ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនក្មេងស្ទាវ៦នាក់ ជិះម៉ូតូដេញវាយប្លន់យកម៉ូតូ ចំនួន៣លើក

86

ខេត្តកណ្ដាល ៖ សមត្ថកិច្ចជំនាញនគរបាលខេត្ដកណ្ដាល ឃាត់ខ្លួនក្មេងស្ទាវ៦នាក់ ជាមុខសញ្ញាជិះម៉ូតូដេញ វាយប្លន់ យកម៉ូតូ ពីជនរងគ្រោះជាច្រើនករណី ។ កម្លាំងនគរបាល ធ្វើការសាកសួរក្រុមក្មេងស្ទាវខាងលើរួច កម្លាំងជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ដកណ្ដាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានធ្វើការឃាត់ខ្លួន ក្រុមក្មេងស្ទាវ៦នាក់ ជាមុខសញ្ញាជិះម៉ូតូ ដេញវាយគប់ និងប្លន់យកម៉ូតូយ៉ាងសកម្ម នាពេលយប់ ខណៈដែលនគរបាល ធ្វើការចុះល្បាត ក្នុងភូមិសាស្រ្ដក្រុងតាខ្មៅ ។ ករណីខាងលើនេះ ធ្វើឡើងនៅម៉ោង១និង២០នាទី រំលងអធ្រាត្រថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចរង្វង់មូលតាខ្មៅ (លោកតាម៉ៅ) ទល់មុខសាលាដំបូងខេត្តកណ្តាល ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

មន្រ្ដីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានឲ្យដឹងថា ក្រុមក្មេងស្ទាវ ដែលធ្វើការឃាត់ខ្លួន មានគ្នា៦នាក់ ទី១.ឈ្មោះ ផន ឆៃរ៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាងដែក ទី២.ឈ្មោះ ហៀង មនោ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបររត់តុការ ។ ជនសង្ស័យទី១និងទី២មានទីលំនៅភូមិក្របៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី៣.ឈ្មោះ អន ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់តុការ ទី៤.ឈ្មោះ វណ្ណ ឌី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងផ្សារ ទី៥.ឈ្មោះ ម៉ាក វិដន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ រត់តុការ ។ ជនសង្ស័យទី៣ ទី៤និងទី៥ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ និងទី៦.ឈ្មោះ ផាង ប៊ុណ្ណា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ រត់តុការ មានទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកម៉ូតូ ដែលសមត្ថកិច្ចដកហូត បានមានចំនួន៣គ្រឿង ១.ម៉ូតូម៉ាកសេហុងដាឌ្រីម ធុន១២៥ ពណ៌ទឹកមាស ផលិតឆ្នាំ២០១៧ ឡើងស៊េរី២០១៩ គ្មានស្លាកលេខ ,២.ម៉ូតូម៉ាកស៊ុយហ្ស៊ូគីឡែត ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ កណ្តាល 1V-5277 និង៣.ម៉ូតូម៉ាកសេហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៦ ឡើងស៊េរី ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1T-5932 ។ មុននឹងឈានធ្វើការឃាត់ខ្លួន ក្រុមក្មេងស្ទាវ៦នាក់ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការចុះល្បាត ក្នុងភូមិសាស្រ្ដក្រុងតាខ្មៅ ដើម្បីការពារថែរក្សា សន្ដិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ លុះមកដល់កន្លែងកើតហេតុ វេលាម៉ោងប្រមាណ១រំលងអធ្រាត្រ កម្លាំងនគរបាល បានជួបក្រុមក្មេងស្ទាវ៦នាក់នោះ មានម៉ូតូ៣គ្រឿង ឈប់នៅមុខសាលាដំបូងខេត្ដកណ្ដាល ដោយមានការសង្ស័យ កម្លាំងនគរបាល ក៏បានធ្វើការសាកសួរ ។
ជាលទ្ធផល ក្រុមជនសង្ស័យទាំង៦នាក់ បានសារភាពប្រាប់ សមត្ថកិច្ចថា នៅដើមឆ្នាំ២០១៩ ក្រុមជនសង្ស័យឈ្មោះ ចាន់ វណ្ណឌី ,ឈ្មោះ ផាន ប៊ុណ្ណា ,ឈ្មោះ ផន ឆៃរ៉ាត់ ,ឈ្មោះ ម៉ាក វិដន ,ឈ្មោះ ហៀង មនោ ទាំង៥នាក់នេះ បានធ្វើសកម្មភាព ជិះម៉ូតូដេញវាយ ជនរងគ្រោះ យកម៉ូតូបានចំនួន៣លើក មកហើយ ៖ លើកទី១- នៅចំណុចជញ្ជីងថ្លឹងរថយន្ដ ជិតទីរួមខេត្តតាកែវ ពួកគេបានជិះម៉ូតូចំនួន ៣គ្រឿង ប្រដាប់ដោយដាវ បានធ្វើសកម្មភាព ដេញវាយជនរងគ្រោះម្នាក់ ដែលជិះម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានសម្រេច បន្ទាប់មកឈ្មោះ ផន ឆៃរ៉ាត់ ,ឈ្មោះ ម៉ាក វិដន,ឈ្មោះ ចាន់ វណ្ណឌី ជិះយកទៅលក់នៅផ្សារឃ្លាំងរំសេវ បានទឹកប្រាក់ចំនួន ៦០០ដុល្លារ ។ លើកទី២-នៅចំណុចហួសផ្សារសំរោងយោង ខេត្តតាកែវ ពួកគេបានជិះម៉ូតូចំនួន៣គ្រឿង ប្រដាប់ដោយដាវ បានធ្វើសកម្មភាព ដេញវាយនារីរងគ្រោះ៣នាក់ ដែលជិះម៉ូតូឌុបគ្នា ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានសម្រេច យកទៅលក់បានទឹកប្រាក់ចំនួន ៥០០ដុល្លារ ។ លើកទី៣- នៅចំណុចជិតវត្តចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឈ្មោះទាំង ៥នាក់ខាងលើ និង ពួកស្វាយរលំ ចំនួន៥នាក់ (ទាំងអស់ចំនួន១០នាក់) ពួកគេបានជិះម៉ូតូចំនួន៥គ្រឿង បានធ្វើសកម្មភាព ដេញវាយជនរងគ្រោះ៣នាក់ ដែលជិះម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានសម្រេច ពួកយកទៅលក់នៅជិតស្ពាន ៧មករា បានទឹកប្រាក់ចំនួន ៤៥០ដុល្លារ ។
បន្ទាប់ពីសមត្ថកិច្ចជំនាញ ធ្វើការសាកសួរ ក្រុមក្មេងស្ទាវរួច កម្លាំងជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ដកណ្ដាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង