ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកកាសែត ត្រូវការព័ត៌មានពីនគរបាល ដើម្បីយកទៅផ្សព្វផ្សាយ ដូច្នេះនគរបាល ពុំត្រូវគេចចេញពីអ្នកកាសែតទេ

94


រាជធានីភ្នំពេញ៖ ក្នុងពិធីបិទវគ្គសិក្សា ពីរបៀបឆ្លើយតបជាមួយអ្នកសារព័ត៌មាន របៀបសរសេរ របាយការណ៍និងកំណត់ហេតុនោះ លោក ពុយ គា ដែល ជាគ្រូឧទ្ទេសនាម បាននិយាយទៅកាន់មន្រ្តីនគរបាលអន្តោប្រវេសន៍ថា អ្នកកាសែត ត្រូវការព័ត៌មានពីនគរបាល ដើម្បីយកទៅផ្សព្វផ្សាយ ដូច្នេះនគរបាល ពុំត្រូវគេចចេញពីអ្នកកាសែតទេ។

មន្រ្តីនគរបាលជាន់ខ្ពស់អន្តោប្រវេសន៍កម្ពុជាជិត៣០នាក់ បានចំណាយពេល៤ថ្ងៃ ដើម្បីសិក្សាពីរបៀបធ្វើការជាមួយអ្នកសារព័ត៌មាន ការសរសេររបាយការណ៍ និងការធ្វើកំណត់ហេតុ ឲ្យមានប្រសិទ្ធិភាព និងចំគោលដៅ នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ត្រូវបានបិទវគ្គ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានមានប្រសាសន៍ថា តួនាទីនគរបាលអន្តោប្រវេសន៍ កាន់តែធំនៅពេលដែលប្រទេសកម្ពុជា មានទំនាក់ទំនងជាមួយប្រទេសនានា ក្នុងពិភពលោកកាន់តែច្រើនទៅៗ ហើយជាពិសេសលើបញ្ហាព័ត៌មាន ដែលជាបញ្ហាប្រឈមមួយ ជុំវិញការផ្សាយខុស ឬការផ្សាយដែលនាំឲ្យមានការភាន់ច្រឡំ ដល់មហាជនទូទៅ។ នាយឧត្តមសេនីយ៍ បានមានប្រសាសន៍បន្តទៀតថា ក្រៅពីចំណុចព័ត៌មាន ការធ្វើរបាយការណ៍ និងការធ្វើកំណត់ហេតុ ចាំបាច់ទាមទារឲ្យមន្រ្តីទទួលកិច្ចការ ត្រូវយល់ច្បាស់ ក្តាប់បានព័ត៌មានពេញលេញ សរសេរឲ្យចំបញ្ហាខ្លីហើយខ្លឹម។

លោក ពុយ គា អ្នកសម្របសម្រួល និងជាគ្រូឧទ្ទេសនាម ម្នាក់ សម្រាប់កម្មវិធីសិក្សាខាងលើ បាននិយាយថា អ្នកកាសែតត្រូវការព័ត៌មានពីនគរបាល ដើម្បីយកទៅផ្សព្វផ្សាយ ដូច្នេះនគរបាលពុំត្រូវគេចចេញពីអ្នកកាសែតទេ ផ្ទុយទៅវិញត្រូវផ្តល់ព័ត៌មាន ដោយមានការទទួលខុសត្រូវ តាមតួនាទី និងប្រភេទព័ត៌មាន ដែលត្រូវផ្តល់ជូន និងត្រូវរក្សាទុកសិន។ លោកបានបន្ថែមទៀតថា ការធ្វើរបាយការណ៍ និងការធ្វើកំណត់ហេតុ ក៏ចាំបាច់ត្រូវមានចំណេះដឹង យល់ពីទម្រង់ និងរបៀបសរសេរ គួបផ្សំជាមួយនឹងទេពកុសល្យ ដូចគ្នានឹងអ្នកសារព័ត៌មានដែរ។

ចូលរួមជាវាគ្មិនកិត្តិយស លោក ហើស សិរិធន អតីតឯកអគ្គរាជទូតប្រចាំនៅប្រទេសហ្វីលីពីន និងឡាវ បានបង្ហាញដល់នាយនគរបាល ពីរបៀបធ្វើរបាយការណ៍ជាលក្ខណៈការទូត​ទំនួលខុសត្រូវក្នុងនាមជាមន្រ្តីការទូត របៀបទំនាក់ទំនងដោះស្រាយបញ្ហា ពីបណ្ដាប្រទេសមួយ ទៅប្រទេសមួយ ប្រកបដោយប្រសិទ្ធភាព និងទទួលយកបានគ្រប់ភាគីពាក់ព័ន្ធ។

ចំណែក លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក៏បង្ហាញដល់នាយនគរបាល ពីរបៀបធ្វើរបាយការណ៍ជាក់លាក់ ជូនថ្នាក់ដឹកនាំជៀសវាងការធ្វើរបាយការណ៍ភូត ដែលធ្វើឲ្យថ្នាក់ដឹកនាំបាត់ទំនុកចិត្ត និងធ្វើការសម្រេចចិត្តខុស លើសេចក្ដីសម្រេចណាមួយ របស់រាជរដ្ឋាភិបាល។ ជាពិសេស លោក សយ សុភាព ក៏បានបង្ហាញពីបទពិសោធន៍ជួបសម្ភាសន៍ថ្នាក់ដឹកនាំ និងរបៀបឆ្លើយឆ្លងរវាងថ្នាក់ដឹកនាំ ជាមួយអ្នកសារព័ត៌មាន ប្រកបដោយទំនាក់ទំនងជិតស្និទ និងច្បាស់លាស់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង