារបឹងកេងកងទាំងអស់ ចូលរួមសហការ គ្នាជាមួយខាងគណៈកម្មការផ្សារ ដើម្បីរួមចំណែករក្សាការពារនូវសន្តិសុខ សុវត្ថិភាព និង កែលម្អរសោភ័ណភាពក្នុងផ្សារ នៅរាជធានីភ្នំពេញ និងការបង្កាទប់ស្កាត់គ្រោះអគ្គិភ័យ ផងដែរខណៈពេលនេះមានការឡើងកំដៅ ហើយគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង ស្នើអោយបងប្អូនអាជីវករទាំងអស់ គោរព និង អនុវត្តន៍តាមតាមការណែនាំរួមមាន៖
ត្រូវចូលរួមសហការអោយ ទាន់ពេលវេលាជាមួយកម្លាំងសន្តិសុខ ផ្សារបឹងកេងនូវរាល់សកម្មភាព របស់ជនខិលខូចដែលឆ្លៀតឱកាស ប៉ុនប៉ងមកធ្វើសកម្មភាព មិនល្អនៅក្នុងផ្សារ។ហើយត្រូវរៀបចំឬតាំងព្យួររាល់មុខទំនិញ អោយមានសណ្ដាប់ធ្នាប់ និង របៀបរៀបរយល្អតាម ការណែនាំរបស់គណៈកម្មការផ្សារ។ហាមលេងល្បែងស៊ីសង់គ្រប់ប្រភេទ នៅក្នុងផ្សារជាពិសេសល្បែងស៊ីសង ចាក់ភ្នាល់កត់ចាក់កន្តុយលេខ និងល្បែងភ្នាល់ផ្សេងៗ។ចំពោះម្ចាស់ទ្រុងទទួលផ្ញើកង់ ម៉ូតូ និង រថយន្តទាំងអស់ ត្រូវរៀបចំកង់ ម៉ូតូ និង រថយន្តអោយមានសណ្ដាប់ធ្នាប់ល្អ មិនត្រូវយកផ្លូវថ្នល់មកធ្វើអាជីវកម្ម និង ទទួលខុសត្រូវបោស សម្អាតអោយបានស្អាតជាប្រចាំ និង គោរពតាមតំលៃដែលមាន ចែងនៅក្នុងសៀវភៅបន្ទុក។ត្រូវមានបំពង់ពន្លត់អគ្គិភ័យ និង យល់ដឹងពីរបៀបប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ។ត្រូវរៀបចំកន្លែងដុតទៀន ធូក អោយនៅឆ្ងាយពីទំនិញ ដែលកំពុងដាក់តាំងលក់ដូរនៅតាមតូប ឬស្តង់នៅក្នុងផ្សារ។ត្រូវម្ចាស់ការពន្លត់ ភ្លើងទៀន ធូក ចង្រ្កាន និង បិទប៉ារ៉ែត ឬ ឌីហ្សង់ទ័រអគ្គិសនីអោយបានត្រឹមត្រូវមុន និងចាកចេញទៅកាន់ លំស្ថានវិញរៀងៗខ្លួន និងត្រូវធ្វើអនាម័យ នៅខាងក្រោយ និង ខាងមុខតូប ឬ ស្តង់របស់ខ្លួនព្រមទាំង វេចខ្ចប់បែងចែកសំរាមស្ងួត សំរាមសើម អោយបានត្រឹមត្រូវតាមការ កំណត់ជាប្រចាំផងដែរហើយខាង គណះកម្មការគ្រប់គ្រងផ្សារបឹងកេងកង ខណ្ឌចំការមនសង្ឃឹមយ៉ាងជឿ ជាក់ថាបងប្អូនអាជីវករទាំងអស់ គាត់ប្រាកដ ជាយកចិត្តទុកដាក់ចូលរួម អនុវត្តន៍តាមការណែនាំអោយមានប្រសិទ្ធិភាពខ្ពស់ ជាក់ជាមិនខានឡើយ៕