ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន កោតសរសើររាជរដ្ឋាភិបាលដែលបានធ្វើឲ្យមានសុខុដុមនីយកម្ម សាសនា និងការអភិវឌ្ឍនៅកម្ពុជា

294

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យសម្ពោធឆ្លង ឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តថ្មីសិរីសិក្ខារាម ហៅវត្ត តាអាំ ភូមិតាអាំ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៦ ខែមេសាឆ្នាំ២០១៩នេះ។

នៅក្នុងឱកាសនោះសម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា គ្រប់ហេដ្ឋារចនាសម្ព័ន្ធ រួមមានអគាររដ្ឋបាល សាលា មន្ទីរពេទ្យ ស្ពាន ផ្លូវ រួមទំាងវត្តអារាម ដែលបានបោះបង់ចោលឬបំផ្លាញចោល នៅក្នុងរបបអាវខ្មៅជាង៣ឆ្នាំនោះ ត្រូវបានស្តា កសាងឡើងវិញ នៅក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ជីវភាពពលរដ្ឋ កាន់តែភាពប្រសើរឡើង មានមុខរបរសមរម្យ មានសិទ្ធសេរីភាព ក្នុងការគោរពបូជា តាមជំនឿសាសនា នានានៅទូទាំងប្រទេស។ បច្ចុប្បន្នកម្ពុជា មានវត្តអារាមនៅទូទាំងប្រទេស សរុបប្រមាណ ជិតប្រាំពាន់វត្ត ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល បានលើកស្ទួយ ព្រះពុទ្ធ សាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការ គោរពប្រតិបត្តិសាសនាផ្សេងៗទៀតពោលគឺកម្ពុជា បានផ្តល់សិទ្ធិសេរីភាពជំនឿ និងសាសនា យ៉ាងពេញលេញដល់ពលរដ្ឋ។ ទំាងវត្តអារាម និងវិហារសាសនាឯទៀតៗ ក្លាយជាមជ្ឈមមណ្ឌល ជីវភាពខាងស្មារតី ចូលរួមការអភិវឌ្ឍ អប់រំសង្គម ខាងផ្នែកវប្បធម៌ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម ព្រមទាំងពង្រឹងសុខុដុមនីយកម្ម រវាងគ្រប់សាសនា រាំងស្កាត់ការធ្វើអាជីវកម្មលើសាសនា ប្រឆាំងការរើសអើង បែងចែក ក្នុងចំណោមប្រជាជន។ សម្តេចបានគូសបញ្ជាក់ថា ជាការចាំបាច់ណាស់ ដែលត្រូវប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់ ទៅជាកម្លាំងសាមគ្គីដ៏ខ្លាំងក្លាក្នុងការការពារសន្តិភាព ឯកភាពជាតិ និងជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។

ឆ្លៀតនៅក្នុងឱកាសនោះសម្តេចប្រធានរដ្ឋសភា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំកសាងអភិវឌ្ឍន៍ប្រទេសរបស់រាជរដ្ឋាភិបាល។ សម្តេចបានលើកឡើងថា “ខ្ញុំសូមកោតសរសើរចំពោះឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាល ដែលបានធ្វើកំណែទម្រង់ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ ដោយបន្តបាននូវការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មានផ្លូវ ស្ពាន ប្រឡាយទឹក មន្ទីរពេទ្យ នសាលារៀន និងវត្តអារាមជាដើម”។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងបន្តថា វត្តអារាម គឺជាទីកន្លែងដ៏មានតម្លៃមហាសាល សម្រាប់រក្សា ការពារអត្តសញ្ញាណជាតិ គម្ពីរសាស្រ្តា អក្សរសាស្រ្ត ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌របស់ជនជាតិខ្មែរ ឱ្យបានគង់វង្ស សិ្ថតស្ថេរជារៀងរហូតមក។ ចំណែកពុទ្ធិកសិក្សាវិញ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយយើងបានបណ្ដុះបណ្ដាលព្រះសង្ឃ តាំងពីថ្នាក់ធម្មវិន័យ ថ្នាក់ពុទ្ធិកបឋមសិក្សា រហូតដល់ថ្នាក់ឧត្ដមសិក្សា និងថ្នាក់ក្រោយឧត្ដមសិក្សា ថែមទៀតផង។ ព្រះសង្ឃ ក៏ជាតួអង្គដ៏សំខាន់ក្នុងការប្រណិបត្តិ អប់រំ ផ្សព្វផ្សាយ បង្រៀនប្រៀនប្រដៅដល់ពុទ្ធសាសនិកជន ឱ្យចេះធ្វើបុណ្យ ចែកទាន សន្សំកុសល ស្គាល់ខុសស្គាល់ត្រូវ ដឹងគុណទោស ដឹងល្អអាក្រក់ ត្រូវប្រកាន់ខ្ជាប់តែអំពើល្អ វារចាកផុតពីអំពើបាបទាំងឡាយ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់ព្រះគ្រូចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងប្រជាពុទ្ធបរិស័ទ្ធទំាងអស់ ដែលបានរួមសាមគ្គី កសាងសមិទ្ធផលសំខាន់ៗជាច្រើន នៅក្នុង វត្ត តាអាំ នេះឡើងដើម្បីទុកជាស្រែបុណ្យដល់សង្គមជាតិរហូតទៅ។ សមិទ្ធផលដែលបានសម្ពោធនាឱកាសនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការរួមចំណែក ក្នុងអភិវឌ្ឍនៅក្នុងខេត្តត្បូងឃ្មុំឱ្យមានភាពសម្បូរបែប និងកាន់តែមានការរីកចម្រើនខ្លាំងឡើងថែមទៀត។

នៅក្នុងពិធីសំណេះសំណាលជាមួយព្រះសង្ឃ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នាឱកាសនេះ សម្តេចប្រធានរដ្ឋសភាក៏បានធ្វើការអំពាវដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ផ្តល់សេវាសាធារណជូនពលរដ្ឋឲ្យបានល្អប្រសើរ។ចុះឃ្លាំមើលសុខទុក្ខពលរដ្ឋគ្រប់ពេលវេលានិងធ្វើការដោះស្រាយបញ្ហាឲ្យមានប្រសិទ្ធិភាព។ សម្តេចក៏អំពាវនាវដល់ពលរដ្ឋទំាងអស់ចេះថែរក្សាសុខភាពគ្រប់ៗនៅក្នុងរដូវក្តៅនេះ។ សម្តេចបានជំរុញឲ្យបង្កើតស្មារតីស្រឡាញ់បរិស្ថានធម្មជាតិ យល់ដឹងពីអត្ថប្រយោជន៍នៃរុក្ខជាតិឱសថ ចូលរួមដាំដុះដើមឈើគ្រប់ប្រភេទ រួមទំាងរុក្ខជាតិឱសថធម្មជាតិតាមវត្តអារាមនានា ប្រែក្លាយបរិវេនវត្តអារាម ជាឃ្លាំងឱសថសម្បូរបែប និងបរិស្ថានធម្មជាតិល្អ។

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអំពាវនាវដល់ប្រជាពលរដ្ឋពិសេសយុវជន ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ និងគោរពច្បាប់ចរាចរ ដើម្បីការពារ អាយុជីវិត ធ្វើយ៉ាងណាកុំឲ្យឱកាសធ្វើបុណ្យទាន សប្បាយរីករាយ ក្លាយជាទុក្ខ។ សម្តេចបានផ្តំាផ្ញើដល់ ពលរដ្ឋពិសេស យុវជននិងកុមារ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន។ បញ្ហាគ្រឿងញៀន នឹងបំផ្លាញអាយុជីវិត គ្រួសារ និងសង្គមជាតិ៕

អត្ថបទដែលជាប់ទាក់ទង