ផ្លូវរថភ្លើងពីភ្នំពេញទៅខេត្តពោធិ៍សាត់ត្រូវបានតភ្ជាប់
នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ជម្រាបដល់បងប្អូន ប្រជាពលរដ្ឋទូទាំងប្រទេសជ្រាបថា កាលពីម្សិលមិញផ្លូវរថភ្លើងពីភ្នំពេញទៅ កាន់ខេត្តពាធិ៍សាត់ត្រូវបានតភ្ជាប់ជាស្ថាពររួចហើយ។ ផ្លូវដែកនេះគឺនឹងជួយដល់ការធ្វើដំណើររបស់ប្រជាពល រដ្ឋ នឹងសម្រួលដល់ការដឹកជញ្ជូនទំនិញ គ្រប់ប្រភេទអោយកាន់តែប្រសើរឡើង។ នេះជាដំណឹងល្អសម្រាប់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសអោយបាន ជ្រាបពីជម្រើសនៃការដឹកជញ្ជូនតាមផ្លូវដែក។
ដើម្បីជំរុញការអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើន រាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍និងកំពុងគៀងគរអ្នកវិនិយោគ ពីបរទេសមកកម្ពុជាថែមទៀត ព្រោះបច្ចុប្បន្ននេះ ប្រទេសយើងក៏សំបូរធនធានមនុស្ស, មានផ្លូវស្ពានដឹកជញ្ជូនតូចធំ, ផ្លូវទឹក, ផ្លូវដែក និងផ្លូវអាកាស ហើយកាលពីពេលថ្មីៗកន្លងទៅនេះ យើងក៏បានស្តារនិងកែលម្អកំពង់ផែទឹកជ្រៅ នៅខេត្តព្រះសីហនុដែលអាច ឲ្យកប៉ាល់ដឹកទំនិញចំណុះរហូតដល់ ៥ម៉ឺនតោនចូលចតបានដោយ មិនចាំបាច់ផ្លាស់ប្តូរទំនិញនៅប្រទេសដទៃឡើយ។ កំពង់ផែស្វ័យតក្រុងព្រះសីហនុពីមុន គឺអាចអោយកប៉ាល់មានចំណុះតែ១ម៉ឺនតោនចូលតែប៉ុណ្ណោះ។
តាមរយៈសក្ដានុពលនៃធនធានមនុស្ស និងប្រព័ន្ឋហេដ្ឋារចនាសម្ព័ន្ឋផ្លូវដឹកជញ្ជូនគ្រប់ទីកន្លែង រួមទាំងតម្លៃអគ្គីសនីកាន់តែចុះថោក គឺយើងសង្ឃឹមថាកម្ពុជានឹងកាន់តែទាក់ទាញបាននូវការចាប់អារម្មណ៍ ពីអ្នកវិនិយោគបរទេសកាន់តែច្រើនជាក់ជាមិនខាន៕