ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិល្ប: វប្បធម៌ មានទំនាក់ទំនងជិតស្និទ្ធជាមួយវិស័យទេសចរណ៍ សេដ្ឋកិច្ច សង្គម និងអប់រំ

202


ភ្នំពេញ៖ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ បានជួបប្រជុំជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តី។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីសិក្សាស្វែងយល់ពីលទ្ធផល ការងារដែលក្រសួងសម្រេចបាន ក៏ដូចជាចំណុចខ្វះខាត បញ្ហាប្រឈម ដើម្បីធ្វើយ៉ាងណាអោយការងាររបស់ក្រសួង មានប្រសិទ្ធិភាពកាន់តែខ្ពស់ ក្នុងការលើកកម្ពស់វប្បធម៌ ប្រពៃណី និងសេដ្ឋកិច្ចជាតិ។ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា គុណតម្លៃសិល្ប: វប្បធម៌ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវិស័យនានា រួមមានទេសចរណ៍ សេដ្ឋកិច្ច សង្គម និងអប់រំ។

លោកប្រធានគណៈកម្មការបានសង្កត់ធ្ងន់ថា ស្របពេលដែលមានការអភិរក្សនូវអ្វីដែលមានស្រាប់ ការអប់រំក៏ត្រូវតែធ្វើឡើងផងដែរ។ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការអប់រំពីសិល្ប:ដល់សាធារណជនគឺជាការលើកកម្ពស់នូវដួងព្រលឹងស្នេហាជាតិ។

លោក ហ៊ុន ម៉ានី បានកត់សម្គាល់ឃើញពីវឌ្ឍនភាពជាច្រើននៅក្នុងវិស័យវប្បធម៌ និងសិល្ប:ក្រោមការដឹកនាំរបស់លោកជំទាវរដ្ឋមន្ត្រី ក្នុងនោះមានការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌តាមរយ:ការចុះបញ្ជីបេតិកភណ្ឌពិភពលោក។ ការផ្សព្វផ្សាយសកម្មភាពវប្បធម៌ ឬការបំផុសស្នាដៃ និងការស្រាវជ្រាវ។ ការចងក្រងឯកសារសំខាន់ៗអំពីវប្បធម៌ និងសិល្ប: សម្រាប់សាធារណជន និងអ្នកជំនាន់ក្រោយជាដើម។

លោកស្រី ភឿង សកុណា បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនរបស់ក្រសួង ដូចជាក្នុងពេលសម័យបច្ចេកវិទ្យាជឿនលឿន ពិសេសបណ្តាញសង្គមសម្បូរបែបនោះ ក្រសួងពិបាកទប់ស្កាត់ការផ្សព្វផ្សាយស្នាដៃសិល្បៈរបស់មហាជន ឬសិល្បៈករខ្លះ ដែលមានលក្ខណៈ អសីលធម៌ ឬបានធ្វើអោយប៉ះពាល់ដល់ប្រពៃណីវប្បធម៌ជាតិ។

លោកហ៊ុន ម៉ានី បានជំរុញក្រសួងបន្តថែរក្សា អភិរក្សបេតិកភ័ណ្ឌវប្បធម៌ទាំងរូបិយ និងអរូបិយ តាមរយៈរៀបចំយន្តការបទដ្ឋានគតិយុត្ត និងផែនការការងារឆ្លើយតបនឹងស្ថានភាពជាក់ស្ដែង។ បន្តការយកចិត្តទុកដាក់បណ្ដុះបណ្ដាល និងលើកទឹកចិត្តអ្នកជំនាញ និងសិល្បៈគ្រប់ទម្រង់ទាំងបរិមាណ និងគុណភាព។

ប្រធានគណៈកម្មការអប់រំយុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលក្រសួងសម្រេចបាន និងបានចាត់ទុកកិច្ចប្រជុំនាឱកាសនេះ ជាវេទិកាដ៏មានប្រសិទ្ធភាពមួយក្នុងស្មារតីសហការ កែលម្អ និងជំរុញអនុវត្តការងារក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ នៅក្នុងនីតិកាលទី៦នេះ ឲ្យទទួលបានលទ្ធផលល្អជូនដល់ប្រជាជាតិ៕

អត្ថបទដែលជាប់ទាក់ទង