អ្នកគ្រូបង្រៀននៅសាលាបឋមសិក្សភូមិឬស្សី ទទួលស្គាល់កំហុសពិតជាបានយកលុយសិស្សក្នុងម៉ោងសិក្សា ហើយត្រូវបានផ្ទេរចេញពីការបង្រៀន
ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះមានព័ត៌មានក្នុងបណ្ដាញសង្គមហ្វេសប៊ុកបាននិងកំពុងបន្តចែកចាយករណីអ្នកគ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាភូមិឬស្សីក្នុងសង្កាត់ស្ទឹងមានជ័យទី 2 ខណ្ឌមានជ័យរាជធានីភ្នំពេញបានប្រមូលលុយសិស្សក្នុងម៉ោងសិក្សា។
ពាក់ព័ន្ធករណីនេះក្រសួងអប់រំយុវជននិងកីឡាបានចេញសេចក្កី ប្រកាសព័ត៌មាននៅថ្ងៃទី 5 ខែមេសាឆ្នាំ 2019 នេះថា បន្ទាប់ពីទទួលបានព័ត៌មាននេះមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានចាត់វិធានការជាបន្ទាន់ដោយរៀបចំគណៈកម្មការចុះស្រាវជ្រាវកាលពីថ្ងៃទី 12 ខែមីនាឆ្នាំ 2019 និងបានរកឃើញថាអ្នកគ្រូបង្រៀនខាងលើពិតជាបានប្រព្រឹត្តខុសដូចការចោទប្រកាន់ប្រាកដមែនរីឯសាមីខ្លួនក៏បានសារភាពទទួលកំហុសដោយមានកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។
ក្នុងគោលបំណងទប់ស្កាត់កុំឲ្យបាតុភាព បែបនេះកើតឡើងក្នុងសាលាបឋមសិក្សាភូមិឬស្សីបន្តទៀតពិសេសដើម្បីអនុវត្តវិធានការដាក់ពិន័យចំពោះបុគ្គលប្រព្រឹត្តខុសច្បាប់ស្ដីពីការអប់រំក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀនមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានដាក់ចេញវិធានការមួយចំនួនដូចខាងក្រោម ៖ ភារកិច្ចអ្នកគ្រូបង្រៀនថ្នាក់ទី 1 ឆ នៅសាលាបឋមសិក្សាភូមិឬស្សីមកបម្រើការងារនៅការិយាល័យសាលាវិញ ។ ចាត់តាំងគ្រូបង្រៀនផ្សេងឲ្យទទួលភារកិច្ចបង្រៀនថ្នាក់ទី 1 ឆ ជំនួសវិញដើម្បីបន្តនិរន្តរភាពសិក្សារបស់សិស្ស និង ប្រគល់ភារកិច្ចដល់ការិយាល័យអប់រំយុវជននិងកីឡាខណ្ឌមានជ័យនិងគណៈគ្រប់គ្រងសាលាប្រជុំណែនាំឲ្យបានម៉ឺងម៉ាត់ដល់អ្នកគ្រូលោកគ្រូទាំងអស់ដើម្បីគោរពច្បាប់ស្ដីពីការអប់រំនិងក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន មន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាលចំពោះអ្នកដែលប្រព្រឹត្តផ្ទុយល្មើសពីការណែនាំរបស់ក្រសួងមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ៕