ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងបរិស្ថានប្រកាសផ្សព្វផ្សាយ «របាយការណ៍ស្ថានភាពបរិស្ថាន»លើកទី៣

106

នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃព្រហស្បតិ៍១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ខែមេសា ឆ្នាំ២០១៩ ក្រសួងបរិស្ថានបានប្រកាសផ្សព្វផ្សាយផ្សព្វផ្សាយ «របាយការណ៍ស្ថានភាពបរិស្ថាន» លើកទី៣ ជាមួយនឹងការដាក់ឱ្យដំណើការ«ប្រព័ន្ធប្រមូលផ្តុំទិន្នន័យព័ត៌មានភូមិសាស្ត្រវិស័យបរិស្ថាន» ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមពីលោក Nick BERESFORD តំណាង UNDP ប្រចាំកម្ពុជា លោកស្រី VEENA Raddy នាយកបេសកកម្មរបស់USAID ប្រចាំកម្ពុជា តំណាងក្រសួង ស្ថាប័ន តំណាងអង្គការក្រៅរដ្ឋាភិបាល អ្នកសិក្សាស្រាវជ្រាវ វិស័យឯកជន ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថានជាច្រើននាក់។

លោក សាយ សំអាល់ បានលើកឡើងថាការប្រកាសផ្សព្វផ្សាយ «របាយការណ៍ស្ថានភាពបរិស្ថាន»លើកទី៣ នាពេលនេះ បានក្លាយជាប្រវត្តិសាស្រ្តក្នុងការធ្វើឱ្យមានការឯកភាពជាតិមួយ និងបញ្ចប់បញ្ហាប្រឈមនៃការផ្សព្វផ្សាយលើបញ្ហាបរិស្ថាននាពេលកន្លងមក។ លោក រដ្ឋមន្រ្តី បានចាត់ទុកថា របាយការណ៍ស្ថានភាពបរិស្ថាន បានផ្តល់ចំណេះដឹងលើវិស័យបរិស្ថាន និងបានផ្តល់តម្លៃពិសេសដល់សេដ្ឋកិច្ច និងសង្គមយ៉ាងសំខាន់ ខណៈពេលដែលកម្ពុជាកំពុងមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានកំណើនសេដ្ឋកិច្ចល្អប្រសើរ ជាមួយនឹងការរីកចំរើនផ្នែកបច្ចេកវិទ្យាព័ត៌មានផងដែរ។ លោក រដ្ឋមន្រ្តីលើកទឹកចិត្តឱ្យមន្រ្តីជំនាញបន្តរៀបចំរបាយការណ៍បរិស្ថានបន្ថែមក្នុងចន្លោះពី៣ ទៅ៥ឆ្នាំ ដើម្បីផ្តល់ទិន្នន័យព័ត៌មានបរិស្ថានប្រកបដោយគុណភាព ជាពិសេសការស្រាវជ្រាវ និងការរកឃើញប្រភេទថនិកសត្វ សត្វស្លាបនិងរុក្ខជាតិថ្មីថែមទៀត។ ជាមួយគ្នានេះ លោក សាយ សំអាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការជាមួយដៃគូនានា ដែលបានជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ការកសាងប្រព័ន្ធប្រមូលផ្តុំទិន្នន័យព័ត៌មានភូមិសាស្ត្រវិស័យបរិស្ថាននិងការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងការរៀបចំពិធីដាក់ឱ្យដំណើរការ «ប្រព័ន្ធប្រមូលផ្តុំទិន្នន័យព័ត៌មានភូមិសាស្ត្រវិស័យបរិស្ថាន» និងផ្សព្វផ្សាយ «របាយការណ៍ស្ថានភាពបរិស្ថាន»ផងដែរ។

សូមបញ្ជាក់ថា ជាសាវតា របាយការណ៍ស្ថានភាពបរិស្ថានលើកទីមួយ ត្រូវបានរៀបចំឡើងដោយអង្គការអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា ក្នុងឆ្នាំ១៩៩៤ ។ របាយការណ៍ស្ថានភាពបរិស្ថានលើកទីពីរត្រូវបានរៀបចំនិងបោះពុម្ពផ្សាយក្នុងឆ្នាំ២០០៤។ របាយការណ៍ស្ថានភាពបរិស្ថាន លើកទីបីនេះ គឺជាឯកសារប្រមូលផ្តុំនូវព័ត៌មានបរិស្ថានសំខាន់ៗ រួមជាមួយនឹងការវាយតម្លៃនូវការវិវឌ្ឍប្រែប្រួលជាវិជ្ជមាន និងអវិជ្ជមានក្នុងវិស័យបរិស្ថាន។ ព័ត៌មាននៅក្នុងឯកសារនេះក៏អាចយកទៅប្រើប្រាស់ជាមូលដ្ឋានទិន្នន័យសម្រាប់ការរៀបចំឬធ្វើវិសោធនកម្មគោលនយោបាយ និងផែនការយុទ្ធសាស្ត្រផងដែរ៕

អត្ថបទដែលជាប់ទាក់ទង