ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ មិនហាមចំពោះការធ្វើសង្ក្រាន្តនោះទេ តែមិនគួរនឹងធ្វើសង្ក្រាន្តនៅលើប្រឡាយបឹងត្របែក ដោយវានឹងបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស

132


ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ មិនហាមចំពោះការធ្វើសង្ក្រាន្តនោះទេ តែមិនគួរនឹងធ្វើសង្ក្រាន្ត នៅលើប្រឡាយបឹងត្របែកនោះទេ ដោយវានឹងបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សបាន ។
ការបញ្ជាក់បែបនេះគឺក្រោយពីក្រុមយុវជនរៀបចំធ្វើចង្ក្រានមួយនៅលើប្រឡាយបឹងត្របែក ដោយមិនមានច្បាប់អនុញ្ញាត ពីរដ្ឋបាលរាជធានីភ្នំពេញ ហើយត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការហាមឃាត់និងរុះរើចេញ ជាបន្ទាន់ជៀសវាងមានគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋដែលចូលរួមនៅក្នុងសង្ក្រាន្ត នោះ។

បើតាមការផ្សាយរបស់អង្គការខុមហ្វ្រែល នៅយប់ថ្ងៃទី ០៦ខែមេសា បានបញ្ជាក់ថា អាជ្ញាធរបានហាមឃាត់ និងរុះរើទីតាំងរៀបចំសង្ក្រាន្តឆ្នាំថ្មី របស់យុវជនយុវនារីក្នុងការកាយសំអាតប្រឡាយទឹកស្អុយបឹងត្របែក ដោយមិនមានច្បាប់អនុញ្ញាត្តពីរដ្ឋបាលរាជធានី។ តាមគម្រោងសង្ក្រាន្តឆ្នាំថ្មី ត្រូវរៀបចំនៅលើប្រឡាយលូបឹងត្របែកចាប់ផ្តើមពីម៉ោង៣ រសៀល ដល់ម៉ោង៩យប់។

លោក សាន ដារាវីត ជាអ្នកផ្តួចផ្តើមរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅលើ ប្រឡាយទឹកស្អុយបឹងត្របែកនេះ ។

តាមរយៈផេកហ្វេសប៊ុក Luon Sovath នៅយប់ថ្ងៃទី៦ខែមេសានេះ ព្រះតេជគុណ លូន សាវ៉ាត បានមានសង្ឃដីកាថា ការនាំគ្នាធ្វើកម្មវិធីបុណ្យអបអរសាទរឆ្នាំថ្មី សង្ក្រានឆ្នាំថ្មី នៅក្បែរ និងនៅលើលូទឹកស្អុយបឹងត្របែក ក្នុងគោលបំណង ដើម្បីទាក់ទាញ ចំណាប់អារម្មណ៍មហាជន ឲ្យចូលរួមថែរក្សាបរិស្ថានល្អ អនាម័យល្អ ដើម្បីថែរក្សាប្រពៃណី វប្បធម៌ជាតិ បុណ្យចូលឆ្នាំថ្មីផង តែត្រូវបានអាជ្ញាធរខណ្ឌចំការមន ក្រុងភ្នំពេញ ចុះទៅហាមឃាត់ ទប់ស្កាត់ និងចុះរុះរើរោងកម្មវិធីបុណ្យចោលជាបន្ទាន់ ក្រោមហេតុផលថា គ្មានច្បាប់អនុញ្ញាត ។ តើកម្មវិធីបុណ្យអបអសាទរចូលឆ្នាំថ្មី គេតម្រូវឲ្យសុំច្បាប់អាជ្ញាធរ ទើបអាចនាំគ្នា ធ្វើបុណ្យចូលឆ្នាំថ្មី កើតមែន ?។

ចំពោះបញ្ហានេះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកម៉េត មាសភក្តីបានបញ្ជាក់ថា ការហាមមិនឲ្យធ្វើសង្ក្រាមនៅលើប្រឡាយ បឹងត្របែកមានមូលហេតុច្រើនយ៉ាងដែលមិនត្រូវឲ្យធ្វើនៅលើប្រឡាយនេះ។

ទី១ ការធ្វើនៅលើប្រឡាយបឹងត្របែកជារឿងមួយ ដែលមិនគួរឲ្យ មានការប្រារព្ធ ពិធីនៅលើប្រឡាយនោះទេ បើសិនមនុស្សដែលចូលរួម ហើយរងគ្រោះថ្នាក់ដោយសារ ការធ្លាក់ចូលទៅក្នុងប្រឡាយលង់ស្លាប់
តើនរណាជាអ្នកទទួលខុសត្រូវលើបញ្ហានេះ ។
រដ្ឋបាលរាជធានីមិនដែលហាមប្រាម ហាមឃាត់ ប្រជាពលរដ្ឋក៏ដូចជាសង្គមស៊ីវិល ក្នុងការសម្អាតបរិស្ថាន បោសសម្អាតសំរាមនោះទេ។ តែទីតាំងលើប្រឡាយបឹងត្របែក ជាទីតាំងមិនគួរឲ្យប្រារព្ធពិធីនោះទេ។ រដ្ឋបាលរាជធានីភ្នំពេញ អាចឲ្យប្រជាពលរដ្ឋក៏ដូចជាសង្គមស៊ីវិល ធ្វើសង្ក្រានបែបនេះ បាននៅទីកន្លែងសមរម្យមួយ ហើយសុំច្បាប់អនុញ្ញាតិពីរដ្ឋបាលរាជធានី ដើម្បីអប់រំណែនាំ ប្រជាពលរដ្ឋឲ្យចូលរួម ក្នុងការសំអាតក៏ដូចជា ថែរក្សាបរិស្ថានទាំងអស់គ្នា មិនគួរនឹងធ្វើនៅលើប្រល័យបែបនេះនោះទេ។

ពាក់ព័ន្ធករណីដែលអាជ្ញាធរចូររករឿងនិងហាមឃាត់ មិនឲ្យយុវជនមួយ ក្រុមរៀបចំកម្មវិធី សង្ក្រានយុវជននៅលើលូទឹកស្អុយ ក្នុងសង្កាត់ផ្សារដើមថ្កូវនោះ ត្រូវបានមន្ត្រីអាជ្ញាធរមូលដ្ឋានលើកឡើងថា អាជ្ញាធរមិន បានប្រឆាំង ជាមួយនឹងយុវជន ដែលមានបំណងចង់ធ្វើអនាម័យបរិស្ថាននោះទេ តែសុំធ្វើអ្វីទៅតាមច្បាប់ ហើយមិនត្រូវ ធ្វើនៅលើប្រឡាយលួបែបនេះទេ ហើយបើយើងចង់ធ្វើត្រូវដោយ មានចលនាចូលរួម និងត្រូវសុំច្បាប់ពី អាជ្ញាធរឲ្យបានត្រឹមត្រូវ។

អាជ្ញាធរបានលើកឡើងថា យុវជនគួរតែធ្វើពិធីនេះ នៅតាមសាលារៀន ឬក៏ ទីវត្តអារាម ប្រសើរជាង ធ្វើលើប្រឡាយ ដែលអាចប្រឈម នឹងគ្រោះថ្នាក់ធ្លាក់ចូលក្នុងទឹកប្រឡាយ សម្រាប់អ្នកដែលចូលរួមទៅលេងកម្សាន្ត ហើយម្យ៉ាងទៀត ការហៅក្មេងៗយុវជនចូលរួមកាយសំរាម បែបនេះវាមិនមិនមានប្រសិទ្ធភាពនោះទេ ព្រោះដោយសារតែការ កាយនោះប្រើដោយដៃ ម្យ៉ាងទៀត មន្ទីរសាធារណការ និងសាលារាជធានីភ្នំពេញ បានធ្វើរួចហើយដោយប្រើសុទ្ធតែគ្រឿងចក្រ និងបើយុវជនចង់ចូលរួមក្នុងព្រឹត្តិការណ៍សង្ក្រាន អញ្ជើញទៅចូលរួម សង្ក្រាន្តវត្តភ្នំ នៅឆ្នាំនេះ។ សង្ក្រាន្តវត្តភ្នំ បានរៀបចំរួចរាល់ស្រេចបាច់ អស់ហើយ ដែលអាជ្ញាធររាជធានីភ្នំពេញ ជាអ្នករៀបចំ ។ អ្នកដឹកនាំយុវជន មិនមែនដឹកនាំយុវជន សង្ក្រានធ្វើ នៅលើ លើគំនរសំរាម លើលូស្អុយបែបនេះទេ បើយុវជនស្នេហាជាតិយុវជនស្រឡាញ់ជាតិ ចូលរួមសំអាតអនាម័យបរិស្ថានត្រូវធ្វើជាមួយអាជ្ញាធរ មូលដ្ឋាននិងអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាមន្ទីរសាធារណៈការ ដែលបំពាក់សុទ្ធតែគ្រឿងចក្រ ។ តើយុវជនត្រូវធ្វើអ្វីៗតែចិត្តឯង តែមួយជនខិលខូច។
សង្ក្រាន្តក្នុងឱកាសចូលឆ្នាំថ្មីនេះ តាមស្ថាប័នរដ្ឋឯកជនក្រុមហ៊ុននានាក៏គេធ្វើដែរ ប៉ុន្តែគេធ្វើនៅតាមទីកន្លែង ដោយសមរម្យដូចជាសាលារៀន ដែលឲ្យមានការសុំច្បាប់ អនុញ្ញាតពីអាជ្ញាធរ ត្រឹមត្រូវ ទើបគេធ្វើឡើងដោយ យ៉ាងសប្បាយរីករាយ ដែលខុសពីយុវជនមួយក្រុម ដែលធ្វើតាមតែអំពើ ចិត្តឯងនឹកឃើញ ដោយមិនមានការសុំច្បាប់ទៅអាជ្ញាធរមូលដ្ឋាន ហើយម្យ៉ាងទៀតធ្វើនៅលើប្រឡាយទឹកស្អុយទៀត ដែលអាចបង្កគ្រោះថ្នាក់ ដល់អ្នកចូលរួមធ្លាក់ចូលក្នុងទឹកស្អុយ បង្កជាគ្រោះថ្នាក់ក៏អាចថាបាន ដូច្នេះអាជ្ញាធរស្នើសុំ ឲ្យយុវជនធ្វើអ្វីទៅតាមច្បាប់ទំនៀមទំលាប់ នោះអាជ្ញាធរនឹងអនុញ្ញាតឲ្យធ្វើហើយ។

ដូច្នេះបើបងប្អូនយុវជនចង់ធ្វើសង្ក្រាន្ត ឬក៏អនាម័យបរិស្ថាន សូមចូលរួមជាមួយអាជ្ញាធររាជធានីភ្នំពេញ កុំទៅធ្វើអ្វីតែចិត្តឯងដែល ជារឿងមិនសមរម្យ អាប់ឱនដល់យុវជនដែលចូលរួម។ ហើយម្យ៉ាងទៀតក៏មានការលើកឡើងផងដែរ ថាតើក្រុមធ្វើបែបនេះតើត្រឹមត្រូវដែរឬទេ ជាពិសេសសូមឲ្យយុវជនដទៃទៀត សូមពិចារណាថាតើយុវជនមួយក្រុមនេះ ធ្វើត្រឹមត្រូវដែរឬទេ ចោទអាជ្ញាធរថារារាំង ឬបង្ក្រាបមិនឲ្យធ្វើ។ អាជ្ញាធរមិនដែលរារាំង ឲ្យតែយុវជនបម្រើផលប្រយោជន៍ដល់សាធារណៈ លើកលេងតែបម្រើផលប្រយោជន៍បុគ្គលមួយ ឬក៏ក្រុមមួយតែប៉ុណ្ណោះ អាចបំផ្លាញចលនារបស់អាជ្ញាធរតែប៉ុណ្ណោះ និងសូមឲ្យយុវជន ចូលរួមជាមួយរដ្ឋបាលសាលាខណ្ឌ អាជ្ញាធរមូលដ្ឋាន រដ្ឋបាលរាជធានីភ្នំពេញ ចូលរួមសំអាតអនាម័យបរិស្ថាន វាប្រសើរជាងក្រុមយុវជន ដែលត្រូវធ្វើអ្វីដែលខុសច្បាប់ តាមអំពើចិត្តខ្លួនឯងនឹកឃើញ។

ចំណែកតម្លៃសង្គមមួយចំនួនបានលើកឡើងថា ខ្វះអ្វីកន្លែងគេបើកអោយ ធ្វើជាច្រើន មានតាមសាលាជាដើម ម្តេចមិនចូលរួមជាមួយគេ គោលបំណងល្អហើយ ដែលចង់សំអាតទីក្រុង តែបើកសុខៗទៅធ្វើខុសទំនងចឹង មិនអោយគេទៅបញ្ឈប់ទើបចំឡែក បើកាលណាធ្វើអត់មានការសុំត្រឹមត្រូវ ឬមានការអនុញ្ញាត់នោះ វាទៅជាទង្វើអាណាធិបតេយ្យ វាអាចមានគ្រោះថ្នាក់ផ្សេងៗជាដើម កន្លែងនឹងគួរពិចារណាមើល សូម្បីនៅតាមសាលាគេខ្លាចមានករណី វាយតបគ្នា គេមានកម្លាំងប្រចាំការចាំជួយមើល មិនតែប៉ុណ្ណោះមានទាំង ក្រុមសង្គ្រោះបន្ទាន់ផងចាំជួយ ក្នុងករណីកើតបញ្ហាណាមួយដែលមើលមិនឃើញ ចុះក្រុមនេះម្តេចចេញមកទទេបែបនឹង កុំខឹងគេដែលគេហាមឃាត់ ព្រោះយើងធ្វើខ្វះការពិចារណាវែងឆ្ងាយបែបនេះ ។

យុវជនក្នុងបណ្ដាញសង្គម facebook បានបន្ថែមថា មួយរយៈនេះសូម កោតសរសើរយុវជនមួយ ក្រុមដែលយកចិត្តទុកដាក់ ចំពោះបញ្ហាអនាម័យនិងបរិស្ថាន សុខចិត្តលះបង់ពេលវេលាដើម្បីជួយ ដល់សង្គមដូចជាការចូល រួមស្តារសំរាមក្នុងប្រឡាយ ជាដើម តែសូមបញ្ចេញទស្សនផ្ទាល់ខ្លួនបន្តិច ចំពោះការយកទីតាំងប្រឡាយខាង លើដើម្បីប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មី ព្រោះទីតាំងខាងលើវាមិនមាន សុវត្ថិភាពទាល់តែសោះ។ ខ្វះអ្វីកន្លែងគេបើកអោយធ្វើជាច្រើន មានតាមវិទ្យាល័យ ទីសារធារណៈរបស់រដ្ឋ មានទាំងនៅរមណីដ្ឋានផ្សេងៗ ម្តេចមិនចូលរួមជាមួយគេ គោលបំណងល្អហើយ ដែលចង់សំអាតទីក្រុង តែបើកសុខៗទៅធ្វើខុសទំនងចឹង មិនអោយគេទៅបញ្ឈប់ទើបចំឡែក។ បើកាលណាធ្វើអត់មានការសុំត្រឹមត្រូវ ឬមានការអនុញ្ញាតនោះ វាទៅជាទង្វើអាណាធិបតេយ្យ វាអាចមានគ្រោះថ្នាក់ផ្សេងៗជាដើម កន្លែងនឹងគួរពិចារណាមើល សូម្បីនៅតាមសាលាគេខ្លាចមានករណី វាយតបគ្នា គេមានកម្លាំងប្រចាំការចាំជួយមើល មិនតែប៉ុណ្ណោះមានទាំង ក្រុមសង្គ្រោះបន្ទាន់ផងចាំជួយ ក្នុងករណីកើតបញ្ហាណាមួយដែលមើលមិនឃើញ ចុះក្រុមនេះម្តេចចេញមក ខុសគេបែបនឹងចឹង។ កុំខឹងគេដែលគេហាមឃាត់ ព្រោះយើងធ្វើខ្វះការពិចារណា វែងឆ្ងាយបែបនេះ៕

អត្ថបទដែលជាប់ទាក់ទង