ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីថៃនាំគ្នាដើរប្រមូលទឹកអម្រឹតទូទាំងប្រទេសសម្រាប់ស្រង់ព្រះកាយស្តេចថៃនៅថ្ងៃឡើងគ្រងរាជ្យសម្បត្តិនាខែក្រោយនេះ

118

ប្រទេសថៃ៖ ប្រទេសថៃបានចាប់ផ្តើមពិធីបុណ្យតាមសាសនាកាលពីថ្ងៃសៅរ៍សម្រាប់ពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រ មហា វិជ្ជរ៉ាឡុងកន នៅខែក្រោយនេះ ខណៈក្រុមមន្រ្តីនាំគ្នាដងទឹកអម្រឹតនៅក្នុងពិធីនានានៅទូទាំងប្រទេសសម្រាប់ប្រើប្រាស់ក្នុងពិធីស្រង់ព្រះកាយរបស់ព្រះមហាក្សត្រ។

    ពិធីគ្រងរាជសម្បត្តិដ៏ខ្ពង់ខ្ពស់សម្រាប់ព្រះមហាក្សត្រវិជ្ជរ៉ាឡុងកននឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែឧសភានៅទីក្រុងបាងកក ជាមួយពិធីបុណ្យបែបព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនាជាច្រើននឹងត្រូវធ្វើឡើងក្នុងខែណាមួយ មុនពេលព្រឹត្តិការណ៍ធំចាប់ផ្តើម។

   ស្តេចវិជ្ជរ៉ាឡុងកនព្រះជន្ម៦៦វស្សាបានក្លាយជាព្រះមហាក្សត្រតាមរដ្ឋធម្មនុញ្ញនៃប្រទេសថៃ បន្ទាប់ពីការសោយទិវង្គតរបស់ព្រះបិតាទ្រង់ ព្រះចៅភូមិបុលអាឌុលយ៉ាដេត ក្នុងឆ្នាំ ២០១៦ បន្ទាប់ពីព្រះអង្គបានឡើងគ្រងរាជ្យសម្បត្តិរយៈពេល ៧០ ឆ្នាំ។

   ពិធីឡើងសោយរាជ្យរបស់ព្រះអង្គត្រូវបានពន្យារពេលរហូតដល់ក្រោយពេលកាន់ទុក្ខសម្រាប់ព្រះចៅភូមិបុល ដែលត្រូវបានបូជាកាលពីខែតុលាឆ្នាំ ២០១៧។

  ទឹកអម្រឹត ដែលបានដងបានកាលពីថ្ងៃសៅរ៍ នឹងត្រូវប្រើសម្រាប់សម្អាតព្រះកាយព្រះមហាក្សត្រក្នុងពិធីលាងបន្សុទ្ធ និង ពិធីស្រង់ព្រះកាយជាមួយប្រេងធម្មជាតិនៅថ្ងៃទី ៤ ខែឧសភា នៅមុនពិធីគ្រងរាជ្យសម្បត្តិ។

   ការប្រើប្រាស់ទឹកអម្រឹតគឺផ្អែកលើប្រពៃណីព្រាហ្មញ្ញសាសនា ដែលមានតាំងពីពិធីឡើងសោយរាជ្យសម្បត្តិក្នុងសតវត្សរ៍ទី ១៨ មកម៉្លេះ ចាប់តាំងពីការបង្កើតរជ្ជកាលចក្រី។

  ថ្ងៃសៅរ៍គឺជាទិវាចក្រីនៅក្នុងប្រទេសថៃ ដែលជាការចាប់ផ្តើមនៃរជ្ជកាលនេះផ្ទាល់។ ស្ដេចវិជ្ជរ៉ាឡុងកនមានគោរម្យងារថា ស្តេចរាមាទី១០ ឬ ស្ដេចទី ១០ នៃរជ្ជកាលចក្រី។

  ទឹកអម្រឹតត្រូវបានប្រមូលមកក្នុងពេលដំណាលគ្នានៅចន្លោះម៉ោង ១១:៥២នាទីព្រឹកដល់ម៉ោង ១២និង៣៨ថ្ងៃត្រង់ថ្ងៃសៅរ៍ ដែលជាអំឡុងពេលមួយ ត្រូវបានគេចាត់ទុកថាស័ក្តិសិទ្ធបំផុតក្នុងក្បួនហោរាសាស្ត្រថៃ។ ទឹកអម្រឹតនេះត្រូវបានដងយកមកដោយក្រុមមន្ត្រីជាន់ខ្ពស់ ពីប្រភពទឹកជាង១០០កន្លែងនៅទូទាំងខេត្តទាំង ៧៦ របស់ថៃ។

ទឹកអម្រឹតនឹងត្រូវរក្សាទុកនៅក្នុងថូបុរាណនិងត្រូវប្រសិទ្ធពរជ័យក្នុងពិធីបែបពុទ្ធសាសនានៅវត្តធំៗនៅជុំវិញប្រទេសនៅថ្ងៃទី ៨ ដល់ ៩ មេសា មុនពេលចាក់បញ្ចូលគ្នានៅក្នុងពិធីឧទ្ទិសមួយផ្សេងទៀតនៅវត្តស៊ូថាត់ ដែលជាវត្តចាស់បំផុតមួយនៅទីក្រុងបាងកក នៅថ្ងៃទី ១៨ មេសា៕

អត្ថបទដែលជាប់ទាក់ទង