លោក Scott Neeson ថ្លែងថា កម្ពុជាជាប្រទេសមួយ ដែលអាចមើលថែខ្លួនឯងបាន បន្ទាប់ពីមានករណីភ្លើងឆេះផ្ទះ ពលរដ្ឋក្រីក្រក្បែរចាក់សំរាមស្ទឹងមានជ័យ
ភ្នំពេញ៖ ករណីឆេះផ្ទះនៅស្ទឹងមានជ័យ ម្ដុំចាក់សំរាម កាលពីចុងខែមីនាបណ្ដាលឲ្យប្រជាពលរដ្ឋប្រមាណ 50គ្រួសារ រង់ការលំបាក នោះ ត្រូវបាន លោក Scott Neeson ប្រធានអង្គការមូលនិធិកុមារ បាន
ថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល អ្នកចូលរួមបរិចា្ចគផ្ទាល់ ឬរៃអង្គាសថរិកាពីមិត្តភក្តិ ក្រុមហ៊ុន ស្ថាប័ននានា ក៏ដូចជាប្រជាពលរដ្ឋរាប់រយនាក់ដែលចូលរួមផ្ដល់ជាសំលៀកបំពាក់ ទឹក អាហារ និងតង់ជាដើម។
សាមគ្គីភាពក្នុងការជួយសហគមន៍ក្រីក្រនេះ សបញ្ជាក់អោយឃើញថា កម្ពុជាជាប្រទេសមួយដែលអាចមើលថែខ្លួនឯងបាន។
លោក Scott Neeson ប្រធានអង្គការមូលនិធិកុមារ (CCF) តាមរយៈហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី 5 ខែមេសា បានលើកឡើងថា ផ្តើមចេញពីសោកនាដកម្មដោយភ្លើងឆេះ CCF និង ប្រទេសកម្ពុជាយើងបានដើរមកដល់ចំនុចដ៏គួរអោយរំភើបក្រៃលែងមួយ បើតាមការយល់ឃើញរបស់ខ្ញុំ។ “អព្ភូតហេតុ” តូចៗជាច្រើននាំអោយយើងមកដល់ចំណុច នេះ។ ខ្ញុំសូមសំដែងចំណាប់អារម្មណ៍ខ្លីៗ ប៉ុន្តែយ៉ាងណាមិញ មានសកម្មភាព និងការចូលរួមរបស់បុគ្គលជាច្រើននាក់ដើម្បីមកដល់ចំនុចនេះ។ ជាកិច្ចចាប់ផ្ដើម ៖ កាលពីថ្ងៃទី១៧ ខែមីនា កន្លងទៅនេះ អគ្គីភ័យបានបំផ្លាញផ្ទះប្រជាពលរដ្ឋក្រីក្រនៅតំបង់ស្ទឹងមានជ័យ ដែលអាចចាត់ជាតំបន់ក្រីក្រ និងលំបាកបំផុតនៅក្នុងប្រទេស។ ត្រឹមរយៈពេលតែកន្លះម៉ោងប៉ុណ្ណោះ គ្រួសារទាំងនោះគ្មាននៅសេសសល់អ្វីឡើយ ក្រៅពីសំលៀកបំពាក់ជាប់ខ្លួន។ នេះជាទិដ្ឋភាពដ៏អាណោចអាធមចំពោះគ្រួសាររងគ្រោះ។
លោកបានបន្ថែមទៀតថា ក្នុងគ្រានោះដែរ ខ្ញុំស្ថិតក្នុងរដ្ឋកាលីហ្វញ៉ា ហើយត្រូវត្រឡប់មកកម្ពុជាវិញនៅថ្ងៃបន្ទាប់។ នៅមុនពេលមកដល់កម្ពុជា ក្រុមការងារសេវាសហគមន៍ (Community Outreach) ដឹកនាំដោយ លោក ហូយ លាងហ័ន បានជួយផ្លាស់ទីលំនៅគ្រួសារទាំងអស់នោះ (ខ្លះទៅនៅសាលារៀនដែលនៅក្បែរ) ផ្ដល់អាហារដល់ពួកគាត់ជាប្រចាំ និងព្យាបាលអ្នកដែលមានជំងឺ។ ការងារនេះត្រូវចំណាយពេលទាំងថ្ងៃ ទំាងយប់ ប៉ុន្តែក្រុមការងារសេវាសហគមន៍របស់យើងនៅតែអាចធានាបានថា គ្រួសារទាំងអស់ និងបុគ្គលគ្រប់រូបសុទ្ធតែទទួលបានការយកចិត្តទុកដាក់។
ក្រោយមកទៀត យើងទទួលបានជំនួយពីបងប្អូនខ្មែរយើងក្នុងប្រទេសកម្ពុជា។ ប្រជាពលរដ្ឋ សាលារៀន ក្រុមហ៊ុន និងស្ថានទូតនានាបានចូលរួមចំណែកបរិច្ចាគសំលៀកបំពាក់ អាហារ ទឹក អង្ករ តង់ និងសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗទៀត។ ខ្លះទៀតជួយរៃអង្គាសថវិកាពីមិត្តភក្តិ សិស្ស និងមិត្តរួមការងារផងដែរ។
បន្ទាប់មកទៀត យើងទទួលបានជំនួយពីលោកជំទាវ ពេជ្រ ច័ន្ទ មុន្នី ដែលជាភរិយាដ៏អស្ចារ្យរបស់ឯកឧត្តម ហ៊ុន ម៉ាណែត។ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទ មុន្នី ជាញឹកញយតែងតែជាបុគ្គលដំបូងគេដែលបានចូលរួមដោះស្រាយបញ្ហាផ្សេងៗ ឬអំឡុងពេលមានតម្រូវការជំនួយចាំបាច់។ លើកនេះ លោកទាំងពីរបានរៃអង្គាសជំនួយពីមិត្តភក្តិ និងឯកឧត្តម លោកជំទាវជាសហការីជាច្រើន។ យើងបានទទួលបានកម្លាំងចិត្ត និងការចូលរួម ហើយបញ្ហាហាក់ប្រសើរជាងមុនបន្ដិច។ លុះក្រោយមកទៀត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមបរិច្ចាគយ៉ាងធំធេង ហើយសម្ដេចក៏អំពាវនាវដល់មិត្តភក្តិ និងឯកឧត្តម និងលោកជំទាវដែលជាសហការរីផងដែរ។ សាមគ្គីភាពនេះគឺគ្រប់គ្រាន់សម្រាប់ថ្លៃសង់ផ្ទះថ្មីជូនប្រជាពលរដ្ឋរងគ្រោះ។
ដោយឡែក ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជួយលើការតបណ្ដាញទឹកជូនប្រជាពលរដ្ឋភ្លាមៗ។ បន្ថែមពីនេះ ឯកឧត្តមសន្យាថា នឹងរៀបចំការិយាល័យរណប នៅសាលា Neeson Cripps Academy ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារថ្មីជូនប្រជាពលរដ្ឋ។
ជាការពិត ខ្ញុំទើបត្រឡប់មកវិញ មិនទាន់បាន ២៤ ម៉ោងផង ហើយក៏មិនទាន់បានសុំជំនួយពីខាងណានៅឡើយដែរ ប៉ុន្តែយើងទទួលបានជំនួយគ្រប់ទិសទី ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំប្រទេសរបស់យើង។
តាមរយៈជំនួយបរិច្ចាគពីប្រភពផ្សេងៗ (ជាពិសេសឯកឧត្តម និងលោកជំទាវក្នុងជួររាជរដ្ឋាភិបាល) ទស្សនវិស័យរបស់យើងក្នុងការបង្កើតសហគមន៍មួយថ្មីស្រឡាង និងដែលរួមមានផ្ទះសំបែងសមរម្យ ប្រព័ន្ធលូរ បន្ទប់ទឹក និងសុវត្ថិភាព គឺអាចសម្រេចទៅបាន។
ខ្ញុំសូមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល អ្នកចូលរួមបរិចា្ចគផ្ទាល់ ឬរៃអង្គាសថរិកាពីមិត្តភក្តិ ក្រុមហ៊ុន ស្ថាប័ននានា ក៏ដូចជាប្រជាពលរដ្ឋរាប់រយនាក់ដែលចូលរួមផ្ដល់ជាសំលៀកបំពាក់ ទឹក អាហារ និងតង់ជាដើម។
សាមគ្គីភាពក្នុងការជួយសហគមន៍ក្រីក្រនេះ សបញ្ជាក់អោយឃើញថា កម្ពុជាជាប្រទេសមួយដែលអាចមើលថែខ្លួនឯងបាន ។
ចំណែកបណ្ដាញសង្គមហ្វេសប៊ុក បានលើកឡើងថា
ក្នុងនាមខ្ញុំជាកូនខ្មែរ សូមថ្លែងអំណរគុណជាច្រេីនអនេកដល់លោក Scott Neeson ដែលខំចំណាយពេលវេលានិងថវិកាដែលសុទ្ធតែ ជាមាសប្រាក់ដ៏មានតម្លៃ ហេីយបានអោយជាជំរកនិងផ្តល់អោយ កូនក្មេងមានលទ្ធភាពក្នុងការសិក្សាក្តីហូបចុកក្តី
។
សូមបញ្ជាក់ថាផ្ទះប្រជាពលរដ្ឋចំនួនប្រមាណ 52 គ្រួសារ នៅម្ដុំក្បែរចាក់សំរាមស្ទឹងមានជ័យ កាលពីថ្ងៃទី 17 ខែមិនាឆ្នាំ 2019 រងការឆេះដោយសារទុស្សេ ចរន្តអគ្គិសនី ។ ប្រជាពលរដ្ឋទាំងនោះរស់នៅក្នុងសហគមន៍ក្រីក្រហើយភាគច្រើនពួកគេជាអ្នករើសសំរាមនៅទីលានចាក់សំរាមស្ទឹងមានជ័យ្ទឹ ចំណែក កូនៗតូចៗបានរៀន សូត្រនៅក្នុងសហគមន៍ផងនិងធ្វើការរើសអេតចាយ នៅក្នុងទីលានចាក់សំរាម ដើម្បីចិញ្ចឹមជីវិតនិងក្រុមគ្រួសាររបស់ពួកគេ ប៉ុន្តែពេលនេះទ្រព្យសម្បត្តិបន្តិចបន្តួច ផ្ទះខ្ទមជញ្ជាំងស័ង្កសីដំបូលស័ង្កសី រួមទាំងម៉ូតូកញ្ចាស់កង់ទៅចាស់ត្រូវបានភ្លើងឆេះខ្ទេចគ្មានសល់ ។ ប៉ុន្តែទោះយ៉ាងណាជាមួយនឹងករណីនេះ អាជ្ញាធររាជធានីភ្នំពេញសប្បុរសជនថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលរួមជាមួយអង្គការមួយ ចំនួនបានខ្នះខ្នែងបរិច្ចាគជួយសង្គ្រោះ ជាទ្រព្យសម្បត្តិរបស់របរប្រើប្រាស់ដល់ពួកគេ ហើយម្យ៉ាងទៀតបានសន្យាជួយសាងសង់ផ្ទះជូនពួក រួមទាំងតបណ្តាញទឹកភ្លើង ហើយនឹងធ្វើឯកសារ សៀវភៅគ្រួសារអត្តសញ្ញាណប័ណ្ណ និងឯកសារផ្សេងៗទៀត ជូនពួកគេផងដែរ៕